សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨

255

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​នៅ​ព្រឹក​ថ្ងៃនេះ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ​សំ​ណា ល​និង​ប្រគល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A
​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​វេលា ៩ ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) និទ្ទេស A ចំនួន ៤០៨​នាក់​។​
​ពិធី​សំណេះសំណាល​និង​ប្រគល់​រង្វាន់​នេះ នឹងធ្វើ ឡើង​នៅ​វិមាន​សន្តិភាព​។ សូមបញ្ជាក់ថា​សម័យ​ប្រឡង​២០​សីហា ឆ្នាំ​២០១៨ កន្លងទៅនេះ​មាន​អ្នក​ប្រឡង​ជាប់ ៧៦.០៣៤ នាក់ ស្មើនឹង ៦៧.០៧​ភាគរយ ។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់​៕

*​កម្ពុជា​-​ចិន ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ច្បាប់​


​គណៈប្រតិភូ​គណៈកម្មាធិការ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នៃ​សភា​តំណាង​ប្រជាជន​ចិន បាន​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ ពិសេស​ក្នុង​ការងារ​ច្បាប់​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ លោក លី ហ្វី សមាជិក​គណៈកម្មាធិកា​រ និង​ជា​ប្រធាន​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​និង​ធ្វើ​សវន​ការ​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់ លោក លី ហ្វី សមាជិក​គណៈកម្មាធិកា​រ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ នៃ​សភា​តំណាង​ប្រជាជន​ចិន ថា​បានរួម​ចំណែក​ពូន​ជ្រុំ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ឲ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត ជាពិសេស​រវាង​សភា​ប្រទេស​ទាំងពីរ ដើម្បី​ស្វែងយល់ និង​ចែករំលែក​បទពិសោធន៍ អំពី​ការងារ​នីតិកម្ម ការកសាង​ច្បាប់​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា “​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” កំពុង​ទទួលបាន​ផ្លែផ្កា​លើ​គ្រប់​វិស័យ​៕

*​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ : ការ​បម្លាស់​ទី​ជនជាតិ​វៀតណាម​ពីលើ​ទឹក​មកលើ​គោក​គឺ​អនុវត្ត​ទៅតាម​ច្បាប់​
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​ល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​រសៀល​នៅ​រសៀល​ថ្ងៃទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​នៅក្នុង​ជំនួប​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ទៅលើ​បញ្ហាសំខាន់​មួយចំនួន ពាក់ព័ន្ធ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចេរភាព ការចូលរួម​និង​ភាពជា​ដៃគូរ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គណនេយ្យភាព បញ្ហា​ពាក់ព័ន្ធ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ និង​ការ​បម្លាស់​ទី​របស់​ជនជាតិ​វៀតណាម​ដែល​រស់​នៅលើ​បឹង​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង រួមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ទៅ​មើល​អំពី​ស្ថានភាព​ការរស់នៅ​របស់​ជនជាតិ​វៀតណាម​នៅលើ​បឹង​ទន្លេសាប ដែល​បាន​បម្លាស់​ទី​ឲ្យ​មក​រស់នៅ​លើគោក​។ ហើយ​អ្វី​ដែលជា​ក្តីបារម្ភ​របស់លោក​ស្រី គឺ​ផ្តោតលើ​បញ្ហា​សិទ្ធិមនុស្ស ដោយ​ខ្លាចក្រែង​ការ​បម្លាស់​ទីនេះ​វា​ពាក់ព័ន្ធ​ទៅដល់​ការរំលោភបំពាន​ទៅលើ​សិទ្ធិមនុស្ស​។​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ជូន​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ថា នេះ​ជាការ​អនុវត្ត​របស់​អា​ជ្ញា​ធរ គឺ​ដើម្បី​កែលម្អរ​បរិស្ថាន និង​អនាម័យ​។ ហើយ​បើសិនជា​អាជ្ញាធរ​មិន​អនុវត្ត​ទេ គឺ​តំបន់​ដែល​ប្រជាពលរដ្ឋ​វៀតណាម​ស្នាក់នៅ​នោះ គឺ​វា​អាច​បង្ក​ទៅជា​បញ្ហា​អនាម័យ បរិស្ថាន វា​ធ្ងន់ធ្ងរ​។ ហើយ​វា​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​តំបន់​ដែល​ពួកគាត់​រស់នៅ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្រោម​ទន្លេ​ក៏​វា​ជួបនឹង​បញ្ហា​អនាម័យ បរិស្ថាន ផ្សេងៗ​ទៀត​ដែរ​៕

