សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨

635
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​សម្តេចនាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨​នៅ​នេ​ប៉ាល់​


​តប​តាម​ការអញ្ជើញ​របស់លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ចាប់ពី​ថ្ងៃទី​២៩-៣០​ខែវិច្ឆិកា​ហើយនឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ាល់​ពីថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ដល់​ថ្ងៃទី​២​ខែធ្នូ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨៕

*​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ផ្តល់​ឱវាទ​សំខាន់​ពីរ​យ៉ាង​ដល់​យុវជន​កម្ពុជា​
​សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​. យ​.​ក​) នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ។​


​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​បាន​មានប្រសាសន៍​លើកទឹកចិត្ត​និង​ផ្តាំផ្ញើ​យុវជន​កម្ពុជា​នូវ​២​ចំណុច​សំខាន់​គឺ​៖ ទី​១- ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការកសាង​អភិវឌ្ឍ ប្រទេសជាតិ​មាតុភូមិ​កម្ពុជា​យើង ឲ្យ​ក្លាយជា​ប្រទេស​រីកចម្រើន​ក្នុង​តំបន់​ជា​សង្គម​ប្រកបដោយ អារ្យធម៌ និង​សេចក្តីស្រឡាញ់​គ្មាន​ការកើត ឡើងវិញ​នូវ​សង្គ្រាម របប​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ ដូច​ពី​អតីតកាល​ទៀតឡើយ​។ ទី​២- យុវជន​ម្នាក់ៗ ត្រូវខិតខំ​រៀនសូត្រ​ល​ត់​ដំ​ខ្លួន​ក្នុង​ចលនា​របស់​ប្រជាជន មហាជន ដើម្បី​ក្លាយជា​អ្នកដឹកនាំ​ល្អ​នាពេល​អនាគត ដែលមាន​ស្មារតី​ស្នេហា ជាតិ​បរិសុទ្ធ មាន​សមត្ថភាព មានគុណ​ភាព និង​មាន​ឆន្ទៈ​មោះមុត ក្នុងការ​ថែរក្សា ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ដែនដី ឲ្យ​បាន​រឹងមាំ​ក្នុង​គ្រប់​ស្ថានភាព និង​គ្រប់​កាលៈទេសៈ​ទាំង អស់​៕

*​សៀវភៅ​បែប​ប្រវត្តិសាស្ត្រ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” និយាយ​ពី​ដំណើរ​តស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន របស់​សម្តេច ហេង សំរិន ត្រូវ​សម្ពោធ​និង​ផ្សព្វផ្សាយ​
​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធ​និង​ផ្សព្វផ្សាយ​សៀវភៅ​កំណត់ហេតុ​ស្តីពី ការតស៊ូ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត ការចូលរួម​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​ក្រោយ​ភ្លើងសង្គ្រាម​បាន​រលត់​ទៅ​។ បេសកកម្ម​ក្នុង​បុព្វហេតុ​ជាតិ​និង​ប្រជាជន ដែល​សម្តេច​បាន​ចំណាយពេល​សឹង​ពេញ​មួយជីវិត​សម្តេច ត្រូវបាន​កត់ត្រា​ទុក​នៅ​ក្នុង​សៀវភៅ “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​” ជា​ភាសា​អង់គ្លេស​ដែល​បាន​សម្ពោធ​និង​ផ្សព្វផ្សាយ នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨៕

*​ព្យុះ​ទី​២៩ មាន​ឥទ្ធិពល​ផ្ទាល់​ដល់​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​
​ព្យុះ​ឈ្មោះ​យូ​សាជី បាន​ថយឥទ្ធិពល​មក​នៅ​ជា​វិ​សម្ពាធ ពេល​ដើរចូល​មកដល់​ប្រទេស​កម្ពុជា ដោយមាន​ល្បឿន​រំ​កឹ​ល​យឺត និង​ខ្យល់​បក់បោក ក៏បាន​ចុះខ្សោយ​មក​នៅក្រោម​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង តែមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅក្នុង​តំបន់​ដែល​ព្យុះ​បាន​ចូលដល់​ធ្វើ​ឲ្យ​បញ្ចប់​ការងារ​អន្តរាគមន៍​បូមទឹក នៅក្នុង​ខេត្ត​ជាច្រើន ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក​ក៏បាន​ត្រៀម​គ្រឿងចក្រ ដើម្បី​ទប់ទល់​ជាមួយនឹង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​ផងដែរ​៕

*​កម្ពុជា​-​ថៃ គ្រោង​ប្រើ​ត្រឹម​អត្តសញ្ញាណប័ណ្ណ ដើម្បី​ឆ្លងដែន​នៅ​ថ្ងៃបុណ្យ​សមុទ្រ​
​អាជ្ញាធរ​កម្ពុជា និង​ភាគី​ថៃ គ្រោង​នឹង​កំណត់អោយ​ប្រើប្រាស់​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ​អាច​ឆ្លងដែន​ទៅមក​លេង​កម្សាន្ត​បាន​នៅ​ថ្ងៃបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ក៏​ការអនុញ្ញាតឲ្យបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​២៤​ម៉ោង​លើ​២៤​ម៉ោង​ផងដែរ​។​ ​តាម​ការបញ្ជាក់​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ពិធី​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ស្ថាប័ន​មន្ទីរ​សមត្ថកិច្ច​ជំនាញ​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ថៃ នឹង​ឯកភាព​រួមគ្នា​លើ​កិច្ចការ​សម្រប សម្រួល​ដល់​ឆ្លងដែន​ការ​ស្នាក់នៅ​និង​ការ​ទៅមក​លេង​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​ជូន​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ គឺ​អនុញ្ញាត​ឱ្យប្រើ​ត្រឹមតែ​អត្តសញ្ញាណប័ណ្ណ​ប៉ុណ្ណោះ​ជំនួស​លិខិតឆ្លងដែន ហៅ​ម្យ៉ាង Passport៕

*​បុរស​ស្ត្រី​៣​នាក់​ស្លាប់​និង​របួស ដោយសារ​រថយន្ត​កុង​តឺ​ន​រ័​បុក​នៅមុខ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​
​មុននេះ​បន្តិច វេលា​ម៉ោង​២​កន្លះ​រសៀល ថ្ងៃ​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨ រថយន្ត​កុងតឺន័រ​បាន បុក​ប៉ះ​ជាមួយ​អ្នក​ជិះម៉ូតូ​មាន​គ្នា​៣​នាក់ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​កន្លែង និង​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​៕