សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨

835
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចជា ៖

* រដ្ឋាភិបាល​ចិន​បង្ហាញ​ជំហរ​ជាថ្មី​ក្នុងការ​គាំទ្រ​ដល់​ដំណើរ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​

​រដ្ឋាភិបាល​ចិន​បានបង្ហាញ​ជំហរ​ជាថ្មី​ក្នុងការ​គាំទ្រ​យ៉ាង​ពេញលេញ ដល់​ដំណើរ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ និង​បន្ត​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច នៅ​កម្ពុជា​ជា​បន្តទៅទៀត​។​ ​​នេះ​បើតាម​ការបញ្ជាក់​របស់​លោក Liu Shaobin អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ក្រៅប្រទេស​ក្រសួងការបរទេស​ចិន នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស ៕

*​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត : “​កងទ័ព​មាន​បេសកកម្ម​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ការពារ​បូរណភាព​ទឹកដី​”

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ថ្លែងថា ”​កងទ័ព​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់ មាន​បេសកម្ម​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ជូន​ប្រជាជន​នៅ​គ្រប់​ជំនាន់​”​។ ”​ក្នុងនោះ​មាន​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ដ៏​សំខាន់បំផុត គឺ​ការពារ​សុខសន្តិភាព ការពារ​ស្ថិរភាព​សង្គម និង​សន្តិសុខ​ជាតិ ការពារ​បូរណៈភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ជាតិ​”​។ ការ​ថ្លែង​នេះ​នៅក្នុង​ពិធី​សម្ពោធ​អគារ​ចំនួន​៣​ខ្នង នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ចាម យោធភូមិភាគ​ទី​២ កងយោធពល​ខេមរភូមិន្ទ ក្រោម​ជំនួយ​ឧបត្ថម្ភ ពី​ក្រសួង​ការពារ​ប្រទេស សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៨ ៕

*​គិត​ត្រឹម​រសៀល​នេះ មាន​បក្សនយោបាយ​ប្រាំបួន​បាន​សុំ​ដាក់​ប្រាក់​តម្កល់​នៅ​គ​.​ជ​.​ប​

គិត​ត្រឹម​រសៀល​ថ្ងៃទី​៤ ​ខែឧសភា​នេះ មាន​គណបក្សនយោបាយ​ចំនួន​០៩​ហើយ ដែល​បានមក​ដាក់​ពាក្យសុំ​បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ។ គណបក្ស​ទាំង​ប្រាំបួន​នេះ​ក្នុងនោះ​មានៈ ១. គណបក្ស​ប្រជាជន​កម្ពុជា​,២. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​,៣. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​,៤. គណបក្ស​ខ្មែរ​រួបរួម​ជាតិ​,៥. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​,៦. គណបក្ស​សញ្ជាតិ​កម្ពុជា​,៧. គណបក្ស​យុវជន​កម្ពុជា​,៨. គណបក្ស​ពន្លឺ​ថ្មី និង​៩. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ៕

*​ក្រុមហ៊ុន​បួន​បានទទួល​“​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”,​ក្រោម​ទុនវិនិយោគ​ជាង​១៦​លាន​ដុល្លារ​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​។​នេះ​បើ​យោងតាម​ការបញ្ជាក់ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ម្សិលមិញ​។ ក្រុមហ៊ុន ទាំង​៤​នោះ​រួមមាន ៖ “MASSFLAME ENERGY (CAMBODIA) CO., LTD., HIRO-TECH PRODUCT (CAMBODIA)CO.,LTD., HAITIAN BEVERAGE (CAMBODIA) CO., LTD., SVF FIT (CAMBODIA) CO., LTD. ៕

*​ក្រុងមាន​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​សាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រហូតដល់​ទ្វារ​ទឹក​ប្រឡាយ​ដើម​ស្លែង​ផ្លូវ​លេខ​៣៧១​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ ៕

*​ធ្លាប់​ចូល​មណ្ឌល​និង​ជាប់គុក ៥​ដង ចេញ​មកវិញ​បង្ខាំង​វាយដំ​អតីត​ប្រពន្ធ ត្រូវ​កូនស្រី​រត់​មកប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​

បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់វាយ​ខ្នោះ បន្ទាប់ពី​ជនសង្ស័យ​ចេញពី​គុក​មកវិញ​៥​ខែ ចាប់​អតីត​ប្រពន្ធ​បង្ខាំង ហើយ​ធ្វើ​ការវាយដំ​ជាំ​ពេញ​ខ្លួន និង​យក​ប៊ិក​ចាក់​អតីត​ប្រពន្ធ ហើយ​ត្រូវបាន​កូនស្រី​អាយុ​១២​ឆ្នាំ រត់​មកប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