សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨

761
ចែករម្លែក
  • 13
    Shares

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣០ ខែតុលា រួមមាន​ដូចតទៅ​ ៖

*​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជិត ៧ ពាន់​នាក់​នៅ​ស្រុក​មុខកំពូល​
​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​នឹង​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជាង​៦.៧០០​នាក់​នៅ តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៦ អា​ក្នុង​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ នេះ​បើ​យោងតាម​កម្មវិធី​របស់​ក្រសួង​ការងារ និង បណ្តុះ បណ្តាល​វិជ្ជាជីវៈ ។​

​សូមបញ្ជាក់ថា ​ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ​បានចាប់ផ្តើម​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​កម្មករ និយោជិត​តាំងពី​ថ្ងៃទី ២០ ខែសីហា​ឆ្នាំ​២០១៧ ។ រយៈពេល​ជាង​មួយឆ្នាំ​នេះ​គិត​មកដល់​ថ្ងៃទី ៣១ ខែ តុលា​ស្អែក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករនិយោជិត​ជា​លើក​ទី ៥៧ ដែលមាន​អ្នកចូលរួម​សរុប ៨០០.៥៦៨ នាក់ ៕

*​រដ្ឋមន្ត្រី​ធនធានទឹក​ជួប​ជាមួយ​ក្រុម​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អណ​ត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណៈកម្មការ​ទន្លេមេគង្គ​
​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធន​ធន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រុម​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) ឆ្នាំ​២០១៦-២០២០ ដឹកនាំ​ដោយ​លោក ជេ​រេ​មី ប៊ឺ​ត (Jeremy Bird) ប្រធាន​ក្រុម​បេសកកម្ម និង​ជា​អតីត​នាយក​ប្រតិបត្តិ នៃ​លេខាធិការដ្ឋាន MRC សម្តែង​ការគួរសម​​និង​ពិភាក្សា​​ការងារ នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​សម្តែង​នូវ​ការស្វាគមន៍​លោក​រដ្ឋមន្ត្រី​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល MRC សម្រេចបាន​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ ក្នុងការ​ពង្រឹង​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តំបន់ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​អាង​ទន្លេមេគង្គ​។ លោក​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ​និង​គាំទ្រ​យ៉ាងសកម្ម​ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់​នេះ ៕

*​ក្រសួង​សាធារណ​ការបើក​មជ្ឈមណ្ឌល​បង្រៀន​បើកបរ​រថយន្ត​ធុន​ធ្ងន់​
​ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​ធំៗ​ជាពិសេស​រថយន្ត​សណ្តោង​នៅតាម​ដងផ្លូវ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បង្កើត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​បើកបរ​រថ​យន្ត​ធុន​ធ្ងន់​ជា​លើកដំបូង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​នេះ គឺជា​មណ្ឌល​បណ្តុះបណ្តាល​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​បង្កើតឡើង​ក្នុង​គោលបំណង បណ្តុះបណ្តាល​ដល់​អ្នកបើក​បររថ​យន្ត​ធុន​ធ្ងន់​ជាពិសេស​ប្រភេទ​សណ្តោង​ទាំងឡាយ​ដែល​កន្លងមក មានការ​លំបាក​ក្នុងការ​ស្វែងរក​សាលាបង្រៀន​បើកបរ​រថយន្ត​ប្រភេទ​នេះ​៕

*​បង្ហាញ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤, នៅ​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ​៣០​លាន​ដុល្លារ ក្រោម​ជំនួយឥតសំណង​របស់​ជប៉ុន​
​កាលពីពេល​ថ្មីៗ​កន្លង​នេះ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ អញ្ជើញ​ទៅ​ទស្សនកិច្ច និង​ចូលរួម​ការដាក់ឱ្យ​ដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ ប្រព័ន្ធ​ប្រឡាយ​លូ ជំ​ហ៊ាន​ទី​៤​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នៅ​ទីក្រុង​តុ​ក្យូ ប្រទេស​ជប៉ុន បាន​នាំមក​នូវ​ផ្លែ​ផ្លា​យ៉ាង​ធំធេង ដោយ​គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជា ៣០​លាន​ដុល្លារ​អាមេរិក ។​
​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​ការ​សែត មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជាក់​ឱ្យបាន​ច្បាស់​ពី​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន​ក្នុង​ជំហាន​ទី​៤​នេះ ។ ក្នុង​សន្និសីទ​ការ​សែត​នោះ​លោក នួន ផា​រ័ត្ន មានប្រសាសន៍​លើកឡើងថា​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​លោក និង​លោក សាំ ពិសិដ្ឋ ដឹកនាំ​គណៈ​ប្រ​ត្តិ​ភូ​មួយក្រុម ទៅ​ចូលរួម​នៅក្នុង​គម្រោងការ​ដេញថ្លៃ គម្រោង​ការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤”៕

*​កំពុង​រៀបចំ​ធ្វើការ​តុបតែង​ភ្លើង ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ សួនច្បារ ,​ដាក់​ភ្លើង​បំភ្លឺ​តាម​ដើមឈើ​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨
​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៣០​តុលា​នេះ​ថា​៖​ឆ្នាំ​២០១៨​នេះ​ក៏​ដូច​ឆ្នាំមុនៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​តុបតែង​លម្អរ​តាម​ដង​វិថី និង​សួនច្បារ​នានា ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ដែល​អញ្ជើញ​មក​ទទួល​ភាពសប្បាយ​រីករាយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ចាប់ពី ថ្ងៃ​ពុធ ១៤​កើត ព្រហស្បតិ៍ ១៥​កើត និង​សុក្រ ១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ឆ្នាំ​២០១៨៕

*​តារា​សម្តែង​និង​សាស្ត្រាចារ្យ​លោក នូ យុ​ទ្ធី​រិ​ទ្ធ មុន​ស្លាប់​បង្រៀន​សិស្ស​បាន​១៩​ជំនាន់​
​តារា​សម្តែង លោក នូ យុ​ទ្ធា​រិ​ទ្ធ ដែលជា​តារា​ជើងចាស់ និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានទទួល​អនិច្ចកម្ម កាលពី​វេលា​ម៉ោង​ជិត​១ រំលង​អា​ធ្រា​ត​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដោយ​ជំងឺ​គាំងបេះដូង នៅក្នុង​ជន្មាយុ ៥៦​ឆ្នាំ​។​អ្វី​ដែលជា​មហា​សោកស្តាយ​ទាំង​គ្រួសារ និង​សង្គម នៃ​សព​សាស្ត្រាចារ្យ​លោក នូ យុ​ទ្ធី​រិ​ទ្ធ គឺ​មុន​លោក​ទទួលមរណៈភាព​បា​ន​បង្រៀន​សិស្ស​រហូតដល់​១៩​ជំនាន់ ដែល​ធនធាន​នៃ​ប្រទេសជាតិ​៕