*​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅ​ថៃ ដើម្បី​កៀងគរ​វិនិយោគិន​
​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ធុរកិច្ច​ជន​អាមេរិក​-​អាស៊ាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​ហើយ​លោក​ទេសរដ្ឋមន្ត្រី បាន​សន្យាថា នឹង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​របស់​អាមេរិក​ទាំ​ង​អស់​ដែលមាន​បំណង​រកស៊ី​នៅ​កម្ពុជា​៕

*​អង់គ្លេស​ចង់​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​ចំនួន​បី​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​
​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក​គ្រី​ស ផូក (Chris Pook) បានបង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំខាន់​បី​នៅ​កម្ពុជា រួមមាន​៖​ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ សុខភាព និង​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង់គ្លេស​និង​កម្ពុជា​។​ក្នុងជំនួប​ការងារ​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក គ្រី​ស ផូក បាន​គូសបញ្ជាក់ថា ចក្រភព​អង់គ្លេស​មានបំណង​ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។ លោក​បន្តថា ក្រៅពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City)​នៅ​កម្ពុជា និង​នៅតាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន​មាន​វិនិយោគិន​អង់គ្លេស​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ​មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​៕

*​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ៈ មិនបាន​និយាយ​រឿង​លោក​កឹម សុខា ជាមួយ​អ្នករាយការណ៍​ពិសេស​អ​.​ស​.​ប ទេ​
​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គ​សហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​លើកឡើងថា ទាក់ទង​ករណី​លោក​កឹម សុខា គឺ​លោកស្រី​បាន​លើក​យកទៅ​និយាយ​ជាមួយ​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អះអាងថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​មិនបាន​និយាយ​រឿង​លោក​កឹម សុខា នោះទេ​។​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត គឺ​មិនបាន​និយាយ​អំពី​រឿង​លោក​កឹម សុខា នោះទេ​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការជួប​លើក​មុន គឺមាន​និយាយ​ពី​រឿង​លោក​កឹម សុខា មែន តែ​លើក​នេះ​អត់​មាននិយាយ​រឿង​លោក​កឹម សុខា​៕

*​សុំ​មាន​វិធានការ​ផាកពិន័យ​ចំពោះ​អ្នក​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទទួលខុសត្រូវ​
​សមាជិក​ក្រុមប្រឹក្សា​រាជធានី​បានស្នើ​ដល់​មនុស្ស​ខ្លះ​កុំ​យក​បរិស្ថាន​អនាម័យ​រាជធានី​ភ្នំពេញ​ទៅ​ប្រដូច​នឹង​ទីក្រុង​ប្រទេស​នានា​ដែលមាន​ការអភិវឌ្ឍ​យូ​មកហើយ​។​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដើម្បី​ពិនិត្យ​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​ពិនិត្យ​និង​អនុម័ត​សេចក្តីព្រាង​របាយ​ការ​ណ៏​ប្រចាំ​ខែតុលា ឆ្នាំ​២០១៨​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​កាលពី​ព្រឹក​ថ្ងៃទី​៨​វិច្ឆិកា​នេះ​៕

