សង្ខេប​ព័ត៌មាន​សំខាន់ៗ​ក្នុងប្រទេស​ប្រចាំ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨

845
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ​ ៖ ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​នៅ​ថ្ងៃទី​៥ ខែមេសា នេះ​មាន​ដូចតទៅ ៖

*​ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ជប៉ុន រយៈពេល​៤​ថ្ងៃ​

​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​យាង​ទៅកាន់​ប្រទេស​ជប៉ុន រយៈពេល​៤ ថ្ងៃ ដើម្បី​យាង​ចូល រួម​ក្នុង​ពិធី​សម្ពោធ​មហាសាល​ប្រជុំ Nalada Mahavihara និង​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​៕

*​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ ចាប់ផ្តើម​ដំណើរការ​ជា​បណ្តោះអាសន្ន​ហើយ​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ បានចាប់ផ្តើម​ដំណើរការ​ជា​បណ្តោះអាសន្ន​កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​នៅ​ស្ថានីយ​នាវា​ដឹក​អ្នកដំណើរ​ឬ​ស្សី​កែវ គីឡូម៉ែត្រ​លេខ​៦ ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​។
​គម្រោង​នេះ​ប្រើប្រាស់​កាណូត​ចំនួន​៤​គ្រឿង ក្នុងនោះ​២​គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជាការ​ជួសជុល​កាណូត ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ឡើងវិញ​។ កាណូត​ដែល​ដាក់ឱ្យ​ដំណើរការ​នេះ​ជា​របស់​ក្រុមហ៊ុន Royal Express Boat អាច​ផ្ទុក​មនុស្ស ៦០​នាក់ និង​ជា​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​កំពុង​សាងសង់ អាច​ផ្ទុក​បាន ៥៤​នាក់ បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​៕

*​ក្រសួង​ធនធានទឹក ចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​បញ្ហា​អាកាសធាតុ​ភ្លៀង​កក់ខែ មុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ប្រកាស​ព័ត៌មាន ជុំវិញ​បញ្ហា​អាកាស ធាតុ​ភ្លៀង​កក់ខែ មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា នឹង​ទទួល​កម្រិត​សម្ពាធ​ទាប​ខ្សោយ (​លើ​ផ្ទៃដី​) បាន​នឹង​កំពុង​គ្រប់​ដណ្តប់​លើ​ប្រទេស​កម្ពុជា​៕

*​កូនស្រី​កាប់សម្លាប់​ឪពុក​ព្រោះ​លុយ​៣០០០​រៀល ត្រូវ​នគរបាល​បញ្ជូន​ដល់​តុលាការ​

​នៅ​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បញ្ជូន​កូនស្រី​ដែល​កាប់សម្លាប់​ឪពុក​ព្រោះ​លុយ​៣០០០​រៀល ដល់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាមច្បាប់​។​
​ករណី​ឃាត​កម្មនេះ កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម​។ ជនរងគ្រោះ​ឈ្មោះ ឯម រឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​។ ជនសង្ស័យ​ឈ្មោះ ឃុ​ត ចាន់នី អាយុ​៣១​ឆ្នាំ​៕

*​សហគ្រិន​វ័យក្មេង​ខ្មែរ​ពីររូប​បានបញ្ចប់​ការសិក្សា​សេដ្ឋកិច្ច ពី​សាលា​ពាណិជ្ជ​សាស្ត្រ របស់​មហាសេដ្ឋី​ចិន ជេ​ក ម៉ា​

​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​គំនិត​ផ្តួចផ្តើម​អ៊ី​ហ្វោ​ន​ឌ័​រ (eFounders) សម្រាប់​សហគ្រិន​អាស៊ី​ដែល​រួមមាន​សហគ្រិន​កម្ពុជា​ពីររូប​ដែរនោះ បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​ថ្ងៃទី​៥ ខែ មេសា ឆ្នាំ​២០១៨ នាទី​ក្រុង ហាន​ចូ​វ ប្រទេស​ចិន បន្ទាប់ពី​សិក្សា​អស់​រយៈពេល​១១​ថ្ងៃ​។ កម្មវិធី​បណ្តុះបណ្តាល​នេះ ជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​(UNCTAD)​និង​សាលា​ពាណិជ្ជ​សាស្ត្រ​អា​លី​បា​បា ក្នុង​គោលបំណង​គោលបំណង​ដើម្បី​បំពេញ​ចន្លោះប្រហោង​ឌីជីថល​សម្រាប់​សហគ្រិន​វ័យក្មេង និង​ស្វែងរក​នូវ​សក្តានុពល​របស់​ពួកគេ​។​លោក​មហាសេដ្ឋី​ជំនួញ ជេ​ក ម៉ា បាន​ចូលរួម​បង្រៀន និង​ចែករម្លែក​បទពិសោធន៍​ជោគជ័យ​និង​បរាជ័យ​ដោយផ្ទាល់​ដល់​សហគ្រិន​វ័យក្មេង​ដែលជា​អ្នកទទួល​អាហារូបករណ៍​មកពី​ប្រទេស​អាស៊ី​៕