សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨​ខែមីនា ឆ្នាំ​២០១៨

803
ចែករម្លែក

​ដោយៈ​វិបុល​/​ភ្នំពេញ : ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ដែល​កើតឡើង​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ នេះ​មាន​ដូចតទៅ ៖
*​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​កម្មករនិយោជិត ជាង​មួយ​ម៉ឺន​នាក់ :
នៅ​ព្រឹក​ថ្ងៃ​២៨ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​១៤,៦៩៤​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ​តំបន់​ព្រៃទា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នេះ សម្ដេច​បានលើកឡើង​នូវ​អនុសាសន៍​សំខាន់ៗ ដូចតទៅ ៖
– ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ​ក្នុង​រោងចក្រ សហគ្រាស សម្ដេច​តេ​ជោ បា​បញ្ជាក់ថា ត្រូវ​ពឹង​ផ្អែកលើ​មុំ​៣​ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​កម្មករ កម្មការិនី​តែម្តង​។​
– បុណ្យចូលឆ្នាំថ្មី ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ពលរដ្ឋ​ជិះ​រថយន្តក្រុង​បី​ថ្ងៃ​ឥតគិតថ្លៃ
– ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា បើ​យោងទៅតាម​ការប៉ាន់ស្មាន​របស់​អ្នកសេដ្ឋកិច្ច នៅ​ឆ្នាំ ២០២៣ បៀវត្ស​របស់​កម្មករ​កម្ម​ការ​នី ទាប​បំផុត​មិនតិចជាង ២៥០ ដុល្លារ​ទេ ៕

*​កម្ពុជា​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​១០​លើ​លោក ដែលមាន​ភាពស្និទ្ធស្នាល​បំផុត​សម្រាប់​ជនបរទេសៈ​

​កម្ពុជា ត្រូវបាន​គេ​ចាត់​ចូលក្នុង​ប្រទេស​ទាំង​១០ នៅលើ​ពិភពលោក ដែលមាន​ភាព​ស្និទ​ស្នាល​បំផុត​សម្រាប់​ជនបរទេស​។ នេះ​បើតាម​ការ​គេហទំព័រ Expat Insider ដកស្រង់​ដោយសារ​ព័ត៌មាន Asia Correspondent នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​។​
​ការសិក្សា​ស្រាវជ្រាវ​របស់ Expat Insider ធ្វើឡើង​ដោយ​ផ្អែកលើ​ជនបរទេស ១៣.០០០​នាក់ មកពី​ប្រទេស​ចំនួន ១៨៨ ហើយ​ក្នុងនោះ ៩៤​ភាគរយ នៃ​ជនរ​បទេស​កំពុង​រស់​នៅ​ប្រទេស​ព័រទុយហ្កាល់ និយាយថា ប្រជាជន​នៃ​ប្រទេស​អឺរ៉ុប​មួយ​នេះ​មាន​ភាព​ស្និទ​ស្នាល លំដាប់​ទីមួយ ខណៈ​កម្ពុជា​ឈរ​លេខ​៤ និង​កោះ​តៃវ៉ាន់​ឈរ​លេខ​២ និង​វៀតណាម ឈរ​លេខ​៩​។​
​គួរ​បញ្ជាក់ថា បើតាម Expat Insider ប្រទេស​ដែលមាន​ភាពស្និទ្ធស្នាល​បំផុត (​លេខ​១​ស្និទ្ធស្នាល​បំផុត​) សម្រាប់​ជនបរទេស​មាន​៖
១.​ព័រទុយហ្កាល់ (​អឺរ៉ុប​)
២.​កោះ​តៃវ៉ាន់ (​អាស៊ី​)
៣.​ម៉ិចស៊ីកូ (​អាមេរិក​ខាងជើង​)
៤.​កម្ពុជា (​អាស៊ីអាគ្នេយ៍​)
៥.​បា​រ៉ែ​ន (​មជ្ឈិមបូព៌ា​)
៦.​កូ​ស្ដា​រី​កា (​អាមេរិក​កណ្តាល​)
៧.​អូ​ម៉​ង់ (​មជ្ឈិមបូព៌ា​)
៨.​កូ​ឡុំ​ប៊ី (​អាមេរិក​ឡាទីន​)
៩.​វៀតណាម (​អាស៊ីអាគ្នេយ៍​)
១០.​កាណាដា (​អាមេរិក​ខាងជើង​)៕

*​ស្ថាន​តំណាង​កម្ពុជា អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​១៦​នាក់ៈ​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ចំនួន​៣ បាន​ជួយ​អន្ដរាគមន៍​សង្គ្រោះ​ពលករ ពល​ការិនី​ខ្មែរ​ចំនួន​១៦​នាក់ ដែល​ធ្វើការ​ដោយ​ខុសច្បាប់​ឲ្យ​ត្រឡប់មក​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ទាំង​៣​ប្រទេស​នេះ រួមមាន​ប្រទេស​ម៉ាឡេស៊ី រដ្ឋ​កូ​វ៉ែត ទីក្រុង​សៀង​ហៃ​៕

*​ទឹកស្អុយ​ដែល​ហូរ​ចូល​ភូមិ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្វាយដង្គំ ត្រូវបាន​ដោះស្រាយៈ​

ទឹកស្អុយ​ដែល​ហូរ​កាត់​ផ្លូវ​ហើយ​ចូល​ភូមិ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​ដោះស្រាយ​រួច​ហើយដោយ​អាជ្ញាធរ​ក្រុង​សៀមរាប ដែលមាន​លោក សូរ ប្លា​តុង ជា​អភិបាលក្រុង​។ ការដោះស្រាយ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែមីនា ដែលមាន​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​ពាក់ព័ន្ធ​បាន​ចូលរួម​ធ្វើការ​ដោះស្រាយ បន្ទាប់ពី​អាជ្ញាធរ​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​៕