សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨

734
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចជា ៖

*​សេចក្តីព្រាងច្បាប់​ចំនួន​៣​ត្រូវ​ឆ្លង​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​អញ្ជើញ​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិភាក្សា​អនុម័ត​ទៅលើ​ស្ត្រី​ព្រាង​ច្បាប់​ចំនួន ៣ ។ ក្នុងឱកាស​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប​ទៅគ្រប់ ក្រសួង​ស្ថាប័ន​ដែលមាន​សេចក្តីព្រាងច្បាប់​នៅ​សេសសល់ ត្រូវ​ពិនិត្យ​រៀបចំ​ដើម្បី​ដាក់​ឆ្លង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ឱ្យបាន​មុនពេល​បញ្ចប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ៕

*​ក្រសួងពាណិជ្ជកម្ម​ពន្យល់​ពី​ប្រេង​ឡើងថ្លៃ ខណៈ​ពលរដ្ឋ​ព្រួយបារម្ភ​ពី​ការប៉ះពាល់​ដល់​ជីវភាព​

​បន្ទាប់ពី​មានការ​កម្រើក​តម្លៃ​ប្រេងសាំង​កើនឡើង​បន្តបន្ទាប់​មក​នោះ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​អះអាងថា ការប្រែប្រួល​នា​កន្លងមកនេះ ដោយសារតែ​តម្លៃ​ទីផ្សារ​អន្តរជាតិ​កើនឡើង​តែប៉ុណ្ណោះ ៕

*​អភិបាល​រាជធានី ស្នើ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន ដាក់លូ​ប្រអប់​ឲ្យ​បាន​ធំ​ជាង​សព្វថ្ងៃ​

​លោក អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន ដាច់ខាត​ត្រូវ​ដាក់លូ​ប្រអប់​ឲ្យ​បាន​ធំ​នៅពេល​ធ្វើ​ផ្លូវ​ឆ្លងកាត់​ប្រឡាយ​ទួល​ពង្រ​២ មកកាន់​ស្ថាប័ន​និង​ក្រុមហ៊ុន​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ចរន្តទឹក​ស្ទះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ បណ្តាល​ឲ្យ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ៕

*​រាជធានី​ភ្នំពេញ​មាន​កន្លែង​កកស្ទះ​១៨២​គោលដៅ តែ​មន្ត្រី​ថា​ដោះស្រាយ​៥​គោលដៅ​សិន​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ក្នុងការ​ពិនិត្យ​ជាក់ស្តែង នៅ​រាជធានី​ភ្នំពេញ​នាបច្ចុប្បន្ន​មាន ចំណុច​កកស្ទះ​ចរាចរណ៍​ជា​អចិន្ត្រៃយ៍ មាន​ចំនួន​១៨២​គោលដៅ ។ នៅ​ចំពោះមុខ​នេះដែរ ក្រសួង​សាធារណការ និង​ក្រសួងមហាផ្ទៃ កំពុង​រួមគ្នា​ដោះស្រាយ​ចំនួន​៥​គោលដៅ​សិន ដើម្បី​ប​ញ្ច្រៀ​ស​ការកកស្ទះ​ចរាចរណ៍ នាពេល​បច្ចុប្បន្ន ៕

*​ប្តី​កើត​ភ្លើង​ប្រចណ្ឌ​បង្ក​ហិង្សា​លើ​ប្រពន្ធ​របួសធ្ងន់ រួច​យក​ខ្សែភ្លើង​ឆក់​សម្លាប់​ខ្លួនឯង​

​បុរស​ម្នាក់​បាន​យក​ខ្សែភ្លើង​ឆក់​ខ្លួនឯង​សម្លាប់ខ្លួន​ស្លាប់​ភ្លាមៗ ដូច​បំណង បន្ទាប់ពី​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ទៅលើ​ប្រពន្ធ ដោយបាន​បង្ក​ហិង្សា​វាយ​ប្រពន្ធ​រហូត​រងរបួស​ធ្ងន់​សន្លប់​លែង​ដឹងខ្លួន​ ។ ករណីនេះ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​នឹង​៥០​នាទី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ជួល​លេខ​៥​ជាន់​ទី​១ ផ្លូវ​បេតុង ក្រុម​០២ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ៕