សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨

752
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៩ ខែតុលា រួមមាន​ដូចតទៅ ៖

*​កម្ពុជា​និង​សហភាព​អឺរ៉ុប​ឯកភាពគ្នា​បន្តធ្វើ​ការងា​រ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់


​ព្រះរាជាណាចក្រ​កម្ពុជា និង សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ឲ្យ​ក្រុមការងារ​នៃ​ភាគី​ទាំងពីរ​បន្តធ្វើ​ការងារ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ នៃ​កិច្ចសហប្រតិបត្តិការ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​។​ ការ​ឯក ភាព​គ្នា​នេះ​ធវើឡើង​នៅក្នុង​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រធាន​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃទី ១៨ ខែតុលា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ៕

*​ចិន​ចង់​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​កាន់តែ​បោះជំហាន​ទៅមុខ​ខ្លាំងក្លា​ឡើង​ថែមទៀត

​នៅ​រសៀល​ថ្ងៃទី​១៨​ខែតុលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​។​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​លោកនាយក​រដ្ឋមន្ត្រី​ចិន​បាន​អបអរសាទរ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​សាជាថ្មី​ម្តងទៀត ។ ជាមួយ​ការចង់​ឃើញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ចិន​កាន់តែ​បោះជំហាន​ទៅមុខ​ខ្លាំងក្លា​ឡើង​ថែមទៀត​។ ​លោក លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់ថា ចិន​តែងតែ​គាំទ្រ​ប្រទេស​កម្ពុ​ជាពិសេស​ការគាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។ លោក​បន្តទៀត ថា​ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ឲ្យ​កាន់តែច្រើន​ ៕

*​នាយករដ្ឋមន្ត្រី​រុស្សី​បញ្ជាក់ថា​ ៖ ​រុស្សី​នឹង​ប្រើប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​ទៅជា​ការវិនិយោគ​នៅ​កម្ពុជា


​នៅ​រសៀល​ថ្ងៃទី ១៨ ខែ តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​លោក ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ (Dmitry Medvedev) នាយករដ្ឋមន្ត្រី​រុស្សី​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ។ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ​(Dmitry Medvedev)​បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា​រុស្សី​នឹង​ប្រើប្រាស់​បំណុល​ដែល កម្ពុជា​ជំពាក់​រុស្ស៊ី ទៅជា​ការវិនិយោគ​នៅ​កម្ពុជា​ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្សី​ចង់​ជួយ ។ ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី បាន​អះអាងថា​ចាប់ពី​ឆ្នាំ ២០១៩ ទៅ​រុស្សី​នឹង​ផ្តល់ជំនួយ​មួយចំនួន​ដល់​ប្រទេស​កម្ពុជា ហើយ​តាមរយះ​នេះរ​ស្ស៊ី​នឹង​បញ្ជូន​ប្រធាន​ថ្មី​នៃ​គ​ណះ​កម្ម​ការ​អន្តរ រដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ​ដែល​គ្រោង​និង​បើក​កិច្ចប្រជុំ​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ ៕

*​គណៈប្រតិភូ​សភា​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អន្តរ​សភា IPU
​គណៈប្រតិភូ​សភា​កម្ពុជា​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​សហភាព​អន្តរ​សភា​IPU​។​បើទោះបីជា​គណៈប្រតិភូ​កម្ពុជា​បានផ្តល់​ជូន​នូវ​ព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន​ដ៏​សន្ធឹកសន្ធាប់​ជាច្រើនលើក​ច្រើនសារ​ក៏​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​ហាក់​ពុំបាន​ធ្វើការ​គិតគូរ​ពិចារណា​ឱ្យបាន​ហ្ម​ត​ចត់​សោះ​ទ្បើ​យ​។​
​ផ្ទុយទៅវិញ​ដោយ​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង​គណៈកម្មាធិការ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅ​ងងឹត​តាមរយៈ​ការចេញ​នូវ​សេចក្តីសម្រេច​ដែលមាន​លក្ខណៈ​លម្អៀង ដោយ​ការធ្វើ​ព្រងើយកន្តើយ​ចំពោះ​សេចក្តីត្រូវការ​ពិតប្រាកដ​ជា​មូលដ្ឋាន​និង​ផ្លូវ​ដ៏​គ្រោះថ្នាក់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ដោយ​ការពុះពារ​យ៉ាង​លំបាក ៕

*​ជី​ម៉ាក​សរសើរ​កម្ពុជា​ថា​ជា​ដៃគូ​ល្អ​លើ​ទីផ្សារ​លក់​សម្លៀកបំពាក់​និង​ស្បែកជើង​
​លោក​តំណាង​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ជី​ម៉ាក (GMAC)​បាន​លើកឡើងថា​ឥឡូវ​នេះ​កម្ពុជា​បានក្លាយ​ជា​ដៃគូ​ជាទី​គាប់ចិត្ត​របស់​ទីផ្សារ​លក់​សម្លៀកបំពាក់ និង​ស្បែកជើង​ពិភពលោក ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​។​
​ជំនួប​ការងារ​កាលពី​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង លោក អាល​បឺត ថេ​អូ (Albert TEOH) តំណាង​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានបញ្ជាក់​ជូន​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ៕

