សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨

808
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែមិថុនា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​៣.២៣៣​នាក់​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នេះ នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចំនួន ៣.២៣៣​នាក់​ដែល​ក្នុងនោះ​មាន​នារី​១.៥០៨​នាក់​។​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ នឹង​ធ្វើឡើង​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាមរយៈ​វេទិកា​នៅ​ព្រឹក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​នូវ​សារសំខាន់ៗ​ចំនួន​បី​គឺ ទី​១.​សម្ដេច​ប្រកាស​បញ្ចុះតម្លៃ​ប្រេង ៤​សេន​ដុល្លារ ក្នុង​១​លីត្រ ចាប់ពី​ថ្ងៃទី​១​កក្កដា​, ទី​២.​សម្ដេច​ទទូច​ឲ្យ​អ្នកនយោបាយ​ទាំងអស់ ឃោសនា​តែ​គោលនយោបាយ​បក្ស​ខ្លួន កុំ​បង្អាប់​បក្ស​ដទៃ និង​ទី​៣.​សម្ដេច​ពន្យល់​ពួក​បរទេស​ឱ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ៕

*​សម្ដេច​ក្រឡាហោម​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៦ របស់ គ​.​ជ​.​អ​.​ប​.

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៦ របស់ គ​.​ជ​.​អ​.​ប​.​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការកោះប្រជុំ​លើក​ទី​១៦​របស់ គ​.​ជ​.​អ​.​ប​. នាពេលនេះ គឺមាន​គោលបំណង​ត្រួតពិនិត្យ​លើ​ស្ថានភាព​នៃ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨​នេះ តាមរយៈ​ការរៀបចំ និង​ការអនុវត្ត​ផែនកា​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨​របស់ គ​.​ជ​.​អ​.​ប​. ដែល​យើង​បាន​ពិនិត្យ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៥ របស់ គ​.​ជ​.​អ​.​ប​. នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​កន្លងមកនេះ​៕

*​ចិន​ចង់​វិនិយោគ​វិស័យ​គមនាគមន៍​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រតិភូ​ក្រុមហ៊ុន ឆៃ​ណា រៃ​យ៍​វ៉េ (China Railway 19th Bureau Group) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​គម​នា​មន៍ ជាពិសេស​ផ្លូវដែក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន​។​

​ការបញ្ជាក់​បែបនេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការក្រសួង លោក គ័ង ជាន​កាង (Gong Jiangang) នាយក​ចាត់ចែង​ក្រុមហ៊ុន China Railway របស់​ចិន ៕

*​ធនាគារពិភពលោក​អនុម័ត​ហិរញ្ញវត្ថុ​បន្ថែម ១១០​លាន​ដុល្លារ គាំទ្រ​ការកែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍

​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ធនាគារពិភពលោក​កាលពី​ថ្ងៃទី​២១ ខែ ខែមិថុនា​ឆ្នាំ​២០១៨ បានអនុម័ត​ហិរញ្ញវត្ថុ​បន្ថែមចំនួន ១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្ពុជា សម្រាប់​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​។​

​តាម​យៈ​គម្រោង​នេះ​ប្រទេស​កម្ពុជា​នឹង​បន្ត​កែលម្អ​លក្ខខណ្ឌ​សុវត្ថិភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ផ្លូវជាតិ​ដ៏​សំខាន់​មួយចំនួន​។​ការគាំទ្រ ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវ​-​ថ្នល់ ជំហាន​ទី​២ (Road Asset Management Project II/RAMP II)​នេះ ក៏​នឹង​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយផ្តល់​ដល់​ការឆ្លើយតប​ភ្លាមៗ​និង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងករណី​មាន​ស្ថានភាព​បន្ទាន់ ៕

*​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហ​ប្រជា​តិ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​

​ប្រភព​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា​បណ្ឌិត អេ​រិច សូល​ហេម​(ErikSolheim) នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហ​ប្រជា​តិ​(UNEP)​នឹង អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា​រយៈពេល​មួយថ្ងៃ​នៅ​ថ្ងៃទី​២៥ ខែមិថុនា​ខាងមុខ ។ ទស្សនកិច្ច​មួយ​នេះ​តប​តាម​សេចក្តី​អញ្ជើញ​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៃ​កម្ពុជា ៕

