សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨

1133
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​ប្រទេស​សិង្ហ​បុរី​


​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ តាម​ជើងយន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ៕

*​នាយករដ្ឋមន្ត្រី​ស្តីទី​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្លាស់ប្តូរ​អភិបាលខេត្ត​ប៉ៃលិន​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា នេះ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ត្រូវបាន​ផ្លាស់ប្តូរ​ដាក់ជំនួស​ដោយ​លោក​ផាន់ ចាន់​ធុល​ដែលជា អភិបាលរង​ខេត្ត​ប៉ែ​លិ​ន​មក​ជំនួស​។ ពិធី​ផ្ទេរតំណែង​នេះ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្តីទី ដោយមាន​ការចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន ៕

*​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ថា នឹង​បន្ត​ជួយ​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​យោធា​កម្ពុជា​​លោក​រដ្ឋមន្ត្រី​

ការពារជាតិ​នៃ​ប្រទេស​ជប៉ុន​បានបញ្ជាក់​ជូន​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះ​ថា ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​យោធា​កម្ពុជា​។ សេចក្តីរាយការណ៍​ពី​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹងថា​កាលពី​ម៉ោង ៣:១០​រសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨​នេះ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោក អ៉ី​ត្យុ​ណូរី អូ​ណូ​ដេ​រ៉ា (Itsunori Omodera) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ជប៉ុន​។​

​ក្នុងជំនួប​នេះ​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ជប៉ុន​ដែល​បាន​បញ្ជូន​កងកម្លាំង​ស្វ័យការពារ​មក​កម្ពុជា​ក្នុង​ក្រប​ខ័​ណ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩១ ដើម្បី​ស្វែងរក​សន្តិភាព​និង​រៀបចំ​ការបោះឆ្នោត​នាពេលនោះ​។ លើសពីនេះ​ជប៉ុន​ក៏បាន​បន្ត​គាំទ្រ​លើ​ផ្នែក​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​យោធា​កម្ពុជា​ជា​បន្តបន្ទាប់​ផងដែរ ៕

*​កូនប្រុស​អតីតមន្ដ្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយរូប ស្នើ​បង្កើត​គណបក្ស​ថ្មី​មួយ​

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី របស់លោក គង់ មុនី​កា ដែលជា​កូនប្រុស​របស់លោក គង់ គាំ បាន​បញ្ជូន​ដល់​ក្រសួងមហាផ្ទៃ​ហើយ ហើយ​ក្រសួង​កំពុង​ពិនិត្យមើល​សំណើ​នេះ ដើម្បី​សម្រេច​តាមច្បាប់ ។ នេះ​បើតាម​ការអះអាង​របស់​លោក ខៀវ សុភ័គ មន្ដ្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ដែល​បាន​អះអាង​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ ។​
​លោក គង់ មុនី​កា ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​នេះ បាន​ឲ្យ​ដឹងថា គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថា​និក​៧​រូប ប៉ុន្តែ​ស្ថា​និ​ប​ទាំងនោះ មិនមែនជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ទេ ៕

*​វិនិយោគ​គិ​ន​ជប៉ុន​បោះទុន​១៨​លាន​ដុល្លារ​សាងសង់​ខុន​ដូ​កំពស់​២៦​ជាន់​

​អ្នកវិនិយោគទុន​វិស័យ​អចលនទ្រព្យ​ជប៉ុន បាន​បណ្តាក់ទុន​ប្រមាណ​១៨​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ខុន​ដូ កម្ពស់​២៦​ជាន់ នៅ​ផ្លូវ​៣៣៤ សង្កាត់​បឹង​កេងកង​១ ដែលជា​តំបន់​មាន​តម្រូវ​ការជួល​ខ្ពស់​។ ខុន​ដូ​នេះ កំពុង​ចាប់ផ្តើម​សាងសង់​ដំណាក់កាល​ដំបូង គឺ​បុកគ្រឹះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ៕

*​ក្រុង​គ្រោង​ដាក់ចេញ​ជា​យន្តការ​កែប្រែ​បឹង​មួយចំនួន​ឱ្យក្លាយ​ជា​បឹង​ធម្មជាតិ និង​សាងសង់​ផ្លូវ​ថ្មើ​ជើង សួនច្បារ​និង​សំណង់​សាធារណៈ​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​លើកឡើងថា រដ្ឋបាល​រាជធានី​នឹងដាក់​ចេញ​ជា​យន្តការ​កែប្រែ​បឹង​មួយចំនួន​ឱ្យក្លាយ​ជា​បឹង​ធម្មជាតិ ការពារ​បណ្តាញ​ប្រឡាយ បណ្តាញ​បង្ហូរទឹក សាង់សង់​ផ្លូវ​ថ្មើ​ជើង សួនច្បារ​និង​សំណង់​សាធារណៈ​នានា រួម​និង​ការរៀបចំ​ចិញ្ចើមផ្លូវ​ដើរ ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ ភ្ជាប់​ជាមួយ​បណ្តាញ​រថយន្តក្រុង​សាធារណៈ ៕

*​រោងចក្រ​ចំនួន​៣​ទៀត នឹង​លេច​រូបរៀង​នៅ​កម្ពុជា ដែល​នឹង​បង្កើត​ការងារ​ជាង​៤​ពាន់​កន្លែង​

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣ គឺ ១. “YILAIFA (CAMBODIA) GARMENT CO.,LTD.” ២. MIMASU INDUSTRIES (CAMBODIA) CO.,LTD.” ៣. “WAM FA LEATHER CO., LTD.” ៕