សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨

741
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ ឧសភា​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី សរុប ១៩.៩៤៩​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១៧​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ពិធី​សំណេះសំណាល​នេះ​នឹង​ធ្វើឡើង​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ៕

​ក្នុងឱកាស​នេះ សម្ដេច​តេ​ជោ បាន​លើកឡើងថា ការចុះ​ជួប​កម្មករ កម្មការិនី​របស់​សម្តេច មិនមែនជា​យុទ្ធនា​ការរក​សំឡេងឆ្នោត​ទេ តែ​ជាការ​ងារ​ដែល​សម្តេច​ត្រូវធ្វើ ដើម្បី​ឲ្យ​មាន​បរិយាកាស​ល្អប្រសើរ​នៅក្នុង​វិស័យ​វេណ​ភណ្ឌ​។ ប៉ុន្តែ​យ៉ាងនេះ​ក្ដី សម្ដេច​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ប្រើប្រាស់​សិទ្ធិ​៥​ឆ្នាំ​ម្តង ក្នុងការ​ជ្រើស​មេដឹកនាំ​របស់ខ្លួន ៕

*​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ ដែល​មិន​គោរព​ច្បាប់​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ព្រមាន​ថា “​ចាប់ពីពេលនេះ​ទៅ បើ​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ណា អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ គឺ​មិន​អត់ឱន​ឲ្យ​ទេ ត្រូវអនុវត្ត​ទៅតាម​ច្បាប់ ឬ​ដក​អាជ្ញាប័ណ្ណ​។ ការព្រមាន​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​រុក​រ៉ែ​នៅ​កម្ពុជា ប្រមាណ​ជាង​២០​ក្រុមហ៊ុន នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ៕

*​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ជិត​៤០០០​នាក់​ទទួល​មេដាយ​ការពារជាតិ​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១ ទិវា​អតីត​យុទ្ធ​កម្ពុជា​២១​មិថុនា និង​ពិធី​បំពាក់​មេដាយ​ការពារជាតិ ជូន​អតីតយុទ្ធជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ជិត​៤០០០​នាក់​នៅ​មជ្ឈមណ្ឌល​មហោស្រប​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ៕

*​កសិករ​នៅ​ក្រុង​ព្រៃវែង​បារម្ភ​ខ្លាច​ស្រូវ​ពួកគាត់​ច្រូតកាត់​ប្រមូល​ផល​មិនទាន់​ទឹក​លិច​

​ប្រជាកសិករ ដែល​បាន​ធ្វើស្រែ​នៅ​ម្ដុំ​មុខ​ចុង​ប៉ម ឬ​មុខ​សាលាខេត្ត​ព្រៃវែង ស្ថិតក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង កំពុង​បារម្ភ​ខ្លាច​ស្រូវ​ពួកគាត់​ទុំ​យឺត ច្រូតកាត់​មិនទាន់​ទឹក​លិច ក្នុងពេលដែល​ទឹកទន្លេ​នៅ​ចុងខែ​ឧសភា​នេះ កំពុង​ហើប​ឡើង​តិចៗ រីឯ​ស្រូវ​មួយចំនួន​ទើបនឹង​ដាច់​រហាត់ ចេញ​ហើរ​ផ្កា ស្រូវ​ទុំ​ស្លាបសេក និង​មួយចំនួនទៀត កំពុង​ច្រូតកាត់​ជា​បណ្ដើរៗ ៕

*​ប្រទះឃើញ​ទារក​ម្នាក់​ត្រូវ​ឪពុកម្តាយ​មក​បោះចោល​ក្នុង​គំនរ​សំរាម​

​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ទារក​ម្នាក់ ដែល​ឪពុកម្តាយ​ច្រក​ក្នុង​កាបូប ហើយ​បាន​យកមក​ទម្លាក់ចោល​នៅក្នុង​គំនរ​សំរាម បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងកើត​មាត់​ព្រះ​ទន្លេ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

*​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ប្តី​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​តុលាការ​ដោះលែង​ជនបង្ក​នោះ​ត្រូវ​ផ្ទុះ​ប្រតិកម្ម​

​មហាជន​ប្រតិកម្ម​ខ្លាំងៗ ក្រោយពី​លោក​លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ឯកភាព​អនុញ្ញាតឱ្យ​មនុស្ស​៤​នាក់​ត្រឡប់​ទៅវិញ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ប្តី​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​ឱ្យមាន​សេរីភាព​ឡើងវិញ នៅ​ស្រុក​ពញាឮ ។​

​គួររំលឹកថា​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​៣៦-៣៧ ។ សាច់ញាតិ​ជនរងគ្រោះ បាន​ទទូច​ស្នើសុំ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ ធ្វើការ​ស្រាវជ្រាវ​ឡើងវិញ នូវ​សោកនាដកម្ម​មួយ​នេះ ដើម្បី​ឲ្យ​ជនរងគ្រោះ​ស្លាប់ទៅ ដោយ​ស្ងប់ចិត្ត ៕

*​មើល​រឿង​អាសអាភាស បែកគំនិត​ចាប់រំលោភ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​, រត់គេចខ្លួន​បាន​ជិត​២​ខែ ចុងក្រោយ​នៅតែ​ជាប់​ខ្នោះ​

​ជនសង្ស័យ​ម្នាក់​មាន​វ័យ​ប្រមាណ​២២​ឆ្នាំ បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទើបតែ​អាយុ​៧​ឆ្នាំ ដេក​មើល​រឿង​អាស​អាកាស បែកគំនិត​ទៅ​ចាប់រំលោភ ប៉ុន្ដែ​មិនបាន​សម្រេច រួច​ក៏​រត់គេចខ្លួន​បាន​ជិត​២​ខែ ចុងក្រោយ​នៅតែ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច នា​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​នេះ​ដដែល ៕

*​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​ខេត្ត​ត្បូងឃ្មុំ សង់​រួច​ទុកចោល​

​អគារ​ផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ ចំនួន​ប្រាំមួយ​អគារ​ស្មើ​២៨៨​យូ​នី​ត សម្រាប់​មន្ត្រីរាជការ​ខេត្ត​ត្បូងឃ្មុំ​ស្នាក់នៅ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​ចុងឆ្នាំ​២០១៧​។ ក្រសួងមហាផ្ទៃ​ក៏បាន​អនុញ្ញាត​ឲ្យ​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​បែងចែក​កន្លែង​ស្នាក់នៅ​នេះ ដល់​មន្ត្រីរាជការ​ហើយ​ដែរ​កាលពី​ចុងខែ​មេសា​កន្លងទៅនេះ ។ តែ​គិត​មកដល់​ថ្ងៃទី​២២​ខែឧសភា មន្ត្រីរាជការ​ទាំង​ជាង​៧០០​នាក់ ក្រៅពី​អភិបាលខេត្ត​ត្មូ​ង​ឃ្មុំ គឺ​មិនទាន់មាន​អ្នកណាម្នាក់ បាន​ចូល​ស្នាក់នៅ​ក្នុងផ្ទះ​មុខងារ​សម្រាប់​មន្ត្រីរាជកា​រ​នេះ​នៅឡើយ​ទេ ។ ទោះបីជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់រូប​គ្នាទ​ទួ​ច​សុំចូល​នៅ​យ៉ាងណាក៏ដោយ ៕