*​បញ្ញវន្ត​សង្ឃ : កឋិនរួមចំណែក​ច្រើន​ដល់​វិស័យសេដ្ឋកិច្ច​
​ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ និង ជា​ព្រះចៅអធិការ​វត្ត​ធុតង្គ​ចំការ​ដូង បាន​មាន​ព្រះ​ថេរ​ដីកា​អំពី​គុណ​ប្រ​យោ​ជ នៃ កឋិន​ថា កឋិន មិន​មែនមាន​ប្រយោជន៍​តែ​ក្នុង​វិស័យ​ពុទ្ធចក្រ​ចក្រ ឬ សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រយោជន៍​ច្រើ​ណាស់​ដល់​អាណាចក្រ ឬ ដល់​សង្គម ដោយសារ កឋិន នាំឱ្យមាន​ការទិញ​បរិក្ខា​នានា សម្រាប់​ប្រើប្រាស់​នៅក្នុង​បុណ្យ កឋិន ដូចជា​ត្រៃចីវរ គ្រែ មុង កន្ទេល ខ្នើយ ភេសជ្ជៈ បន្លែ ផ្លែឈើ បាយទឹក​នំចំណី​ត្រី​សាច់ និង ថ្នាំសង្កូវ ជាដើម គឺជា​ការរួមចំណែក​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​មានដំណើរ​ការ​បានល្អ ព្រោះ​បុណ្យកឋិន​នេះ​បាន​បង្កើតឱ្យមាន​ការ ទិញ និង លក់ ហើយក៏​ថែម​ទាំ​អ​បង្កើត​ការងារ​ដល់​ចុងភៅ និង ការចូល​រោង ( សម្រាប់​បុណ្យកឋិន​) ថែមទៀត ៕

*​គ្រោះរាំងស្ងួត​កំពុង​គំរាម​គំហែង​ដល់​ដំណាំ​ស្រូវ​រដូវវស្សា​ចំនួន​ប្រាំមួយ​ឃុំ​
​មន្ត្រី​ធនធានទឹក និង​អាជ្ញាធរ​ខេត្តកំពង់ចាម បាននិងកំពុង​ប​ញ្ជួ​ន​គ្រឿងចក្រ​ម៉ាស៊ីនបូមទឹក រួមទាំង​ឧបករណ៍​ជាច្រើន​ផ្សេងទៀត ទៅកាន់​តំបន់​ជា​ប្រភពទឹក​នានា​របស់​ខេត្ត​មួយ​នេះ​។ ដើម្បី​បូមទឹក​ជួយសង្គ្រោះ ដំណាំ​ស្រូវ​រដូវវស្សា​ចំនួន ប្រាំមួយ ឃុំ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត គឺ​បណ្តាលមកពី​អាកាសធាតុ​ភ្លៀង មិន​បង្អោរ​ប្រហែល​ជាង​មួយខែ កន្លងទៅនេះ​៕

*​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ជនជាតិ​កម្ពុជា អាយុ​ពី​១៥​ទៅ ៦៥​ឆ្នាំ ចំនួន​២៦% បាន​ត្រូវ​បំពាន​តាម​អន​ឡាញ​
​ការ​ស្រង់​មតិ AfterAccess ដែល​ទើបតែ​ផ្សព្វផ្សាយ​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា​ដោយ​LIRNEASIA បណ្ដុំ​អ្នកផ្ដល់​គំនិត​គោលនយោបាយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​(ICT) និង​ទំនាក់ទំនង​ក្នុង​តំបន់​បានផ្តល់​ទិន្នន័យ​ថ្មីៗ​ទាក់ទង​លើ​ការប្រើប្រាស់​ទូរស័ព្ទ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុងប្រទេស​កម្ពុជា​។​AfterAccess គឺជា​ការស្ទង់មតិ​ថ្នាក់ជាតិ ដែល​ធ្វើឡើង​តាមរយៈ​ការសម្ភាសន៍ ប្រជា​ពល​រដ្ន​៣៨,០០៥​នាក់​នៅ​ប្រទេស​ចំនួន​១៨​នៅ​ភាគខាងត្បូង​នៃ​សកលលោក​។​ការស្រាវជ្រាវ​នេះ​ផ្ដោត ទៅលើ​បញ្ហាសំខាន់ៗ ដែល​ទាក់ទង​នឹង ការភ្ជាប់​ជាមួយនឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​និង​អ៊ី​ន​ធើ​ណិ​ត​ដែល អាច​ប្រៀបធៀប​បាន​នៅ​ទូទាំង​សកលលោក​។​
​តាមរយៈ​របាយការណ៍​ការ​ស្រង់​មតិ​របស់ AfterAccess ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​អ៊ីនធឺណិត នៅ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​១៥​ទៅ​៦៥​ឆ្នាំ ចំនួន​២៦% ទទួលបាន​ការបំពាន​ជា​ទម្រង់​ផ្សេងៗ តាមរយៈ​អន​ឡាញ ៕