សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៣ ខែ​ឧសភ ឆ្នាំ​២០១៨

1057
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៣ ខែ​ឧសភ ឆ្នាំ​២០១៨ រួមមាន​

*​សម្តេច​តេ​ជោ ហ៊ុន សែន ជំ​រុញឱ្យ​សារព័ត៌​មាននិយាយ​ការពិត ហ៊ាន​រិះគន់​ដើម្បី​ស្ថាបនា​
​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ជា​ទិវា​សេរីភាព​សារព័ត៌មាន​អន្ដរជាតិ ។ ចំពោះ​ទិវា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ស្វាគមន៍​ចំពោះ ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ។​

​សម្ដេច​តេ​ជោ បាន​កត់សម្គាល់ថា ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក ឆ្នាំ​២០១៨​នេះ បានផ្តល់​សំខាន់​លើ​ប្រធានបទ “​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​នីតិរដ្ឋ​” ដែលមាន​សារសំខាន់​ស្របតាម​តម្រូវការ​ចាំបាច់ របស់​រាជរដ្ឋាភិបាល​​​កម្ពុជា ដែល​ចង់ឱ្យ​ប្រព័ន្ធ​មាន​ថាមពល និង​ប្រកបដោយ​គុណភាព យុត្តិធម៌ និង​ការទទួល​ខុសត្រូវ​ក្នុងការ​ផ្តល់ព័ត៌មាន​ពិត ដែលជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​ការពិត​ជាក់ស្តែង​ក្នុងសង្គម មិន​ឆ្វេង​ពេក មិន​ស្តាំ​ពេក គឺ​ចលនា​កណ្តាល ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​សំខាន់បំផុត គឺ​ហ៊ាន​និយាយ​ការពិត និង​រិះគន់​ក្នុងន័យ​ស្ថាបនា ដើម្បី​ចូលរួម​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ កសាង​សង្គម​មួយ​មាន​យុត្តិធម៌ នីតិរដ្ឋ សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា និង​ជា​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ៕

*​គណបក្សនយោបាយ​ចំនួន​ពីរ រួមគ្នា​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស លោក សម រង្ស៊ី ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​

គណបក្សនយោបាយ​ចំនួន​ពីរ គឺ គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​របស់លោក គង់ មុនី​កា កូនប្រុស​លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង គណបក្ស​មាតុភូមិ​យើង ដែលជា​របស់លោក ច័ន្ទ ប៊ុន​ហន នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា ដោយបាន​ថ្កោលទោស​ចំពោះ លោក​សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​។​

​ការចេញ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ទាំង​២​នេះ បាន​ធ្វើឡើង​បន្ទាប់ពី លោក សម រង្ស៊ី បាន​អំពាវនាវ​ដោយ​យ​ចែកចាយ​ខិ​ត្ត​បណ្ណ ដោយ​អំពាវនាវ​កុំ​ឲ្យ​យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ចុងខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ៕

*​តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បាន​បង្ហាញថា ភោគផល​ស្រូវ​ឆ្នាំនេះ​នឹង​បាន​រហូតដល់​៩៥​ភាគរយ​

តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បានបង្ហាញ​ឲ្យ​ដឹងថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត និង​សណ្ដែក នឹង​ទទួលបាន​ភោគផល​យ៉ាង​ល្អប្រសើរ ដោយ​គោ​ឧសភរាជ​បាន​បរិភោគ​ស្រូវ​ចំនួន​៩៥​ភាគរយ​, ពោត​៩៥​ភាគរយ​, សណ្ដែក​៨០​ភាគរយ​។ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ ៕

*​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ដែល​បាន​យកលុយ​ភាស៊ី​ពី​ម្ចាស់​ម៉ូតូ និង​រថយន្ត​ចត​នៅក្បែរ​វត្តភ្នំ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​ក្រុមហ៊ុន «​ស៊ូ​ណា​ត្រា​» ផ្អាក​ការ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​យក​ម៉ូតូ និង​រថយន្ត​របស់​ពួកគាត់​ចត​លើ​ដងផ្លូវ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ តទៅទៀត​ហើយ​។​
​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះទៅ​ត្រួតពិនិត្យ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​បន្ថែម​នៅ​តំបន់​នោះ ជាពិសេស​ជូនដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​គ្រប់ៗ​គ្នា ៕

*​ជិះ​ម៉ូតូ​ប៉ះគ្នា​បន្តិចបន្តួច​លើកគ្នា​មក​វាយ​ទាល់តែ​ស្លាប់​

​បុរស​ម្នាក់​បាន​ស្លាប់ ក្រោយ​មាន​ជម្លោះ ជាមួយ​ភាគី​ម្ខាង​ទៀត ក្នុងករណី​ជិះ​ម៉ូតូ​ប៉ះពារ​គ្នា បន្តិចបន្តួច ហើយ​ត្រូវគេ​លើកគ្នា​មក​វាយ​ជនរងគ្រោះ​កាលពី​យប់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ ២០១៨​នៅ​ចំណុច​ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​
​សព​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន វិចិត្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជាង​ពិ​ដាន ស្នាក់នៅ​ភូ​និ​ទួល​រកា​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត នៅ​ស្រុង​កងមាស ខេត្តកំពង់ចាម ប្រព​ន្ឋ​សព​មានឈ្មោះ តឿ​ង ឡេ​ន អាយុ ៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ៕

*​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ថ្មពួក បាន​ស្រក​នៅ​ផ្នែក​ខាងលើ តែ​វា​បាន​លិចលង់ នៅ​ផ្នែក​ខាងក្រោម​វិញ​

ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ខ្លះ​នៃ​ស្រុក​ថ្មពួក មកទល់​ថ្ងៃទី​៣ ខែឧសភា នេះ នៅ​តំបន់​ជើងភ្នំ​ដងរែក និង​ខ្ពង់រាប បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ដែលជា​តំបន់​ខាងលើ​ដី​ខ្ពស់ បាន​ស្រក​ចុះបណ្តើរៗ​ហើយ ។ ប៉ុន្តែ​វា​បាន​ហូរ​ធ្លាក់ចុះ មក​បង្ក​លិចលង់ កន្លែង​មួយចំនួន តាម​ដង​ស្ទឺ​ង​ថ្មពួក និង​ស្ទឹង​គោក​រមៀត ៕