សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨

792
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង​៣​ពាន់​នាក់​

​នៅ​ព្រឹក​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ប្រមាណ​៣,៣៥៩​នាក់ ។ ក្នុងនោះ​មាន​នារី​១,៤៩៤​នាក់​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិ​ពណ៌​កោះ​ពេជ្រ​។

​ក្នុងឱកាស​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា “​និស្សិត​ម្នាក់ៗ​ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ គប្បី​មាន​មោទនភាព​ជាមួយ​អ្វី​ដែលជា​សមិទ្ធផល​ផ្លែផ្កា​ដែល​កើតចេញពី​សន្តិភាព​” ។ ដោយ​សម្តេច​បានលើកឡើង​ថា សន្តិភាព​បាន​ផ្តល់ឱកាស​យ៉ាងច្រើន ដល់​យុវជន​សម័យកាល​នេះ ទាំង​ការរៀនសូត្រ និង​ការស្វែងរក​ការងារ​ធ្វើ ។ វា​ខុសពី​យុវជន​សម័យមុន ដែល​ពួកគេ​បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង នៅក្នុង​សម័យកាល​នៃ​ប្រទេស​មាន​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ហើយ​បន្ត​មក​នៅក្នុង​តំបន់​ដែលមាន​សង្គ្រាម ៕

*​សម្ដេច​តេ​ជោ​អញ្ជើញ​ចូលរួម​ប្រគល់​ប្រាក់រង្វាន់​ជូន​ដល់​ជ័យលាភី​កីឡា​តេ​ក្វាន់​ដូ ITF

​នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ប្រគល់​ប្រាក់រង្វាន់ ជូន​ដល់​កីឡាករ កីឡាការិនី ជ័យលាភី​មេដាយមាស​, ប្រាក់​, សំរិទ្ធ​, ក្នុងការ​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី ៩ នៅ​ទីក្រុង Ulaanbaatar ប្រទេស​ម៉ុង​ហ្គោ​លី ។ ក្នុងឱកាស​នេះ សម្ដេច​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​គ្រប់​សហព័ន្ធ​កីឡា​ទាំងអស់​ពង្រឹង​នូវ​ការហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ថែមទៀត ៕

*​សម្តេច​ក្រឡាហោម ៖ រាជរដ្ឋាភិបាល​ខិតខំ​ការពារ​ពលករ​ខ្មែរ ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អញ្ជើញ​ជា​អធិបតីភាព​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា នេះ នៅ​ក្រសួងមហាផ្ទៃ ។​

​សម្តេច​ក្រឡ​ឡា​ហោម ស ខេង បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​ដែល​បាន​កំពុងតែធ្វើការ​នៅ​ប្រទេស​ថៃ និង​ការបើក​កន្លែង​លិខិតឆ្លងដែន និង​ប័ណ្ណ​អនុញ្ញាត​ការងារ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ឲ្យ​មាន​ដំណោះស្រាយ​មួយ​ក្នុងការ​ការពារ​ពលក​រ​ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​គ្រប់​រូបភាព​ពី​ពលករ​ខុសច្បាប់ ៕

*​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ថា​ករណី​ពុល​ស្លាប់​នៅ​ខេត្តក្រចេះ​មិនមែន​មកពី​សារធាតុ​ស្យា​នី​ត​នោះទេ​

​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ថា ពាក់ព័ន្ធ​ករណី​ពុល​នៅ​ខេត្តក្រចេះ កាលពីពេល​កន្លងមក​នេះ គឺ​ខាង​ក្រសួងបរិស្ថាន​បាន​យក​ឈាម​អ្នកស្លាប់ យកទៅ​ពិ​និត្យនៅ​សឹង្ហ​ពួរ គឺ​អត់​មាន​ជាតិ​ស្យា​នី​ត​នៅក្នុង​ឈាម​ទេ គឺ​ជាតិពុល​ផ្សេងៗ ដែល​ក្រសួងសុខាភិបាល​ពិនិត្យ គឺ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​ដោយសារ​ថ្នាំពុល​សម្លាប់​សត្វល្អិត ថ្នាំ​ស្លាប់​ស្មៅ រួមចំណែក​មួយចំនួន និង​ស្រា គឺ​ក្រសួងសុខាភិបាល​ស្រាវជ្រាវ និង​បានធ្វើ​សេចក្តីប្រកាស​ជា​ផ្លូវការ​រួចហើយ ៕

*​គ​.​ជ​.​ប​. សម្រេច​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​២​ទៀត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​បានសម្រេច​ទទួលស្គាល់​ចុះបញ្ជី គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក​គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក​គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​និង គណបក្ស​ខ្មែរ​សាធារណរដ្ឋ ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ​។ សរុប​គណបក្ស​ន​យោ​បា​ចំនួន​១៨​ហើយ ត្រូវ​បានគ​.​ជ​.​ប​សម្រេច​ចុះបញ្ជី​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​.​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែឧសភា នេះ ៕

*​ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​៣​លាន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​

​ជប៉ុន​ផ្ដល់ជំនួយ​ហិរញ្ញប្បទាន​ជាង​៣​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​អាហារូបករណ៍ អភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​ឆ្នាំ​សិក្សា​២០១៨ ។ ជំនួយ​ហិរញ្ញប្បទាន​ជាង​៣​លាន​ដុល្លារ ត្រូវ​ចុះហត្ថលេខា រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ជាមួយ​លោក​ហូ​រី​ណូ អ៊ូ​ជិ ហេ​ឌី​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃ​២២ ខែឧសភា ឆ្នាំ​២០១៨ ៕

*​យុវជន​ជាង​៩០​ភាគរយ​គាំទ្រ​រដ្ឋាភិបាល​តំឡើង​ពន្ធ​លើ​បារី​

​តម្លៃ​បារី​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​ចាត់ទុកថា​ទាប​នៅឡើយ គឺជា​មធ្យម​ចាប់ពី ១.០០០ រៀល ដល់ ៥.០០០ ពាន់​រៀល ក្នុង​មួយកញ្ចប់ ។ តម្លៃ​បារី​ថោក ជំរុញឱ្យមាន​ការជក់​ច្រើន​ចំពោះ​អ្នក​ជក់​ស្រាប់ និង លើកទឹកចិត្ត​កុមារ យុវជន និង ស្ត្រី ឲ្យ​ចាប់ផ្តើម​ជក់ ដែល​នឹង​នាំទៅរក​ការ​មាន​ជំងឺ ពិការភាព និង ស្លាប់​នៅ​ទីបំផុត ៕