សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨

908
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែមិថុនា​នេះ រួមមាន​ដូចតទៅ

*​សម្តេច​តេ​ជោ អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ទី​៦ និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ តម្លៃ​ជាង ២២​លាន​ដុល្លារ​

​ម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​ចោមចៅ ដែលជា​ស្ពាន​អាកាស​ទី​៦​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ ដែល​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ​នឹង​សាងសង់ ដោយ​ក្រុមហ៊ុន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ២២ លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ចំណា​ង​ពេល​សាង សង់ ៣០​ខែ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ ៕

*​អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​ថ្កោលទោស​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​

​អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក​បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​របាយការណ៍​របស់​អង្គការ ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​គ្មាន​ហេតុផល​មកលើ​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បង្កប់​ដោយ​ឧបាយកល​ពិសពុល និង​បាន​អំពាវនាវ​ឲ្យ​អង្គការ​មួយ​នេះ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រឌិត​របាយការណ៍​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌ ៕

*​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​។ ហើយ​ស្ថានភាព​នាពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ៕

 

*​តុលាការ​កំពូល​សម្រេច​ឲ្យ​លោក គឹម សុខ ជាប់ទោស​១៨​ខែ​ដដែល​

​តុលាការ កំពូល នៅ​ថ្ងៃទី​២៩ ខែមិថុនា នេះ សម្រេច​ឱ្យ​ជនជាប់ចោទ គឹម សុខ ដែល​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​លើ​លោក​កែម ឡី ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ​។​

​គួរ​បញ្ជាក់ថា ជនជាប់ចោទ គឹម សុខ ជាប់ចោទ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥​និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ៕

*​ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​១២០​គីឡូ​ទៅ​តុលាការខេត្ត​ស្ទឹងត្រែង​

​ប៉ូលិស បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទម្ងន់​១២០​គីឡូក្រាម ដែល​នាំ​ចេញពី​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ទៅកាន់​សាលាដំបូង​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។ ក្រៅពី​ជនសង្ស័យ​ទាំងបី​នាក់ សមត្ថកិច្ច​ក៏បាន​បញ្ជូន​អ្នកបើក​រថយន្តក្រុង អ្នកបកប្រែ និង​ព្រូឡាន សរុប​ចំនួន​បីនាក់ ទៅ​តុលាការ​ផងដែរ ក្នុង​សំណុំរឿង​ដឹកជញ្ជូន​គ្រឿងញៀន​នេះ ៕

 

*​នារី​វ័យក្មេង​ម្នាក់​សល់​២​ថ្ងៃ​ទៀត​ភ្ជាប់ពាក្យ​ត្រូវ​រថយន្ត​យី​ឌុប​បុក​ស្លាប់​៣​នាក់​ឪពុក​កូន​និង​ក្មួយ​

​រថយន្ត​យី​ឌុប​បុក​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​បីនាក់ ខណៈ​នារី​វ័យក្មេង​ម្នាក់​នៅសល់តែ​២​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ ដែលមាន​ឪពុក​និង​ក្មួយ​ស្រី​អាយុ​៥​ឆ្នាំ​យ៉ាង​អ​ណោ​ច​អ​ធ័​ម បន្ទាប់ពី​បុក​ម៉ូតូ​ជនរងគ្រោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់គេច​ប្រហែល ១​គីឡូម៉ែត្រ​ត្រូវ​សមត្ថកិច្ច​ដេញចាប់បាន​តែម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​នឹង ១៥​នាទី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ទល់មុខ​សាលាសង្កាត់​ច្រាំង​ចំរេះ ទី​១ ខណ្ឌឫស្សីកែវ ៕