សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨

732
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៨ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​ព្រះបរមរាជវាំងៈ​ព្រះរាជសារ​ព្រះករុណា​គឺ​ពិតប្រាកដ​

​ក្រសួងព្រះបរមរាជវាំង​នៅ​រសៀល​ថ្ងៃទី​៨​ខែមិថុនា​នេះ​បានធ្វើការ​បញ្ជាក់​ចំពោះ​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​នាពេល​កន្លង​ទៅដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​របស់​ព្រះ​ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ​នោះ​ថា ជា​ព្រះរាជសារ​ពិតប្រាកដ​។​

​គួរ​រំលឹក​ដា​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ហើយ​ទើប​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ។ ក្នុង​ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​មានបន្ទូលថា “​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ៕

* ព្រឹទ្ធសភា​កំណត់​យក​ព្រឹក​ថ្ងៃទី​១១​មិថុនា ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​របស់ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា ជា​ប្រធាន​អង្គប្រជុំ​។ បន្ទាប់ពី​បាន​ពិនិត្យ​និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃ​ចន្ទ ទី​១១ ខែមិថុនា វេលា​ម៉ោង​៨​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​របៀបវារៈ​ដែល​នឹងត្រូវ​ពិភាក្សា មាន​៖ ១-​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ។ ២- ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​។​៣-​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី ។​៤-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១៕

* រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ បើ​ចង់ឱ្យ​ផលិតផល​ជាតិរស់​សូមកុំ​ឆ្ងាញ់​តែ​រសជាតិ​ផលិតផល​បរទេស​

​ក្នុង​ពិធី​សម្ពោធ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​”​រដូវ​កាល​ទី​៣​ដែល​បានរៀបចំ​នៅ​បរិវេណ​ខាងមុខ​មន្ទីរ​ពាណិជ្ជក​ម្ម ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែលមាន​មន្ត្រី​ពាណិជ្ជករ​អាជីវ​ករព​ល​រដ្ឋ​និង​មហាជន​ចូលរួម​រាប់​រាយ​នាក់ ។​

​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថ្លែង​ជាថ្មី​ថា​”​បើ​ចង់​ឲ្យ​ផលិតផល​ជាតិរស់​សូមកុំ​ឆ្ងាញ់​តែ​រសជាតិ​ផលិតផល​បរទេស ” ។​លោក ឈួន ដា​រ៉ា អនុរដ្ឋលេខាធិការ​ក​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា​: យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ៕

*​ក្រសួងការបរទេស​ធ្វើ​សន្និសីទកាសែត​ស្តីពី “​កម្ពុជា​ជាប់​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣”

​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ​សន្និសីទកាសែត​ស្តីពី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន សម្រាប់​សម័យប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។ សន្និសីទកាសែត​នេះ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​កម្ពុជា និង​ប្រទេស​ចំនួន ១៥ ផ្សេងទៀត មកពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ នឹង​ធ្វើជា​អនុប្រធាន​រួមគ្នា​ជាមួយនឹង ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​២០១៨-២០១៩ ពោលគឺ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ ៕

 

*​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី សរសើរ​កម្ពុជា​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ​និង​ជា​មេបញ្ជាការរង​កង ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ហ្គោ ចុក​តុង (Emeritus Senior Minister Goh Chok Tong) អតីត​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ “​លី​ក្វាន់​យូ​” ៕

*​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​៦​រូប​លាឈប់​ពី​បក្ស​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន​០៦​រូប​ក្នុងនោះ មាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន​ពីររូប និង​ថ្នាក់ដឹកនាំ​នៅ​ខេត្តពោធិសាត់ ចំនួន​០៤​រូប បានដាក់​ពាក្យ​លាលែង​ពី​សមាជិកភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​ពួកគាត់​អស់ជំនឿ​លើ​មេដឹកនាំ​របស់​ពួកគេ ៕

*​មន្ត្រី​សង្ឃៈ សូម​បិណ្ឌ​បាត្រ​ឈប់​យក​រឿងអាស្រូវ​សាស​នា​ទៅ​ហែក​កកាយ​លេងសើច​

​ព្រះ​មង្គល​វិសុទ្ធិ សុខ សុភាព ជំនួយការ​ផ្ទាល់​របស់​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ ព្រះរាជណាចក្រ​កម្ពុជា បាន​មាន​ព្រះ​ថេរ​ដីកា​ថា បុគ្គល​សង្ឃ​ដែលមាន​កំហុស​ចំពោះ​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​ហើយ តាម​ធម៌​វិន័យ កិ​ច្ចា​នុ​កិច្ច​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា បាន​ចប់​ហើយ ។ តទៅ​នេះ ប្រសិនបើ​បុគ្គល​នោះ​មាន​បញ្ហា​អ្វី​ទៀត​ដែល​ត្រូវ​ប្រឈម ឬ ដោះស្រាយ​ចំពោះមុខ​ច្បាប់​នោះ គឺជា​រឿង​បុគ្គល​និង​ច្បាប់​រដ្ឋ គឺ​មិនមែន​ជាមួយ​សាសនា​ទៀត​ទេ ។ ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មិនមែនជា​សាសនា​របស់​ព្រះសង្ឃ​តែ​ម្ខាង​ទេ ប៉ុន្តែ​គឺជា​សាសនា​របស់​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​គ្រប់គ្នា មាន​កតា​ព្វ​កិច្ច​ថែរក្សា​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​ព្រះពុទ្ធសាសនា មិនមែន​យក មក​ហែក​កកាយ​លេងសើច​បង្អាប់​ន្តុះ​ឡើយ ៕

*​ព្យុះ​ទី​៥​កើតឡើង​បន្ទាប់​ព្យុះ​ទី​៤​រលាយ​ធ្វើ​ឲ្យ​លើ​ផ្ទៃសមុទ្រ​កម្ពុជា​មានរ​លកក​ខ្ពស់ៗ​

​រ​សួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ដល់​ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ព្រោះ​លើ​ផ្ទៃសមុទ្រ​ចាប់ពី​ថ្ងៃ​៨​ដល់​១៣​ខែមិថុនា​នឹងមាន​ភ្លៀង​និង​ខ្យល​បក់់​ខ្លាំង ដែល​បង្ក​ជា​រលក​សមុទ្រ​ខ្ពស់ៗ បន្ទាប់ពី​ព្យុះ​ទី​៤​រលាយ​និង​មាន​ព្យុះ​ទី​៥​កើត​បាន​មាន​ឡើង ៕