សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨

596
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ​ញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៥ ខែធ្នូ រួមមាន​ដូចតទៅ ៖

*​សម្ដេច​តេ​ជោ អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​
​តប​តាម​ការអញ្ជើញ​របស់លោក​ថង​លូន ស៊ី​សូលី​ត​(Thongloun Sisoulith)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​និង​លោក​ង្វៀន សួន​ហ្វុ​ក​(Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរ​ដ្ឋ​សង្គមនិយម​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ​នេះ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨​និង​បន្ត​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀត ណា​ម​ពីថ្ងៃ​ទី​៧​ដល់​៨​ខែធ្នូ​៕

*​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ទៅ​គណៈកម្មការ​ជំនាញ​ពិនិត្យ​
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បញ្ជូន​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពិ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​និង​ការពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា រួច​រាយការណ៍​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ប្រជុំ​សម្រេច​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​សភា​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ ដើម្បី​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តី​ពិ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ការពិនិត្យ​សំណើសុំ​អនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​បរ​ធន​បាល​កិច្ច​៕

*​កម្ពុជា​និង​វៀតណាម​និង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៦​ទាក់ទង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នយោបាយ​
​ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៦ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ទៅ កាន់​ប្រទេស​វៀតណាម ។ ឯកសារ​ទាំង​៦​នោះ​ផ្តោតទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស វិស័យ​អប់រំ ការបោះបង្គោល​ព្រំដែន និង ការសម្រួល​ពាណិជ្ជកម្ម​។​នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​៕

*​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​អះអាងថា រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាសាទ​ដួលរលំ និង​ការ​លួច​វត្ថុ​បុរាណ​ទៀតហើយ​
​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្ប​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​និង​បញ្ហា​អសន្តិសុខ ប្រសាទ​ដួលរលំ និង​ការ​លួច​វត្ថុ បុរាណ​ទៀតហើយ​។​លោកស្រី​រដ្ឋមន្ត្រី ថ្លែង​បែបនេះ​គឺ​ក្នុង​សន្ទរកថា នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៥​ខែ​ឆ្នូ​ឆ្នាំ​២០១៨​។​លោកស្រី​រដ្ឋមន្ត្រី​បន្តទៀតថា បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាង្គ​ប្រាសាទ​ដួលរលំ ឬ​ការ​លួច​វត្ថុ​បុរាណ​ទៀតហើយ​។ ក៏ប៉ុន្តែ​យើង​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ផ្សេងទៀត​ដូចជា ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន ការគ្រប់គ្រង​ការតាំង​ទីលំនៅ​ថ្មី​នៅក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការគ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​។​ល​។ ដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​និង​វិធីសាស្ត្រ​ទប់ទល់​ឱ្យបាន​សមស្រប​និង​មាន​ប្រសិទ្ធិភាព​ទាំង​ក្នុង​បច្ចុប្បន្ន​និង​អនាគត​៕

*​កូរ៉េ​ចំណាយ​ទឹកប្រាក់​៧​លាន​ដុល្លារ​បន្ត​ការជួសជុល​ក្រុម​ប្រាសាទ​
​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​អនុស្សារណ​:​យោគយល់​គ្នា​ដើម្បី​បន្ត​ជួសជុល​និង​អភិរក្ស​ក្រុម​ប្រសាទ​ព្រះ​ពិធូរ​ជំ​ហ៊ាន​២​រួម​និង​លានជល់ដំរី​នៅ​ក្រុង​អង្គរធំ​ក្នុង​ទឹកប្រាក់​៧​លាន​ដុល្លារ​។​ ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥ របស់​អាយ​ស៊ី​ស៊ី​-​អង្គរ​នា​សណ្ឋាគារ​សុខា​សៀមរាប​លោក​បណ្ឌិត​ស៊ុ​ម៉ាប់​អគ្គនាយក​តំណាងឱ្យ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា​និង​លោក​JeongYungil​នាយក​ប្រតិបត្តិ​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​កូរ៉េ (KOICA) តំណាងឱ្យ​ភាគី​កូរ៉េ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ដើម្បី​បន្ត​ជួសជុល អភិរក្ស​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​២ រួម​នឹង​លានជល់ដំរី​នៅ​ក្រុង​អង្គរធំ​។​ ​ការចុះ​អនុស្សារណៈ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​ជំហាន​ទី​១​បានបញ្ចប់​ដោយ​ជោគជ័យ​នៅ​ចុងឆ្នាំ​២០១៨​។​កាលពី​នៅ​ថ្ងៃទី​១៦​ដល់​២១​កញ្ញា​២០១៨​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA បាន​ចុះមក​ពិនិត្យមើល​ការងារ​បច្ចេកទេស លទ្ធភាព​ក្នុងការ​ជួសជុល និង​ប្រមូលផ្តុំ​ព័ត៌មាន​ផ្សេងៗ មុន នឹង​សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ឡើង​៕

