សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨

250

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ រួមមាន​ដូចតទៅ ៖

*​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទស្សនា​ទេសភាព​ទឹកជ្រោះ​ប៊ូ​ស្រា​នៃ​ខេត្តមណ្ឌលគិរី​
​ក្រោយ​អំពី​នៃ​ការផ្តល់​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ជូន​គ្រួសារ​ក្រីក្រ​ជាង​១​ពាន់​គ្រួសារ​នៅឯ​ស្រុក​កែវ​សីមា​កាលពី​រសៀល​ថ្ងៃទី​១៤ ​វិច្ឆិកា​ ឆ្នាំ​២០១៨​ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ​បាន​បន្តដំណើរ​ទស្សនា​ទេសភាព​ទឹកជ្រោះ​ប៊ូ​ស្រា ​ដែលជា​ទឹកជ្រោះ​មួយ​ធំជាងគេ​នៃ​ខេត្តមណ្ឌលគិរី​។​
​សូមជម្រាបថា​នាពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ​ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុនសែនបានបន្ត​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ចំនួន​១.៣១៣​គ្រួសារ​ទៀត​ក្នុង​ក្រុង​សែន​មនោ​រម្យ​។​ ហើយ​នា​រសៀល​ថ្ងៃ​ដដែល​សម្តេច​និង​បន្ត​ផ្តល់​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ចំនួន​៦៣០​គ្រួសារ​ក្នុងស្រុក​អូ​រាំង​បន្ថែមទៀត ​មុន​នឹង​សម្តេច​វិលត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​១៦  ​ស្អែក​នេះ​៕

*​ក្រសួង​ការងារ​បន្ត​អំពាវនាវ​ដល់​និយោជក និង​កម្មករ​ផ្នែក​សំណង់​បង្កើន​ការយល់ដឹង​ច្រើនជាង​មុន លើ​បញ្ហា​សុខភាព​និង​សុវត្ថិភាព​ការងារ​
​ស្រប​ពេលដែល​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា បញ្ហា​សុខភាព​និង​សុវត្ថិភាព​ការងារ​របស់​កម្មករ​និយោជិត​កាន់តែ​ប្រឈម​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​និយោជក ក៏ដូចជា​កម្មករ​ទាំង​អស់​ត្រូវមាន​ការយល់​ដឹង​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ដោ​យថាហេតុ​ណាមួយ​៕

*​ដាក់ពង្រាយ​កម្លាំង​ចំនួន​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ ទូក​ឆ្នាំនេះ​
​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​បាន​លើកឡើងថា​៖​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ឱ្យបាន​ល្អប្រសើរ​ក្នុងឱកាស​បុណ្យ​អុំ ទូក អកអំបុក បណ្តែតប្រទីព និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រ​ព្រឺ​ត្ដិ​ទៅ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​កម្លាំង​មាន​សមត្ថកិច្ច​នឹងដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈបញ្ជាកា​រ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់ ៕

*​ឡានធំ​បុក​រះ​រថយន្ត​៣​គ្រឿង​, បុក​កិន​ម៉ូតូ​៤​គ្រឿង នៅត្រង់​ភ្លើងស្តុប​កណ្តាល​ក្រុង​សិរីសោភ័ណ​: របួស​៣ ស្លាប់​១
​ឡានធំ​បុក​រះ​រថយន្ត​៣​គ្រឿង​, បុក​កិន​ម៉ូតូ​៤​គ្រឿង​នៅត្រង់​ភ្លើងស្តុប​កណ្តាល​ក្រុង​សិរីសោភ័ណ នា​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥៦ ភូមិ​សូ​ភី​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ បង្ក​ឲ្យ​ជនរងគ្រោះ​របួសធ្ងន់​ស្រាល ៣​នាក់​, ស្លាប់​១​។​ឧ​ប​ទ្ទ​ហេតុ​កើតឡើង​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ចំពេល​ភ្លើងស្តុប​កំពុងដំណើរការ ហើយ​នគរបាល​ចរាចរណ៍​ផ្លូវគោក ក៏​ឈរជើង​នៅ​៤​ចំណុច​នៃ​គោលដៅ​នោះ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្ត​៕

*​កូន​រមាំង​ពីរ​ក្បាល​បានចាប់កំណើត​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​

​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ កូន​រមាំង​ចំនួន​២​ក្បាល (​ញី​១​ក្បាល​) បានកើត​នៅក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ នេះ​បើតាម​វេ​ប​សាយ​អគ្គនាយកដ្ឋាន​រុក្ខា​ប្រ​ម៉ាញ់​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ។​ ​បច្ចុប្បន្ន​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ មាន​រមាំង​ក្នុង​ទ្រុង​ចំនួន​២៣​ក្បាល និង​រមាំង​ក្នុងព្រៃ​ចំនួន​៣​ក្បាល​៕​