សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨

918
ចែករម្លែក

ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​កាកបាទក្រហម​ក​ម្បុ​ជា​ប្រារព្ធ​ទិវា កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា​

​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតីភាព ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើក​ទី​១៥៥ ក្រោម​ប្រធានបទ «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​»​។ សម្រាប់​នៅ​ឆ្នាំ​២០១៨​នេះ កាកបាទក្រហមកម្ពុជា បានទទួល​ការបរិច្ចាគ​ថវិកា ពី​សប្បុរសជន​នានា មាន​ចំនួន​ប្រមាណ​ជាង​១៨​លាន​ដុល្លារ ៕

*​សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​មានការ​ត្រៀម​បង្កា​គ្រោះទឹកជំនន់​នៅ​ឆ្នាំនេះ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រៀប​ទុកជាមុន នូវ​លទ្ធភាព​ដែល​អាច​កើតមាន​នូវ​គ្រោះទឹកជំនន់​ដ៏​ធំ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ត្រូវ​ត្រៀម​ទុកជាមុន​តាមរយៈ​យន្តការ​របស់​រាជរដ្ឋាភិបាល និង​យន្តការ​របស់​កាកបាទ​ក្រហម​កម្ពុជា ៕

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ប្រធាន​ប្រតិបត្តិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​

​នៅ​វិមាន​សន្តិភាព រសៀល​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឈុ​យ សៃ​អន Chui Sai on ប្រធាន​ប្រតិបត្តិ នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​។

​ក្នុងជំនួប​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ លោក Chui Sai on ពិនិត្យមើល​លើ​អ្វីដែល​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ​អាច​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​យើង​ដូចជា​តាមរយៈ​ការវិនិយោគទុន ជំរុញ​ទេសចរណ៍​បន្ថែមទៀត​ម​ក​កម្ពុជា និង​ជំរុញ​ពិនិត្យ​លើ​ការនាំចេញ​អង្ករ​ដ៏​ល្អ​របស់​កម្ពុជា​ទៅ​ទៅនោះ​ផងដែរ​។ លោក Chui Sai on ត្រេកអរ​រីករាយ​យល់ស្រប​នូវ​អ្វីដែល សម្តេច​តេ​ជោ​បានលើកឡើង ហើយ​លោក​នឹង​អនុវត្តន៍​នាពេល​បន្តបន្ទាប់​ខាងមុខនេះ​៕

*​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សុំ​ហាម​ពីរ​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ កាលពី​ថ្ងៃទី​៧ ខែឧសភា បានធ្វើ​លិខិតផ្លូវការ​ពីរ​ដាច់ ដោយឡែក​ពីគ្នា​ទៅកាន់​គណៈ​អភិបាល​រាជធានី ខេត្ត ប្រធាន​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត វីដេអូ​ទាំងអស់ ។ លិខិត​បានស្នើ​នូវ​កិច្ចសហការ​ចាត់វិធានកា​រ និង មាន​បំរាម​លើ​ពីរ​ចំណុច​ដែល​លោក​រដ្ឋមន្ត្រី​ពន្យល់​ធ្វើ​ប៉ះពាល់​ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ​និង​សីលធម៌​សង្គម ។ សូម​អាន​លិខិត​ដូចខាងក្រោម ៖

*​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​ជាង​២០០​នាក់ ដែល​ពុល​ស្រាស និង​ទឹក បាន​ធូរស្រាល​ហើយ​

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ពុល​ស្រា និង​ទឹក ចំនួន​២៩៣​នាក់ ក្នុងនោះ​មាន​ស្រី​១៧១​នាក់ បាន​ធូរស្រាល ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ដែល​ស្ថិត​ក្នុងភូមិ​ស្រែ​នន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ ៕

*​ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ​ស្ពាន​បា​ឡេ​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌឫស្សីកែវ​-​ទៅ​ខណ្ឌ​ជ្រោយចង្វារ​

​ស្ពាន​បា​ឡេ​ថ្មី ឆ្លងកាត់​ទន្លេសាប​ពី​ចំណុចឃ្លាំង​ប្រេង​សូគីម៉ិច ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ ឆ្ពោះ​មកកាន់​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ នេះហើយ ក្រោយពី​បាន ដំណើរការ​សាងសង់​អស់​រយៈពេល​៦​ខែ កន្លងមកនេះ ៕

#