សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩

495
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែមករា រួមមាន​ដូចតទៅ ៖

*​រដ្ឋសភា​កម្ពុជា​និង​ឡាវ​ចុះ​អនុស្សរណៈ​យោគយល់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​
​កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែមករា ​ឆ្នាំ​២០១៩ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង​ សំរិន​ប្រធានរដ្ឋសភា​កម្ពុជា​ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ផានី ​យ៉ា​ថូ​ទូ​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​នៅ​សណ្ឋាគារ​សុខា​សៀមរាប​។​ ខណៈដែល​លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ​ចូលរួម​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ ​នៅ​ទឹកដី​អង្គរ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ប្រធានរដ្ឋសភា​កម្ពុជា​និង​ឡាវ​បាន​សម្តែង​មោទនភាព​ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ទាំងពីរ ដែល​បាន​ដំណើរការ​ទៅដោយ​រលូន​ជាពិសេស​ការគាំទ្រ​គ្នា​ទៅ​វិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​នានា​ ទាំង​ក្នុង​តំបន់​និង​សកលលោក ​និង​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផងដែរ​ ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិការ​ជាមួយគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​

*​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ដំបូងបង្អស់​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី
​នៅ​ថ្ងៃទី​១៥ ​ខែមករា​ ឆ្នាំ​២០១៩ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​ដំបូងបង្អស់​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​ បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​ត្រូវបាន​បង្កើត​កាលពី​ឆ្នាំមុន​។ ​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខេត្តសៀមរាប​ នៅក្នុង​សណ្ឋាគារ​និង​សាលសន្និសីទ​សុខា​ ជាមួយនឹង​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ជាតិ​ និង​អន្តរជាតិ​មកពី​២៦​ប្រទេស​ទូទាំង​ទ្វីបអាស៊ី​។​ ACC​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៨ ដោយ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ដែលមាន​តំណាង​គណបក្សនយោបាយ​ជាង៣៥០ មកពី ៥២ ប្រទេស​ក្នុង​តំបន់​៕

*​កម្មករ​រោងចក្រ​កាត់ដេរ «​ឡុង វិច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល​» ប្រមាណ​៤០០​នាក់ នាំគ្នា​ធ្វើ​កូដកម្ម​នឹង​ថៅកែ​ដឹក​អីវ៉ាន់​ចេញ​មិនដឹង​មូលហេតុ​

​កម្មករ ក​ម្មា​ការី​នី​កាត់ដេរ រោងចក្រ ឡុង វិច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល​(​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​ប្រមាណ​ជាង​៤០០​នាក់​បាននាំគ្នា ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ការងារ បន្ទាប់ពី​រោងចក្រ ដំណើរការ​សុកៗ ស្រាប់តែ ថៅកែ ដឹកជញ្ជូន​អីវ៉ាន់​ចេញ​ដោយ​ពុំបាន​ដោះស្រាយ​ឡើយ​៕

*​ចាប់ពី​ថ្ងៃនេះ​តទៅ លែងមាន​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ នៅលើ​ទឹកដី​ខ្មែរ​ទៀតហើយ ! លែងមាន​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ទៀត ព្រោះ​ក្រសួងសុខាភិបាល បានសម្រេច​ប្រកា​សបិទ មន្ទីរពេទ្យ ដ៏​ធ្លាប់មាន​ពាក្យ​និន្ទា រអ៊ូរទាំ ជាច្រើន មួយ​នេះ​ជា​ស្ថាពរ​ហើយ ។​ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ នេះ ។​

លិខិត​មួយច្បាប់​នោះ សរសេរថា ” បិទ​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ វ៉ិ​ច​តូ​រៀ ក្នុង​រាជធានី​ភ្នំពេញ ដែលជា​របស់​លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ អ្នកទទួលខុសត្រូវ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ដោយ​មូលហេតុ​គ្មាន​ការគោរព​តាម​លិខិតបទដ្ឋាន​របស់​ក្រសួងសុខាភិបាល ។ អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង លោកស្រី​វេជ្ជបណ្ឌិត សៀង សុគន្ធ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ ឱ្យមាន​ប្រសិទ្ធភាព ”៕

*​យក​គ្រាប់​១០៥​មី​ល្លី​ម៉ែត្រ​មក​កែច្នៃ​នៅក្បែរ​ប៉ម​ទន្លេ​បិទ ផ្ទុះ​ស្លាប់​ម្នាក់​និង​របួស​ប្រាំបួន​នាក់​
​អ្នកនេសាទ​មួយក្រុម​បាន​យក​គ្រាប់កាំភ្លើង​ត្បាល់​ទំហំ ១០៥ មី​ល្លី​ម៉ែត្រ​មួយ​គ្រាប់​មក​កែច្នៃ​បាន​ផ្ទុះ​គ​ក្រើ​ក​ព្រះធរណី នៅ​ចម្ងាយ​ពី​ប៉ម​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ​បុរស​ម្នាក់ បាន​ស្លាប់ និង​ប្រាំបួន នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅ​ព្រឹក​ថ្ងៃទី ១៤ មករា​នេះ​៕

*​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នៅ​ខណ្ឌឫស្សីកែវ ខូចខាត​សម្ភារៈ​ចំនួន​ធំ និង​រថយន្ត​លុច​ស​ស៊ី​ស​មួយគ្រឿង​
​អគ្គិសនី​មួយ​បាន​ឆាបឆេះ​ផ្ទះល្វែង​លក់​សម្ភារៈ​ចាប់ហួយ​មួយ​អស់​ចំនួន​ធំ និង​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង​អស់​មួយ​កណាត់​មុខ ដោយ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​៥៥ ផ្លូវ​បេតុង ក្រុមទី​១៤ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