សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨

737
ចែករម្លែក
  • 54
    Shares

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេច​ព្រះសង្ឃ ៣​អង្គ​នៅ​វត្ត​បទុម​វ​តី​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​កិត្តិយស ៣​ព្រះអង្គ នៃ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​បទុម​វ​តី​សម្តេចព្រះ​កិត្តិយស​ទាំង ៣​អង្គ ដែល​នឹង​ប្រកាស​តែងតាំង និង​ស្រោចស្រព​ព្រះ​សុគន្ធវារី​នៅ​ព្រឹក​ថ្ងៃនេះ រួមមាន​៖ សម្តេចព្រះ​ឧ​ត្ត​ម​មុនី ជា សំអាង​, សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន និង សម្តេចព្រះ​សាក្យមុនី រ័ត្ន សារឿន ។ ក្នុងឱកាស​នេះដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​មន្ត្រី​ពិធីការ​បុណ្យជាតិ រៀបចំ​អាសនៈ​ក្រមម​ន្ដ្រី​សង្ឃ និង ឋានានុក្រម​មន្ត្រីរាជកា​រ ត្រូវធ្វើ​ទៅតាម​តួនាទី ឋានានុក្រម មិនមែន​រៀបចំ​ទៅតាម​គោរមងារ​នោះទេ​៕

* សំណាក​ឈាម​អ្នកពុល​នៅ​ក្រចេះ គឺមាន​សារធាតុ​មេ​តា​ណុល

​លោក ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នៃ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទាក់ទង​នឹង​លទ្ធផល​ដែល​ក្រសួងបរិស្ថាន​យក​សំណាក​ឈាម​អ្នកស្លាប់ ដែល​ពុល​នៅ​ក្រចេះ​ទៅ​ពិសោធន៍​នៅ​សិង្ហ​បុរី ជារួម គឺមាន​សារធាតុ​មេ​តា​ណុល​នៅក្នុង​សំណាក​ឈាម​ជនរងគ្រោះ​មួយចំនួន ។​

​ការ​ថ្លែង​បញ្ជាក់​នេះ គឺ​លោក ទិន ពន្លក បាន​ប្រាប់​នៅក្រៅ​ពិធី​សិក្ខាសាលា បណ្ដុះ​បណ្ដា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង និង​យុវជន​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ៕

*​កម្លាំងចម្រុះ​ជាង​១​រយ​នាក់​កំពុង​ឆ្ពោះ​មក​តំបន់​សង្ស័យ​ក្នុង​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​នឹង​ជាតិគីមី​ពុល​

​ព័​ត៌​បឋម​ដែល​ទទួលបាន​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១៨​នេះ កម្លាំង​ជំនាញ​ចម្រុះ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល រួមជាមួយ​អាជ្ញាធរខេត្ត​-​ស្រុក​ប្រមាណ​ជាង​១០០​នាក់ កំពុងធ្វើដំណើរ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រកសារ​ធាតុគីមី​ពុល​។​

​រហូតមកដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ប្រតិ​ប​ត្ត​ការ​ខាងលើ​នៅ​មិនទាន់​ចាប់ផ្តើម​នៅឡើយ ហើយ​ផ្លូវ​ដែល​ឆ្ពោះ​មក​តំបន់​សង្ស័យ​ត្រូវបាន​ក្រុមហ៊ុន​ខាងលើ ប្រើ​រថយន្ត​កែច្នៃ​ដឹក​ប្រេង បង្ក​ឱ្យ​ខ្ទេច​វល់​តែម្តង​៕

* ផ្លូវទឹក​សំខាន់ៗ​នៅ​ខាងជើង​ក្រុងភ្នំពេញ​គោក​រាក់​អស់ហើយ​

​ប្រឡាយ​នាំ​ទឹកភ្លៀង​និង​ទឹក​សំណ​ល់ពី​ការប្រើប្រាស់​របស់​ទីក្រុង ឆ្ពោះទៅកាន់​ស្ថានីយ៍​បូមទឹក​កប់​ស្រូវ​និង​ស្ថានីយ៍​បូមទឹក​គីឡូម៉ែត្រ​លេខ​៩​ត្រូវបាន​គេ​មើលឃើញ​មាន​សភាព​គោក​រាក់​អស់ហើយ​។ ករណី នេះ​នាំ​ឲ្យ​ទឹក​ហូរ​ទៅកាន់​ស្ថានីយ៍​យឺត​(​ខ្សោយ​) បង្ក​ឲ្យ​មានការ​លិចលង់​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មកដល់ ៕

* កូន​តិ​រិ​ច្ឆា​ន​យក​កាំបិត​ចាក់​សម្លាប់​ឪពុក​បង្កើត​នៅ​ស្រុក​ស្នួល​

​បុរស​ម្នាក់​ជា​ឪពុក​រង​ការឈឺចាប់​មុខរបួស​រហូតដល់​ស្លាប់ ក្នុងពេល​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ដោយសារ​កូនប្រុស​ចិត្ត​តិ​រិ​ច្ឆា​ន លើកដៃ​ចាក់​មួយ​កូនកាំបិត​ចំ​ភ្លៅ​។ ករណី​ឃាត​កម្មនេះ បាន​កើតឡើង​នៅក្នុង ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០១៨​នេះ ៕

*​តៃកុង​ងោក​មួយភាំង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ក្រឡាប់​ផ្ងារជើង​

​រថយន្ត​ប្រភេទ​ធំ​ដឹកទំនិញ​ពេញ​មួយ​រថយន្ត ដោយសារ​តៃកុង​ងងុយដេក​ក៏​រេ​ចង្កូត​ទៅបុក​នឹង​បង្កាន់ដៃស្ពាន មិន​អស់​ល្បឿន​ជ្រុល​ទៅបុក​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​អ្នកណាម្នាក់​នោះទេ គ្រាន់តែ​តៃ​ឡាន​រងរបួស​ស្រាល ។ ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្បាលស្ពាន​ប្រសូត្រ​ខាងលិច ស្ថិតនៅ​ក្នុងភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ៕