សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨

1081
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖

*​ព្រះមហាក្សត្រ​ស្តេចយាង​បើក​សម័យប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤


​ព្រឹទ្ធសភា នីតិកាល​ទី​៤ បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា នេះ ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​លើកដំបូង​នៃ​ព្រឹទ្ធសភា នឹងមាន​ការជ្រើសរើស​ប្រធាន អនុប្រធាន​ទីមួយ និង​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​។ ជា​លទ្ធផល សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ត្រូវបាន​សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា ទាំង​៦២​រូប បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ដើម្បី​ដឹកនាំ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ជា​បន្តទៀត ដោយ​សំឡេង ៦២​សំឡេង​លើ​៦២​សំឡេង​។ ចំណែក​លោក នៃ ប៉េ​ណា ជាប់​ជា​អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា ដោយ​សំឡេង​បោះឆ្នោត​គាំទ្រ​៦២​សំឡេង​លើ​៦២​សំឡេង​។ រីឯ​លោក ទេព ង​ន ជាប់​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា ដោយ​សំឡេង​បោះឆ្នោត​គាំទ្រ​៦២​សំឡេង​លើ​៦២​សំឡេង​៕

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សណ្ឋាគារ​ដឹ​រ៉ូយ៉ាល់​សេន កោះរ៉ុង នៅ​ខេត្ត​ព្រះសីហនុ​


​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដឹ រ៉ូយ៉ាល់​សេន កោះរ៉ុង (The Royal Sand Koh Rong) ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្រោម​ការវិនិយោគ​រួមគ្នា របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ជាមួយនឹង​វិនិយោគិន មកពី​ប្រទេស​ស្វី​ស​។​
​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឲ្យ​ធ្វើការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាជន និង​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់​ចប់​ដែល​កន្លងមក​មាន ១.២២១ ក្បាលដី ដែល​បានរៀបចំ​តែ​បានប្រគល់​សម្រាប់ ៦៣៧ ក្បាលដី ដែលមាន​ទំហំ ៦២៥ ហិកតា ពាក់ព័ន្ធ​នឹង​ប្រជាជន​ចំនួន ២៩៤ គ្រួសា រ​រស់នៅ​អចិន្ត្រៃយ៍​លើ​កោះ​នេះ ។ ប៉ុន្តែ​នៅសល់ ៥៨៤ ក្បាលដី​ទៀត​មិនទាន់​បានចេញ​ឲ្យ​ដោយសារតែ​នៅមាន​ទំនាស់ និង ភាពមិនច្បាស់លាស់ ។ លើសពីនេះ​ទៀត សម្ដេច​ក៏បាន​ប្រកាស ឲ្យ​ដកហូត​កោះ​ចំនួន ៣០ ដែល​គេ​បំផើម​ចោល​ត្រឡប់មកវិញ​៕

*​អាជ្ញាធរ​ចាប់ផ្ដើម​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ​ឡើងវិញ​

នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ២០១៨ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ច្បារអំពៅ ឡើងវិញ ក្រោម​វត្តមាន​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ។​
​គួរ​បញ្ជាក់ថា​ផ្សារ ច្បារអំពៅ រាប់រយ តូប ត្រូវបាន អគ្គិភ័យ លេប ត្របាក់ ទាំងស្រុង ដែលមាន រយៈពេល ជាង ១០ ម៉ោង ទើប គ្រោះ ចង្រៃ មួយ នេះ ត្រូវបាន រលត់ ទាំងស្រុង ។ អគ្គិភ័យ ចាប់ផ្ដើម ឆេះ នៅ ម៉ោងជាង​១០​យប់ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ ហើយ ម៉ោង ៣ រសៀល ថ្ងៃទី ១៦ ខែមីនា ទើប អគ្គិភ័យ នេះ រលត់ ទាំងស្រុង​។​ក្រុមអាជីវករ សម្តែង ការសោកស្ដាយ​ជា​ពន់ពេក ដែល អ្នកខ្លះ ថែមទាំង ស្រែកយំ ថែមទៀត ផង ៕

*​នាយទាហានជាន់ខ្ពស់ : កងកម្លាំង​កុំ​ធ្វើខ្លួន​ជា​ឧបករណ៍​បម្រើ​មហិច្ឆតា​របស់​អ្នកនយោបាយ​ដើម្បី​ដណ្តើម​អំណាច​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​បាន​រំលឹកថា សូម​កងកម្លាំង​កុំ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​ឧបករណ៍​បម្រើ​មហិច្ឆតា​នយោបាយ​របស់​អ្នកនយោបាយ ដើម្បី​ដណ្តើម​អំណាច​។​
​លោក​បាន​បន្ថែមថា គណបក្សប្រឆាំង​បាន​ប្រើ​មធ្យោបាយ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​ឡើង​បះបោរ ប្រឆាំងនឹង​រដ្ឋាភិបាល​អូសទាញ​កម្លាំងប្រដាប់អាវុធ ឲ្យ​ចូលក្នុង​ចលនា​ប្រឆាំង​រាជរដ្ឋាភិបាល​។ ការធ្វើ​នយោបាយ​បែបនេះ គឺ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គមជាតិ​ទាំងមូល ដែល​អាច​នាំអោយមាន​ស​ង្គ្រា​ម​ផ្ទៃក្នុង​៕

*​សាលាឧទ្ធរណ៍​បើកសវនាការ​បី​ថ្ងៃ​ជាប់​គ្នា​រឿងក្តី​លោកមា​ជ​សុវណ្ណារ៉ា​និង​បក្ខពួក​

​រឿងក្តី​លោកមា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​ចំនួន​១០​នាក់​ផ្សេងទៀត​ត្រូវ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​បី​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សាលាឧទ្ធរណ៍ ៕

*​គំនរ​សំរាម​តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ផ្សារ​ថ្នល់ទទឹង​ដល់​ទឹកដី​ក្រុង​ច្បារមន​សង្ស័យ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ដាក់តាំង​ពិ​ព័រ​ឆ្នាំ​ថ្មី​

​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​ចាប់ពី​ចំណុច​ផ្សារ​ថ្នល់ទទឹង ព្រំប្រទល់​ខេត្តកណ្តាល​ជាប់​ជាមួយ​ទឹកដី​ស្រុក​សំរោង​ទង រហូតដល់​ទឹកដី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ គេ​ឃើញ​មាន​គំនរ​សំរាម រាយប៉ាយ​យ៉ាង​ស្អេកស្កះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សឹងតែ​ដូច​កូនភ្នំ​ទៅហើយ ដែល​សភាព ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកធ្វើដំណើរ​តាមផ្លូវ​នេះ លើកឡើងថា សង្ស័យ​អា​ជាធរ​ស្រុក​សំរោង និង​ខេត្តកំពង់ស្ពឺ ទុក​សម្រាប់​ដាក់តាំង​ពិព័រណ៍​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា ពេល​ឆ្លងកាត់​ទៅ​កម្សាន្ត​នៅ​រមណីយ៍ដ្ឋាន​ខេត្ត​ព្រះសីហនុ​ហើយ​មើលទៅ​៕

*​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ពីថ្ងៃ​ទី​២២ ខែមេសា​ដល់ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨

​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៣ ខែមេសា នេះ បានចេញ​សេចក្ដីជូនដំណឹង ពី​ការកំណត់ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​។​
​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ គឺ ប្រេងសាំង​ធម្មតា​មានតម្លៃ​៤,០០០​រៀល​/​លីត្រ និង​ប្រេងម៉ាស៊ូត​មានតម្លៃ​៣,៨៥០​រៀល​/​លីត្រ​៕