សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨

884
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ មាន​ដូចតទៅ ៖

*​សម្ដេច​តេ​ជោ​បន្ដ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី និង​កាត់​ខ្សែបូ​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត នៅ​ក្រុង​បាវិត​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​មកពី​រោងចក្រ សហគ្រាស​ចំនួន​២៦ នៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្រៅពី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ហើយ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត ឈ្មោះ អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រី ខម​ផ្លេក​ស៍ ស្ថិតនៅក្នុង​ក្រុង​បាវិត​នេះ​ផងដែរ​។​

​ក្នុងឱកាស​នេះដែរ សម្ដេច ក៏​បង្ហាញ​នូវ​មោទនភាព​យុទ្ធសាស្ត្រ​ដែល​សម្តេច​បានដាក់​ចេញ ក្រោយពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្នុងនោះ​គឺ​ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​តំបន់​សង្គ្រាម​ទៅជា​តំបន់​អភិវឌ្ឍន៍ និង​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ ៕

*​សម្ត​ច​ក្រឡាហោម ស ខេង អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​”​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​

​សម្ត​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​” ជំនា​ន់ទី​១២ និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាលជាតិ និង​នាយ​នគរបាល​រង​ដែល​បានជ្រើសរើស​ថ្មី​ចំនួន ៤៦៣​នាក់ សម្រាប់​ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា ។​

​សម្ត​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា “​ប្រសិនបើ​មន្ត្រីនគរបាល​មាន​បរិមាណ​ច្រើន​ហើយ​គ្មាន​គុណភាព ឬ​សមត្ថ​ភាពមិន​គ្រប់គ្រាន់ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ប្រសិទ្ធភាព​ការងារ​មានការ​ធ្លាក់ចុះ​។ ហេតុនេះ​យន្តការ​ពង្រឹងគុណភាព​ត្រូវតែ​បន្តធ្វើ​ជាប្រចាំ​ដើម្បី​ទទួលបាន​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ប្រកបដោយ​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​” ៕

* បុត្រ​ច្បង​សម្ដេច​តេ​ជោ : “​អ្នកនយោបាយ​អគតិ​ខ្លះ​មើលងាយ​លើ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​”

​លោក​ហ៊ុន ម៉ា​ណែ​ត បុត្រ​ច្បង​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ការមើល​ងាយ​លើ​ប្រព័ន្ធ​អប់រំ​ស្រុក​ខ្មែរ មានន័យថា មើលងាយ​ដល់​លោកគ្រូ​អ្នកគ្រូ​។ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​នៅ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ៕

*​អាកាសយានដ្ឋាន​ខេត្តស្ទឹងត្រែង រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​សាងសង់​

​ដ្ឋា​ភិ​បាល​កម្ពុជា​កំពុង​ស្វែងរក​ដៃគូ​ឯកជន ដើម្បី​វិនិយោគ​ឡើងវិញ​នូវ​អាកាសយានដ្ឋាន​ខេត្តស្ទឹងត្រែង ដែល​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក ៕

*​បួន​ខែ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជិត​មួយ​លាន​នាក់​

​មន្ត្រី​ទេសចរណ៍​ខេត្ត​បាន​អះអាងថា​រយៈពេល​បួន​ខែ​ដើម​ឆ្នាំនេះ​(​គិត​ត្រឹម​ខែម​សា​)​ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជិត​មួយ​លាន​នាក់ ។ ជាមួយនេះ​ការភ្ជាប់​ជើងហោះហើរ​ក៏បាន​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ផងដែរ ៕

* ភ្លៀង​និង​ខ្យល់​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​រង​ការខូចខាត​ក្នុង​ខេត្តកំពង់ស្ពឺ​

​រយៈពេល​ពីរ​ថ្ងៃ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​ខ្នង ត្រូវ​របើក​ដំបូល​រង​ការខូចខាត​ធ្ងន់ធ្ងរ​។ គ្រោះធម្មជាតិ​នេះ​បានកើត​ឡើង​នៅ​ភូមិ​ច្រក​ឬ​ស្សី ភូម​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​៧​និ ង​ទី​៨ ខែឧសភា ឆ្នាំ​២០១៨ ៕

*​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រូវពង្រោះ​ដើមរដូវ​វស្សា​ជាង​ពីរពាន់​ហិកតា​នៅ​ឃុំ​បួន​នៃ​ស្រុក​មង្គល​បូរី​

​ស្រូវពង្រោះ​ដើមរដូវ​វស្សា​នៃ​ឃុំ​បួន​នៅ​ស្រុក​មង្គល​បូរី​បាន​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​លិចលង់​។​ក្នុងនោះ​ឈានដល់​ខូចខាត​មួយចំនួន ។ គិត​ត្រឹម​ខែមេសា​កន្លងទៅនេះ​ល្បឿន​បង្កបង្កើនផល​ស្រូវប្រាំង​ដើមរដូវ​វស្សា​និង​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ស្រុក​មង្គល​បូរី កសិករ​សស្រាក់សស្រាំ​បង្កបង្កើនផល​បាន​២៨.០០០​ហិកតា​ស្មើ​៥៨,៣​ភាគរយ​លើ​ផែន ការ​៤៨.០០០​ហិកតា ៕

*​ពលរដ្ឋ​ជាង​១០០​គ្រួសារ នៅ​ភូមិ​បឹង​កា​ឆាង កំពុង​ខ្វះ​បណ្តេញ​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​

​ប្រជាពលរដ្ឋ​ភូមិ​បឹង​កា​ឆាង ជាង​១០០​គ្រួសារ​ដែល​រស់​នៅតាម​ព្រែក​មាត់សមុទ្រ ខេត្តកោះកុង មិនទាន់មាន​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ភូមិឋាន​ឆ្ងាយ​ដាច់​ស្រ​យោល​នៅ​កម្ពុជា​មួយចំនួន​មាន​ភ្លើងអគ្គិសនី និង​ទឹកស្អាត​ប្រើប្រាស់​ស្ទើរតែ​១០០​ភាគរយ​ហើយក៏​ដោយ ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​ឃុំ​ប៉ាក់​ខ្លង​វិញ អះអាងថា ពួកគាត់​ពុំបាន​ប្រ​ងើយ​កន្តើយ​នឹង​សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទេ ដោយ​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​យ៉ាងខ្លាំង ៕