សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨

726
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨

* កម្ពុជា​ស្នើ​ភាគី​ថៃ​ចាត់​វិធានការណ៍​លើ​ករណី​ប្រើប្រាស់​និមិត្តសញ្ញា​ជាតិ​របស់​កម្ពុជា នៅលើ​បាវ​អង្ករ​គេ​

​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​កន្លងទៅនេះ បាន​សំណូមពរ​ដល់​ភាគី​ថៃ ចាត់​វិធានការណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ករណី​ប្រើប្រាស់​និមិត្តសញ្ញា​ជាតិ​របស់​កម្ពុជា (​ប្រាសាទអង្គរវត្ត​) នៅលើ​បាវ​អង្ករ​របស់​ថៃ ដែល​កំពុង​ធ្វើ​ចរាចរណ៍​លក់​នៅតាម​ទីផ្សារ​មួយចំនួន ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​នៃ​ប្រទេស​កាណាដា​។​

​ការ​សំណូមពរ​ខាងលើនេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ធ្វើឡើង​ក្នុងជំនួប​ការងារ​រវាង​លោក ប៉ានី​យ៉ា​រ៉ា​ក់ ពូ​ល​ធុ​ប ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ថៃ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការក្រសួង ៕

*​កងទ័ព​មួក​ខៀវ​កម្ពុជា​៩​នាក់​ពលី​មរណៈ​,១១​នាក់​រង​បួស​ក្នុងពេល​បំពេញបេសកកម្ម​របស់​អ​.​ស​.​ប​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ នាយទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៩​នាក់ បាន​ស្លាប់ និង​ពលី​និង​ចំនួន​១១​នាក់​បាន​រង​បួស​នៅក្នុង​ពេលដែល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ប្រាក់​សំណង​៧​ម៉ឺន​ដុល្លារ ជូន​ក្រុមគ្រួសារ​សព​អនុសេនីយ៍ត្រី សួន សំបូរ ដែល​បាន​ពលី​ក្នុងពេល​បំពេញបេសកកម្ម​របស់​អ​.​ស​.​ប​នៅ​សាធារណរដ្ឋ​ម៉ាលី​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​ទីស្តីការ​ក្រសួងការបរទេស ៕

*​រដ្ឋាករទឹក​កោះកុង កែប្រែ​នីតិវិធី​ទូទាត់​ថ្លៃ​ទឹកស្អាត​ជា​ប្រាក់រៀល​វិញ​

​ដ្ឋា​ករ​ទឹកស្អាត​ខេត្តកោះកុង របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ បានសម្រេច​កំណត់​គោលការណ៍​នីតិវិធី​ថ្មី លើ​ការទូទាត់​ថ្លៃ​ទឹកជា​ប្រាក់រៀល​វិញ​ហើយ គ្រា​កន្លងទៅ​ក្រុមហ៊ុន​តម្រូវ​បង់ថ្លៃ​គិតលុយ​បាត​។ ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម​ខេត្ត លោក ខ្លឹម គគីរ ឱ្យដឹងថា នីតិវិធី​កែប្រែ​ថ្មី​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ ក្រោយ​មាន​ទទូច​ស្នើសុំ នាពេល​កន្លងទៅ ៕

*​កាយ​ដី​ភក់​និង​សំរាម​ចេញពី​ប្រឡាយ​ស្ទឹងមានជ័យ​ប្រមាណ​៤៦,២០០​ម៉ែត្រគូប​រួច​ចាក់ដី​បំពេញ​ពុះ​ឡូ​ត៌​ជូន​ប្រជាពលរដ្ឋ​

​កាយ​ដី​ភក់ និង​សំរាម​នៅ​ប្រឡាយ​ស្ទឹងមានជ័យ មាន​បរិមាណ​ប្រមាណ​៤៦.២០០​ម៉ែត្រគូប ដែល​ត្រូវ​កាយ​ចេញ មុន​ចាក់ដី​បំពេញ ដើម្បី​ពុះ​ឡូ​ត៌​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ប្រឡាយ​នេះ​។ លោក សំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមិថុនា​នេះ​ថា តាម​គម្រោង ការជីក​កាយ​បរិមាណ​ដី​ភក់ សំរាម ដែល​ត្រូវ​កាយ​និង​ដឹកជញ្ជូន ចេញពី​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ចំនួន ៤៦.២០០​ម៉ែត្រគូប​លើ​ប្រវែង​ប្រឡាយ​១៣៩៨​ម៉ែត្រ​ដោយ​ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដល់​ប្រឡាយ​ដើម​ស្លើ​ង ៕