សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨

740
ចែករម្លែក

ដោយ : វិបុល / ​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

* សម្តេច​តេ​ជោ អញ្ជើញ​បិទ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​

​នៅ​រសៀល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ ២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នឹង​អញ្ជើញ​បិទ​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន និង ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ឆ្នាំ ២០១៨-២០២៥ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​ សន្និបាត​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥» ក្នុង​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​រយៈពេល​២៥​ឆ្នាំ នៃ​វិស័យ​សកម្មភាព​មីន​បង្ហាញ​ពី​សមត្ថភាព​របស់​កម្ពុ​ជា​ក្នុងការ​ដោះស្រាយ​ការគំរាមកំហែង​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ សន្និបាត​នេះ​ក៏មាន​គោលបំណង​ស្វែងរក​ឱកាស​និង​មធ្យោបាយ​នានា​ដើម្បី​កៀរគរ​ធន ធាន​សម្រាប់​វិស័យ​សកម្មភាព​មីន​ផងដែរ ៕

*​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​អង់គ្លេស​បន្ត​ជួយ​វិស័យ​អប់រំ​កម្ពុជា​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន អនុញ្ញាត​ឲ្យ​លោក វីលៀម ជេ​ស៊ី ឡង​ឃើ​ស ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សម្ដែង​ការគួរសម និង ជម្រាបលា នា​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា នៅ​វិមាន​សន្តិភាព ។ ក្នុងឱកាស​នេះ សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​កម្ពុជា​កន្លងមក ហើយ​សង្ឃឹម​សម្ដេច​ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ជួយ​កម្ពុជា លើ​វិស័យ​អប់រំ​នៅ​បន្តទៀត ៕

*​សម្តេច​តេ​ជោ ជំរុញ​ឲ្យ​ទួ​ក​គី ហោះហើរ​ត្រង់​មក​កម្ពុជា​


​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​បានអនុញ្ញាត​ឲ្យ​លោក ស្រី អ៊ុន​ដា អ៊ុន​លូ (Ayda Unlu) ឯកអគ្គ​រដ្ឋ ទូត​តួ​ក គី​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​ ​ក្រៅពី​ជួប​សម្ដែង​គារវកិច្ច​រវាង​គ្នា​នឹង​គ្នា សម្តេច​បាន​មានប្រសាសន៍​ដែរ​ថា ការ​បើ​មានការ​ហោះហើរ​ត្រង់​ពី​តួ​ក​គី មកកាន់​កម្ពុជា​ហើយ​នោះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នឹងមាន​ការកើនឡើង ពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន និង​ប្រជាជន នឹងមាន​ការកើនឡើង​កាន់តែខ្លាំង​ឡើង​៕

*​ប្រធាន​គ​.​ជ​.​ប ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​

​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើពហិការ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​លិខិត​របស់​ប្រធាន​គ​.​ជ​.​ប ដាក់ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​រស្មី​កម្ពុជា ទទួល បាន​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ ៕

*​មន្ដ្រី​គណបក្សកាន់អំណាច​ចាត់ទុក​ការចូលរួម​ឬ​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត របស់​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​សិទ្ធិ​របស់គេ​

​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២ បានប្រកាសថា ខ្លួន​នឹងមិន​ដាក់​អ្នក សង្កេតការណ៍​បោះឆ្នោត​ទេ បន្ទាប់ពី​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ។ ការប្រកាស​នេះ ត្រូវបាន​មន្ដ្រី​គណបក្សកាន់អំណាច​ចាត់ទុកថា គឺជា​សិទ្ធិ​សម្រេច​ផ្ទាល់ខ្លួន​របស់​អង្គការ​ទាំងនោះ ៕

*​បុរស​ម្នាក់​យក​កន្ត្រៃ​ចាក់​សម្លាប់ខ្លួន ព្រោះ​តូចចិត្ត​ដែល​ប្រពន្ធ​ហាម​មិន​ឲ្យ​ដើរ​ផឹកស៊ី​

​ម្មករ​លើក​នំ​បញ្ចុក​ម្នាក់​ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ដើរ​ផឹកស៊ី ស្រាប់តែ​យក​កន្ត្រៃ​ចុង​ស្រួច ចាក់​ចំ​គល់​ដោះ​ខ្លួនឯង បណ្តាល​ឲ្យ​កកឈាម​ស្លាប់ ខណៈដែល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ តាមរយៈ​ម៉ូតូ​កង់​បី កាល​ម៉ោង​១២​យប់ ឈានចូល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​នេះ​មានឈ្មោះ អៀង ជីវ៉ា ហៅ​ពែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​លើក​នំ​បញ្ចុក ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ចាម ឃុំ​បា​លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ៕

*​បាញ់​មួយ​គ្រាប់​ចំ​ភ្លៅ​គូភាគី​រត់គេច​មួយ​យប់​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​

​ផ្តើមចេញពី​ការដណ្តើម​ប្រយោជន៍​ព្រៃឈើ​បុរស​ម្នាក់​បាន​ទាញ​កាំភ្លើង​បាញ់​ទៅលើ​គូភាគី​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ចំ​ភ្លៅ​ហើយក៍​រត់គេចខ្លួន​ព្រឹក​ឡើង​ប៉ូលិស​ឃាត់ខ្លួន​។ ហេតុការណ៍​នោះបាន​នៅ​យប់​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយ​លើ ៕