សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨

839
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៨ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​ហ្វ៊ុនស៊ិនប៉ិច​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​គ្រោះ​ថ្នាក់លើ​សម្តេចក្រុមព្រះ​-​អ្នក​ម្នាង អ៊ុក ផល្លា​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានស្នើ​សូម​ឲ្យ​រាជរដ្ឋាភិបាល និង​ជាពិសេស​ក្រសួងមហាផ្ទៃ ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​គ្រោះ​ថ្នាក់លើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា​ឲ្យ​បានច្បាស់លាស់ និង​រក​ឲ្យ​ឃើញ​ស​ខ្មៅ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ ៕

​សព​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​ដង្ហែ​ចេញពី​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​យកទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​បទុម​វ​ត្តី កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​នេះ ។​ចំណែក​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជូនទៅ​ព្យា​ល​បាល​នៅ​ថៃ​។​មន្ត្រី​បានឱ្យដឹងថា សម្តេចក្រុមព្រះ របួស​បាក់ឆ្អឹង​ដងកាំបិត ស្រាំ​ឆ្អឹងជំនី និង​បាក់ជើង​ខាងឆ្វេង​។​

*​ក្រៅពី​សុខភាព​ព្រឹត្តិការណ៍​យោ​គៈ​អន្តរជាតិ ក៏បាន​ផ្សព្វផ្សាយ​ដល់​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​

​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្រៅពី​សុខភាព ព្រឹត្តិការណ៍​យោ​គៈ​ឬ​យូ​ហ្គា​អន្តរជាតិ​នៅមុខ​ប្រាសាទអង្គរវត្ត ត្រូវបានធ្វើ​ការផ្សព្វផ្សាយ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ឲ្យ​ស្គា​ល់ពី​ប្រាសាទអង្គរវត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​

​គួរ​បញ្ជាក់ថា ទិវា​យោ​គៈ​អន្តរជាតិ​លើក​ទី​៤ នៅមុខ​ប្រាសាទអង្គរវត្ត ដែល​រៀបចំ​សហការ​ដោយ​ស្ថានទូត​ឥណ្ឌា , ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​កម្ពុជា បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយមាន​អ្នកចូលរួម​ចំនួន​ជាង ១.៣០០ នាក់ ៕

*​អភិបាល​រាជធានី​ណែនាំ​ម្ចាស់​ផ្ទះជួល​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូចជា​បងប្រុស​បង្កើតរ​ប​ស់កម្មករ​

​លោក ឃួ​ង ស្រេង បាន​ណែនាំ​ម្ចាស់​ផ្ទះជួល​មកពី​តាម​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​នោះ ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូច​បង​បង្កើត​របស់​កម្មករ កម្ម​ការ​នី​ដែល​ជួល​ផ្ទះ​របស់ខ្លួន​។​ម្ចាស់​ផ្ទះជួល​មិនមែន​បានត្រឹមតែ ជួល​ផ្ទះ​យកលុយ​ដាក់​ហោ​ប៉ាវ​ចប់​នោះទេ គឺ​ត្រូវ​ផ្សាភ្ជាប់រ​សុខទុក្ខ​ជាមួយ​បងប្អូន​កម្មករ កម្ម​ការ​នី​នឹងត្រូវ​ដឹង​ពី​សំណូមពរ​ជាក់ស្តែង​របស់​បងប្អូន ។ ការលើកឡើង​របស់លោក ឃួ​ង ស្រេង សមាជិក​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឧិ​កាស​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ​សហជីព និង​ប្រធាន​សាខា​គណបក្ស​សហជីព​មូលដ្ឋាន សហគ្រាស រោងចក្រ គ្រឹះស្ថាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែមិថុនា ៕

*​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ធ្វើការ​តវ៉ា​នៅមុខ​ស្ថាន​អាមេរិក​នៅ​ព្រឹក​នេះ

អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​បាន​បញ្ឈប់​ពី​ការងារ​ចំនួន​៣២​នាក់ នឹងធ្វើ​ការតវ៉ា​នៅមុខ​ស្ថាន​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ ក្នុង​គោលបំណង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​អំពី​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ​។ ទាក់ទង​ការតវ៉ា​មុខ​ស្ថានទូត​អាមេរិក​នេះ គឺមាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ហើយ ប៉ុន្តែ​មិន​អនុញ្ញាតអោយ​មានការ​ហែ​រ​ក្បួន​នោះទេ​ ៕

*​តុលាការ​ខេត្តកោះកុង រុះរើ​ខ្ទម​ស្បូវ​ខុសច្បាប់​ចេញពី​ដី​កម្មសិទ្ធិ​អ្នកដទៃ​និង​បាន​បំពាន​ឆ្នេរសមុទ្រ​របស់​រដ្ឋ​

​តុលាការ​ខេត្តកោះកុង សម្រេច​រុះរើ​ខ្ទម​ស្បូវ​លំហែកាយ​ចំនួន​ប្រាំ ចេញពី​ដី​កម្មសិទ្ធិ​របស់លោក មីន ហ៊ាន និង បាន​បំពាន​លើ​ចំណី​មាត់​ឆ្នេរសមុទ្រ​របស់​រដ្ឋ​ផងដែរ ៕

*​ចាប់ខ្លួន​លើក​ទី​៤​ក្រោយពី​ជាប់ពន្ធនាគារ​៣​លើក​មិន​រាងចាល​បន្ត​លក់​ថ្នាំញៀន​

​ជនសង្ស័យ​ម្នាក់ ទោះជា​ធ្លាប់​ជាប់ពន្ធនាគារ​ច្រើនលើក​មកហើយ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​តែ​មិន​រាងចាល​ចេញ​វិញ​ដើរ​លក់​ថ្នាំញៀន​ដដែល​។ ជនសង្ស័យ ឈ្មោះ សុខ ចាន់​ឌី​ណូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ លក់​គ្រឿងញៀន ធ្លាប់​ជាប់ពន្ធនាគារ​៣​ដង​មកហើយ រាប់ទាំង​លើក​នេះ​ជា​លើក​ទី​៤​។ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មគោល​៣ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​រំចេក ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ៕

*​ធ្លាយ​ដំណឹង ឱក សុគន្ធ​កញ្ញា ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយ​ប្អូនប្រុស​ថៅកែ​ហង្ស​មាស​

​ជាក់ស្តែង​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​លំដាប់​ប្រទេស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​ភ្ជាប់ពាក្យ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ មិថុនា ២០១៨ ជាមួយនឹង​ប្អូនប្រុស​ថៅកែ​ហង្ស​មាស នៅក្នុង​បូរី អ័​រ​គី​ដេ​វីឡា​គម្រោង​ទី​២ រួម ជាមួយ សាច់ញាតិ និង មាតាបិតា​ទាំងសងខាង ៕