*​ស្ថាន​តំណាង​កម្ពុជា អន្តរា​គម​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២១​នាក់ នៅ​សឹង្ហ​បុរី​

​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សឹង្ហ​បូរី បាន​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី ខ្មែរ​ចំនួន​២​នាក់ មកពី​ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង ដែល​បាន​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​សឹង្ហ​បូរី កាលពី​ខែមេសា និង​ខែឧសភា ឆ្នាំ​២០១៨ តែ​មិនអាច​ទ្រាំទ្រ​ការងារ​លំបាក​នៅ​ទីនោះ​បាន និង​ដោយសារ​មានធុរៈ​ក្នុង​គ្រួសារ​។ ស្ថានទូត បានផ្តល់​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ ព្រមទាំង​ជួយ​ទាមទារ​លិខិតឆ្លងដែន​និង​សំបុត្រ​យន្តហោះ​ពី​ភ្នាក់ងារ​នាំ ពលករ ហើយ​ពល​ការិនី​ទាំងពីរ​នាក់​បានមក​ដល់​កម្ពុជា​វិញ ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​២១ ខែ មិថុនា ឆ្នាំ​២០១៨ ៕

*​មេ​ប៉ូលិសអន្តោប្រវេសន៍​បដិសេធ​រឿង​ប៉ូលិស​ផ្កាយ​ពីរ​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​យកលុយ​ជា​ថ្នូរ​បាន​ចូល​ប៉ូលិស​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេធថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជុំ សុខ​ឌឿ​ន (​ប៉ូលិស​) ដែល​បាន​ដើរ​បោកប្រាស់​យកលុយ​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ​បាន​ចូល​ក្របខណ្ឌ នគរបាលជាតិ គឺ​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយនឹង​លោក​នោះទេ ហើយក៏​មិនមែនជា​ក្មួយ​របស់លោក​ដែរ ពីព្រោះ​លោក​មិនដែល​ស្គាល់ឈ្មោះ ជុំ សុខ​ឌឿ​ន នេះ​ទេ​។​

​ជាមួយគ្នានេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​សំណូមពរ​ស្នើ​ឲ្យ​អាជ្ញាធរ​មា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់ ចាត់វិធានការ​ទៅលើ​ឈ្មោះ ជុំ សុខ​ឌឿ​ន ដែល​បាន​យកឈ្មោះ​លោក​ទៅប្រើ ក្នុងការ​បោកប្រាស់​ប្រជាពលរដ្ឋ និង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​យ៉ាងធ្ងន់ធ្ងរ ៕

*​រថយន្ដ​កុងតឺន័រ​បុក​រថយន្ដ​តួ​រី​ស ស្លាប់​បីនាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

មនុស្ស​បីនាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ម៉ោង​៤​និ​៣៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩២-១៩៣ ស្ថិតនៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ៕

*​ឃាត់ខ្លួន​ម្ចាស់​ហាង​ខារ៉ាអូខេ​និង​បក្ខពួក​៦​នាក់​ព្រួត​គ្នា​វាយ​ភ្ញៀវ​របួស​៣​នាក់​

​ថៅកែ​ហាង​ខា​រា​អូ​ខេ យ៉ី​ហោ រាត្រី​សំណាងល្អ រួមជាមួយ​កូនចៅ ក្នុង​ហាង ព្រួត​គ្នា វាយ​កាប់ ទៅលើ​ភ្ញៀវ​ចូល​ផឹកស៊ី​ព្រោះ​រឿង​ភ្ញៀវ​សួរនាំ គិតលុយ ខុស​ប្រក្រតី​។ គ្រានោះ​បណ្តាល​ឲ្យ​ភ្ញៀវ​២​នាក់​រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ម្នាក់ទៀត​រងរបួស​ស្រាល ។ ហេតុការណ៍​នេះ កើតហេតុ​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ​នៅក្នុង​ហាង រាត្រី​សំណាងល្អ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ៕

​ ​

#