*​កូនប្រុស​ទាំង​៣​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ត្រូវបាន​រៀបរាប់​ក្នុង​សៀវភៅ​ចេញ​ថ្មី​
​សៀវភៅ​ដែលមាន​ចំណងជើង​ថា “​បងប្អូន​ប្រុស​ទាំង​៣ – ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​” ដែល​រៀបរាប់​ពី​ប្រវត្តិ​កូនប្រុស​ទាំងបី​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​៥ ធ្នូ នេះ​។​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​លោក ឆាយ សុផល សាស្ត្រាចារ្យ​ព័ត៌មាន​និង​ជា​អ្នកនិពន្ធ​សៀវភៅ​បញ្ជាក់ថា លោក​បាន​ចំណាយពេល​ប្រាំ​ឆ្នាំ​សម្រាប់​រៀបចំ​ចងក្រង​សៀវភៅ​នេះ​ឡើង ដោយ​លោក​បាន​កត់​ត្រាទុក​ពី​សកម្មភាព និង​សម្តី​របស់​បងប្អូន​ទាំងបី​គឺ ហ៊ុន ម៉ា​ណែ​ត ,​ហ៊ុន និ​ត និង ហ៊ុន ម៉ា​នី ព្រមទាំង​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ឥស្សរជន​ដឹកនាំ​វ័យក្មេង​ទាំងបី​រូប​ផង​ដរ​៕

*​ស្លាប់​មនុស្ស​២​នាក់ ដោយសារ​ឆេះ​ផ្ទះ​២​ករណី នៅ​រាជធានី​ភ្នំពេញ​
​មនុស្ស​២​នាក់​បាន​ស្លាប់ និង ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ឆេះ​ផ្ទះ​២​ករណី នៅ​រាជធានី​ភ្នំពេញ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ខែធ្នូ ។​ករណី​ទី​១ : ផ្ទះល្វែង​មួយ​ខ្នង​នៅក្នុង​បុរី​ចំការមន​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ស្ទើរតែ​ទាំងស្រុង និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ និង​ស្ត្រី​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់ ។​ករណី​ទី​២.​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ត្រូវបាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោច​អ​ធ័​ម​និង​ផ្ទះមួយ​ខ្នង​ឆេះ​ខ្ទេច​ទាំងស្រុង​ក្នុងករណី​អគ្គិភ័យ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​២២៖១០​នាទី ថ្ងៃទី​៤ ខែធ្នូ នៅ​ចំណុច​ផ្លូវលំ ក្រុមទី​៣ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​៕

*​មេ​ប៉ូលិស​បញ្ជា​ឱ្យ​បើក​ការស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត​ជនជាតិ​ចិន​កាប់​គ្នា​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​បើក​ការ ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជន​ដែល​បង្ហោះ​វីដេអូ​កាត់ត ជនជាតិ​ចិន​កាប់​គ្នា នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​ចេតនា​ដើម្បី​បំពុលបរិយាកាស ឬ​ចេតនា​អាក្រក់​ណាមួយ ចំពោះ​រាជរដ្ឋាភិបាល​៕