សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨

771
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែតុលា រួមមាន​ដូចតទៅ ៖

*​សុន្ទរកថា​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិការ​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​សបាន​អញ្ជើញ​ចូលរួម​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិ​និ​យោ គ​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ ទស្សនវិស័យ​វិនិយោគ​របស់​កម្ពុជា ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម ៕

*​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​លើក​ទី​២​នីតិកាល​ទី​៤
​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ស៊ឹម​កា​ប្រធានស្តីទី​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​ដោយ​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥៣​រូប​។​ ​សម័យប្រជុំ​លើក​ទី​២​នេះ​បាន​ដំណើរការ​ដោយមាន​របៀបវារៈ​តែមួយ​គឺ​ស្តា​ប់របាយ​-​ការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៤ ៕

*​រដ្ឋមន្ត្រី​បរិស្ថាន​ស្នើឱ្យ​ប​ញ្ជូ​ល​បន្ថែម​មុខវិជ្ជា​ច្បាប់​ទាក់ទង​នឹង​ការគ្រប់គ្រង​បរិស្ថាន ក្នុង​បណ្តុះបណ្តាល​នៃ​សាលា​កងរាជអាវុធហត្ថ​ជាតិ
​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​សាលា​កងរាជអាវុធហត្ថ​(​កំបូល​) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ គាត ចន្ថា នាយក​សាលា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​ថ្ងៃ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានស្នើ​ឱ្យ​ការបណ្តុះបណ្តាល នៃ​សាលា​កងរាជអាវុធហត្ថ គួរ​បញ្ចូល​មុខវិជ្ជា​សំខាន់ៗ​មួយចំនួន​ដូចជា ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​ធន​ធម្មជាតិ ច្បាប់​ព្រៃឈើ ច្បាប់​ជលផល ក្រមរដ្ឋ​ប្បវេណី ក្រមព្រហ្មទណ្ឌ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ដ៏ទៃទៀត សំដៅ​ធ្វើយ៉ាងណា​ឱ្យ​សិក្ខាកាម​ឱ្យ​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​កាន់តែ​ទូលំទូលាយ​ជាង​មុន ៕

*​ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ធ្លាក់ខ្លួន​ឈឺ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​
​កាំ​ង ហ្គិ​ច​អ៊ាង ហៅ​ឌុ​ច ត្រូវបាន​បញ្ជូន​ចូល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការដាក់​កម្លាំង​ការពារ​សន្តិសុខ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតមានឡើង​ជាយថាហេតុ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ៕

*​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត​នៅ​ស្រុក​ថ្ពង​
​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត កាលពី​យប់​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ច្រក​ឫស្សី ស្ថិតក្នុង​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​
​លោក ហ៊ុន សុខ​ហុន អធិការ​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃកើតហេតុ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​យ៉ាង​ធំ​លាយឡំ និង​ខ្យល់​ផ្គរ​រន្ទះ​បាន​បក់បោក​យ៉ាងខ្លាំង​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៤​ខ្នង​រង​ការខូចខាត​។ លោក​បន្តថា ក្នុងករណី​ខាងលើនេះ មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​រងរបួស​ឡើយ ៕