សង្ខេប​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨

1140
ចែករម្លែក

​ព័ត៌មាន​ក្នុងប្រទេស​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣១ ខែឧសភា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍ នៅ​ខេត្តបាត់ដំបង​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត (Battambang Conch Cement Company Limited) មាន​ទីតាំងនៅ​តំបន់ភ្នំ​ដូន​ម៉ា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា នេះ ។​

​ក្រុមហ៊ុន​បាត់ដំបង ខន​ស៍ ស៊ី​មេន លី​មី​ធី​ត គឺជា​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ ដែល​រួមការ​វិនិយោគ និង បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អាន​ហ៊ី ខន​ស៍​គ្រូ​ប Anhui Conch Gro up ប្រទេស​ចិន​និង ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ត្រកូល​ស៊ី ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អំឡុង​ខែមេសា​ឆ្នាំ ២០១៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។ ក្រុមហ៊ុន​គ្រោង​បង្កើត​ខ្សែសង្វាក់​ផលិតកម្ម​ចំនួន​២​ខ្សែ ដោយ​ក្នុង​១​ខ្សែ មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​តិ៍ ៥.០០០​តោន​/​ថ្ងៃ និង​មាន​ប្រព័ន្ធ​កិន​ផ្សៅ​ស៊ីម៉ង់​តិ៍​៣,៦​លាន​តោន ព្រមទាំង​បំពាក់​នូវ​ប្រព័ន្ធ ផលិត​អគ្គីសនី​ដើរ​ដោយ​កម្តៅ និង​ហេដ្ឋារចនាសម្ព័ន្ធ សម្រួល​ដល់​ការរស់នៅ របស់​កម្មករ និង​ផលិតកម្ម ៕

*​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​

​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ ដោយ​សម្លេង​អនុម័ត​១១២​សម្លេង​។​សេចក្តីព្រាងច្បាប់​នេះ ១០​ជំពូក និង​ចែកចេញជា​៣៨​មាត្រា​។ ការអនុម័ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​អង្គប្រជុំ​រដ្ឋសភា​នា​ថ្ងៃទី​៣១ ខែឧសភា​នេះ ដោយមាន​សមាជិកសភា​ចូលរួម​ចំនួន​១១២​រូប ៕

*​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនៈ ក្រុមហ៊ុន​ឯកជន​នឹង​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការផ្តល់​ប្រឹក្សា​រក​ដៃគូ​វិនិយោគ​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ថ្លែងថា ក្រុមហ៊ុន​ឯកជន​នឹង​រួមចំណែក​អភិវឌ្ឍន​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ប្រឹក្សា​រក​ដៃគូ និង​ណែនាំ​ជូន​អ្នកវិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ឲ្យ​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​ដោយ​ជោគជ័យ​លើ​វិស័យ​ជាច្រើន​ដែលមាន​សក្តានុពល​ក្នុងស្រុក ជាពិសេស​វិស័យ​អចលនទ្រព្យ ហិរញ្ញវត្ថុ និង​ទេសចរណ៍​។ ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​បើកសម្ពោធ​ជា​ផ្លូវការ​នេះ ក្រុមហ៊ុន ចេង ហ្វុ​ង អ៊ិន​វេស​ម៉ិ​ន ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ផ្តល់​ប្រឹក្សា​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ៕

 

*​គ​.​ជ​.​ប លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គូសសញ្ញា​ធិ​ច ក្នុង​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង​របស់​គណបក្សនយោបាយ​

​សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​សកល​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ គ​.​ជ​.​ប លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​គូសសញ្ញា​ធិ​ច ក្នុង​ប្រអប់​រាង​បួន​ជ្រុង​ទ្រវែង​របស់​គណបក្សនយោបាយ​។ គំនូស​សញ្ញា​ផ្សេង​ដែល​អាច​ឱ្យគេ​ស្គាល់​អត្តសញ្ញាណ​អ្នកបោះឆ្នោត នឹងត្រូវ​ចាត់ទុកជា​សន្លឹកឆ្នោត​មិនបានការ ដូច​មានកំណត់​ក្នុង​គំរូ​សន្លឹកឆ្នោត​មិនបានការ​របស់ គ​.​ជ​.​ប​។​

​ការបញ្ជាក់​បែបនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​ការត្រួតពិនិត្យ​ទម្រង់​សន្លឹកឆ្នោត ជាមួយ​តំណាង​គណបក្សនយោបាយ​ទាំង​២០ នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ គ​.​ជ​.​ប ផ្ទាល់ ៕

*​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ប្រគល់​តំណែង​មេបក្ស​ឲ្យ​លោក​ញឹក ប៊ុនឆៃ នៅ​ថ្ងៃទី​៩​មិថុនា​

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ប្រគល់​តំណែង​ប្រធាន​គណបក្ស​ជូន​លោក ញឹក ប៊ុនឆៃ វិញ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ នៅផ្ទះ​លោក​ញឹក ប៊ុនឆៃ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ ៕

*​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជំ​រុញឱ្យ​ពង្រឹង​ការត្រួតពិនិត្យ​អាជីវកម្ម​ថ្នាំ​កសិកម្ម​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ស្នើឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​គ្រប់​រាជ​ធានី​ខេត្ត ពង្រឹង​ការត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ថ្នាំ​កសិកម្ម និង​ធ្វើការ​តាម​ម​ដាន​ណែនាំ​ដល់​កសិករ​អំពី​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​។ ការជំរុញ​ឲ្យ​ពង្រឹង​នេះ គឺ​បន្ទាប់ពី​មាន​ករណី​ពុល​ប្រជាពលរដ្ឋ​ស្លាប់​ចំនួន​១៣​នាក់ នៅ​ខេត្តក្រចេះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ៕

*​អភិបាល​រាជធានី​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​និង​មន្ទីរ ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត

​លោក អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បំពេញ​សិទ្ធិ ឬក៏​ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ក្នុងការ​បោះឆ្នោត ៕

*​លោភ​សេពសន្ថវៈ​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក តាម​ចាប់ខ្លួនបាន​នៅ​កម្ពុជា​

​បុរស​ជនជាតិ​អា​មេ​រិច​កាំ​ង​ម្នាក់​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្តន៍​នីតិវិធី សហការ​ជាមួយ​ស្នងការ​ទទួល​ផែន​អន្តោប្រវេសន៍ ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយ​ជាប់ចោទ​បទ​សេពសន្ថវៈ​លើ​កុមារ​នៅ​សហរដ្ឋអាមេរិក ៕