សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨

721
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែឧសភា  រួមមាន​ដូចជា ៖

*​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ អ្នក​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​គឺមាន​ទោស​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត​បានបញ្ជាក់​ថា អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត គឺមាន​កំហុស ដែល​ច្បាប់​បានចែង​ច្បាស់ ។ ប៉ុន្តែ​ការសម្រេច​ទៅ​បោះឆ្នោត ឬ​មិន​ទៅ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ បើតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត​។ ចំពោះ​អ្នក​រារាំង បើសិនណា​យើង​ឃើញថា មានការ​រារាំង​មាន​ភស្តុតាង​ជាក់ស្តែង​ត្រូវតែ​ទទួលទោស​។​

​ការ​ថ្លែង​បញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ស្តីពី​លទ្ធផល​ការពារ​និង​ការត្រៀម​លក្ខណៈសម្បត្តិ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា នេះ ៕

*​លោក ហ៊ុន ម៉ា​ណែ​ត សម្ពោធ​កុដិ និង​ផ្ទះ​ស្នាក់នៅ​បណ្តោះ​អាសន្នទី​៧ សម្រាប់​ពលករ​ខ្មែរ​នៅ​កូរ៉េ​

​នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​សម្ពោធ​កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ និង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​អាច​ប្រតិបត្តិ​ជំនឿ​ធ្វើ​បុណ្យទាន​, និង​សម្ពោធ​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ថ្មី​មួយកន្លែង​ទៀត សម្រាប់​ពលករ​ខ្មែរ ៕

*​កម្ពុជា​ចង់​ឲ្យ​ការកែច្នៃ​ប្រហុក​ប្រែក្លាយជា​ប្រហុក​ស្តង់ដារ​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារ

​ដើម្បី​ប្រែក្លាយ​ប្រហុក​ខ្មែរ ឲ្យ​ក្លាយទៅជា​ប្រហុក​ស្តង់ដារ​ទាំង​គុណភាព​និង​អនាម័យ សមាគម​ផលិត​ប្រហុក​ខ្មែរ​ស្តង់ដារ បានរៀបចំ​គម្រោង​មួយ ដើម្បី​ជំរុញ​ឲ្យ​ការកែច្នៃ​ប្រហុក​ក្លាយទៅជា ប្រហុក​ស្តង់ដារ សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​បច្ចុប្បន្ន និង​អនាគត ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផងដែរ​។​

​ការលើកឡើង​បែបនេះ នៅក្នុង​ពិធី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​សុវត្ថិភាព អនាម័យ​ល្អ ការផលិត​ល្អ លើ​ការកែច្នៃ​ប្រហុក​និង​ស្តង់ដារ​ផលិតផល​ប្រហុក​កម្ពុជា ដែលមាន​អ្នកចូលរួម​ប្រមាណ​៣០​នាក់​បូក​រួមទាំង​មន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​នេះ ៕

*​ផ្លូវ​ប្រទះ​ឡាង​ក្នុងភូមិ​សាស្ត្រ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល​អាចធ្វើ​ចរាច​រ​បាន​ហើយ​

​ផ្លូវ​ប្រទះ​ឡាង​ជា​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល​ខេត្តកណ្តាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយឆ្នាំ​កន្លងមក​មកដល់​ពេលនេះ អាចធ្វើ​ចរាចរ​ទៅមក​វាង​ទីក្រុង​ភ្នំពេញ​បាន​ហើយ​ក្រោយ ការដ្ឋាន​ទាំងមូល​បានបញ្ចប់​។ ដោយ​ផ្លូវ​នេះ​ចំណាយ​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​៥​លាន​ដុល្លារ​អាមេរិក​៕

*​ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​ប្រើ​អំពើ​ហឹ​ង្សា និង​បង្អត់បាយ​កុមារ​ជាង​១០​នាក់​ជា​កូនឈ្នួល​

​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​កន្លងមក​បាន​ប្រើ​អំពើ​ហឹ​ង្សា និង​បង្អត់បាយ កុមារ​ជាង​១០​នាក់​ជា​កូនឈ្នួល​របស់ខ្លួន​បម្រើ​ការ​នៅ​ក្នុងផ្ទះ​របស់ខ្លួន ករណីនេះ​ប្រឈម​នឹង​ការកសាង សំណុំរឿង​បញ្ជូន ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។ ស្ត្រី​ជនជាតិ​ខាងលើ​បាន​ចាប់ខ្លួន​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​នេះ​នៅ​កន្លែង​លក់​សម្លៀកបំពាក់ ផ្ទះ​លេខ​១៧​អា ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

 

*​នគរបាល​សេដ្ឋកិច្ច​បង្ក្រាប​សត្វព្រៃ​ជិត​៧០០​ក្បាល នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ នា​ស្រុក​ម៉ាឡៃ​

​ម្លាំ​ង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្ត​មួយ​បាំង​កន្លះ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​ដឹកជញ្ជូន​សត្វព្រៃ​ចំនួន ៦៨៨​ក្បាល ស្មើ ៧២១​គីឡូក្រាម ៕