សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨

753
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែវិច្ឆិកា​

*​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​និវត្ត​មកដល់​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃទី ១៦ ខែវិច្ឆិកា​នេះ​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ត្រឡប់​មកដល់​មាតុភូមិ​វិញ​នៅវេលា​ម៉ោង​ប្រមាណ ១១​ថ្ងៃទី​១៦​ខែវិច្ឆិកា នេះ​បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី ១៣ ដល់​១៥ ខែ វិច្ឆិកា​នេះ ៕

*​ភ្ជាប់​ទំនាក់ទំនង​កម្ពុ​ជាៈ ឱកាស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក
​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (​យូ​អេ​ន​ឌី​ភី​,UNDP) អ្នកវិនិយោគទុន និង​ក្រុមហ៊ុន​ឯកជន​ដ៏​មាន​សក្តានុពល​នានា​រួមមាន ក្រុមហ៊ុន Shenzhen 4PX Express Co., Ltd., ដែល​ស្ថិតក្រោម​សម្ព័ន្ធ Alibaba CainiaoLogisticsGroup​បាន​ជួបប្រជុំគ្នា​ដើម្បី​ពិភាក្សា​ពី សក្តានុពល​នៃ​ការ ធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Trade)​និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ក្នុង​វេទិកា​ភ្ជាប់ ទំនាក់ទំនង​កម្ពុជា (ConnectCambodia) ដែល​បាន​ប្រព្រឹត្តឡើង​នៅ​រាជធានី​ភ្នំពេញ​៕

*​លោក​ខៀវ​សំផន និង​លោក​នួន​ជា ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​
​អង្គជំនុំជម្រះ​សាលាដំបូង នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក ឬ​តុលាការ​ខ្មែរក្រហម បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត លើ​លោក នួន​ជា និង​លោក​ខៀវ​សំផន​។ នេះ​ជាការ​សម្រេច​ផ្តន្ទាទោស​លើក​ទី​២ បន្ទាប់ពី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចាស់ជរា​ទាំង​ពីររូប កាលពី​ឆ្នាំ​២០១៤ ត្រូវបាន​តុលាការ​ខ្មែរក្រហម បានចេញ​សាលដីកា​ស្ថាពរ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម និង​ការសម្លាប់​មនុស្ស ក្នុង​របប​ខ្មែរក្រហម​៕

*​ពិធីបុណ្យ​អុំទូក​ខាងមុខ សាលាក្រុង​ភ្នំពេញ​គ្រោង​ពង្រាយ​បន្ទប់ទឹក​និង​ធុងសំរាម​ប្រមាណ​២០០០​កន្លែង​
​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​សប្តាហ៍​ខាងមុខ នឹងដាក់​ពង្រាយ​បន្ទប់ទឹក​ប្រមាណ​ជិត​៥០០​បន្ទប់ និង​ធុងសម្រាម​ចំនួន​១.៦០០​ធុង សរុប​ប្រមាណ​២.១០០​ក្នុង​ទីតាំង​សំខាន់ៗ​ផ្សេងគ្នា ដែល​ប្រារព្ធ​ពិធី​នេះ​ឡើង​៕

*​តម្លៃ​ប្រេង​ធ្លាក់​ចុះក្រោម​៤.០០០​រៀល ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​១៦ ដល់​៣០ ខែវិច្ឆិកា​
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​បាន​បញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ តម្លៃ​ប្រេង​នៅតាម​ស្ថានីយ៍​ធំៗ​ដែល​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​ថ្មី​នេះ សម្រាប់​ប្រេងសាំង​ធម្មតា​តម្លៃ​៣.៦៥០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​តម្លៃ​៣.៨០០​រៀល​ក្នុង​មួយ​លីត្រ​៕

*​រថយន្ត​ធុន​ធំ​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​ជាច្រើន និង របួស​ជាច្រើន​នាក់ នៅ​គល់ស្ពាន​ព្រះមុនីវង្ស​
​រថយន្ត​ដឹង​ទំនិញ​ប្រភេទ ៥​តោន​សង្ស័យ​ដឹក​លើស​ទម្ងន់ ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់ ជាន់​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​ទៅបុក​រះ​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការខូចខាត​កាលពី​វេលា​ម៉ោង​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ (​ត្រើយ​ខាងលិច​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕

*​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​បី​រឿង លើក​ពាន ដោយ​ផ្តោតលើ​ការអប់រំ និង​វប្បធម៌​
​ម្ចាស់​ពានមាស ទាំងបី ក្នុងការ​ប្រលង មហោស្រព​ភាពយន្ត​ខ្លី​កម្ពុជា​លើក​ទី​២ បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ ក្រោយពេល មហោស្រព​ភាពយន្ត​ខ្លី​កម្ពុជា​លើក​ទី​២​នេះ បាន​ដំណើរការ​អស់​រយៈពេល ប្រាំ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០ វិច្ឆិកា ដល់​ថ្ងៃទី​១៥ វិច្ឆិកា ២០១៨ ក្នុងចំណោម​ខ្សែភាពយន្ត​ខ្នាត​ខ្លី ៤១ រឿង និង​សម្រេច​ជ្រើសរើស​៦​រឿង​ចុងក្រោយ ចាក់​បញ្ចាំង​ដើម្បី​បោះឆ្នោត​ជ្រើសរើស​បញ្ចប់​៕