*​បង្កើត​សមាគម​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​នៅតាម​សហគម​អេកូ​ក្នុង​តំបន់​អភិរក្ស​ដែន​ជំរក​
​ភូមិករ​ដែលមាន​ប្រជាជន​រស់នៅក្នុង​ដែន​ជុំរក​ការពារ​ព្រៃឈើ និង​អភិរក្ស​នានា ដែលមាន​ជីវភាព​ក្រីក្រ​លំបាក ត្រូវបាន​សមាគម​មួយ​ឈ្មោះ​ហៅថា សមាគម​មគ្គុទេសក៍​ទេសចរណ៍​សត្វ​ស្លាប​ជួយ​លើកស្ទួយ​បង្កើតឲ្យមាន​មុខរប​រ​ប្លែកៗ តាមរយ​:​សក្តានុពល​ធម្មជាតិ ដែលមាន​ស្រាប់ សំរាប់​អូសទាញ​ទេសចរ​នានា ឲ្យមក​ទស្សនា​សត្វ​ស្លាប​ជាច្រើន សត្វព្រៃ​ប្លែកៗ និង​សម្រស់​ធម្មជាតិ ដើម្បី​ទាញ​ប្រាក់ចំណូល​ពី​ទេសចរ អោយគេ​ស្នាក់ ហូប​ចុក​សំរាប់​កែប្រែ​ជីវភាព និង​ជៀសវាង​កុំអោយ​ពួកគាត់​កាប់​ឈើរ បរបាញ់​សត្វព្រៃ ៕

*​ផ្ទុះឡើង​ជាថ្មីទៀត​ហើយក​រ​ណី​ពុល​ស្រាស​ស្លាប់​៣​នាក់​រងគ្រោះ​កើន​ដល់​៤១​នាក់​នៅ​ខេត្តក្រចេះ​
​ចំពោះ​ខេត្តក្រចេះ​ករណី​អ្នកស្លាប់​និង​រងគ្រោះ​ដោយសា​ពុល​ស្រាសរ​ហាក់បី​ជាប់​ចំណាត់ថ្នាក់​ជាងគេ​ក្នុង​ចំណោម​​រាជធានី​ខេត្ត​ទូទាំងប្រទេស​។​ហេតុ​ការ​ដ៏​អាក្រក់​បានកើត​ឡើងជា​ហូ​ហែ​ដែល​បណ្តាលឱ្យមាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​និង​ជនរងគ្រោះ​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវបាន​គេ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ជាថ្មី​ម្តងទៀត​អជ្ញាធរ​ខេត្តក្រចេះ​បាន​រាយ​ការឱ្យដឹងថា ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ ករណី​សង្ស័យ​ពុល​ស្រាស នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣​នាក់ ហើយ​ចំនួន​អ្នករង​គ្រោះ​ដែល​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​និង​ពេទ្យ​ខេត្ត​បាន​កើន​ដល់​៤១​នាក់​ហើយ ៕

*​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​ប្រាំ​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​
​ផ្ទះ​ពលរដ្ឋ​ចំនួន​ប្រាំ​ខ្នង​ស្ថិត​ក្នុងស្រុក​វ៉ារិន​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ឲ្យ​ខូចខាត  កាលពី​ពី​រសៀល​ថ្ងៃទី​១៨​ខែតុលា ​ឆ្នាំ​២០១៨​។ ​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា​ គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​ចំណុច​(​ត្រាំ​កង់​)​ស្ថិតនៅ​ក្នុងភូមិ​ដៃ​អាវ ​ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន​ ខេត្តសៀមរាប​។​ ​ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​តែ​បណ្ដាល​ឲ្យខូចខាត​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ក្នុងនោះ ខូច​ទាំងស្រុង​២​ខ្នង និង​ប៉ើង​ដំបូល​ចំនួន​៣​ខ្នង ៕

*​មិត្ត​អ្នកកាសែត​ម្នាក់ អំពាវនាវ​រក​សប្បុរ​សជន​ជួយ​ប្រពន្ធ​ពិការ​មួយ​ចំហៀង​ខ្លួន គ្មាន​លទ្ធភាព​ព្យាបាល​
​លោក ស៊ិន សុខលី ភ្នាក់ងារ​សារព័ត៌មាន “​ក្រុង​កម្ពុជា​” កំពុង​ទទួល​ការលំបាក​ផ្នែក​ជីវភាព ក្នុងពេលដែល​លោក​ពុំបាន​បំពេញភារកិច្ច និង​រក​ទទួលទាន​បាន ក្រោយ​ពេលដែល​ភរិយា​លោក មាន​ជំងឺលើសឈាម​ពិការ​មួយ​ចំហៀង​ខ្លួន​។​លោក ស៊ិន សុខលី និយាយថា ភរិយា​លោក​មានឈ្មោះ ហី​ម ស្រស់ អាយុ​៤៨​ឆ្នាំ មានកូន​ក្នុងបន្ទុក​រហូតដល់​ទៅ​០៤​នាក់ កំពុង​យ៉ាប់យឺន​ខ្លាំង ក្រោយ​ពេលដែល​ភរិយា​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ជាង​៣​ឆ្នាំ​ទៅហើយ ត្រូវ​ដេក​លើ​កន្ទេល ពុំ​អាច​រំកិល ឬ​អង្គុយ​បាន តម្រូវឱ្យ​លោក​និង​កូនៗ នៅ​បម្រើ​ទាំងយប់​ទាំង​ថ្ងៃ ពុំមាន​ពេលវេលា​គ្រប់គ្រាន់​រក​ទទួលទាន និង​បំពេញ​អាជីព​ជា​អ្នកកាសែត​បាន​នោះទេ​។ លោក​បាន​អំពាវនាវ​សូម​បងប្អូន​ដែលមាន​សណ្តាណ​ចិត្តល្អ សូមជួយ​គ្រួសារ​លោក​ផង ពិសេស​មិត្តៗ និង​បងប្អូន​រួម​អាជីព ៕