សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨

1096
ចែករម្លែក

​ដោយ : វិបុល /​ភ្នំពេញ : ​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៦ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​គណបក្ស​ប្រជាជន​ជាប់​ជា​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​ប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

​គណបក្ស ប្រជាជន​កម្ពុជា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី គណបក្ស​ប្រជាជន​កម្ពុជា ជា​អនុប្រធាន​អ្នកប្រជាធិបតេយ្យ​កណ្ដាល​និយម​អន្តរជាតិ​សម្រាប់​ប់​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​៦ ខែកក្កដា នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ទល់មុខ​ស្ថានទូត​ជប៉ុន មហាវិថី​ព្រះ​នរោត្តម ៕

*​កម្ពុជា និង​ថៃ ឯកភាពគ្នា​បញ្ចប់​ចំណុច​សេសសល់​នៃ កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាមផ្លូវ​ដែក ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​

​រដ្ឋមន្ដ្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន​កម្ពុជា និង​រដ្ឋមន្ដ្រីក្រសួង​ដឹកជញ្ជូន​ថៃ បាន​ឯកភាពគ្នា លើ​ការបញ្ចប់​នីតិវិធី និង​បែបបទ​ក្នុង​ការបើក​ដាក់ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង សម្រាប់ធ្វើ​ដំណើរ​ឆ្លង កាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ឈានទៅ​ចុះហត្ថលេខា និង​បើកសម្ពោធ​ជា​ផ្លូវការ​នាពេល ខាងមុខ​។​

​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មានប្រសាសន៍ថា ការឯកភាព​គ្នា​នេះ គឺ​ដើម្បី​បញ្ចប់​ចំណុច​សេសសល់​ក្នុង​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំងពីរ បានលើកឡើង​កាលពីពេល​កន្លងមក ដើម្បី​ឈានទៅ​ចុះហត្ថលេខា​បញ្ចប់​នីតិវិធី និង​បែបបទ មួយចំនួន មុននឹង​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ៕

*​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជា​បណ្តាញ​ត​ភ្ជាប់​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​

​ប្រទេស កម្ពុជា​និង​ចិន​គឺជា​មិត្ត​ល្អ​ដែលមាន​ភក្តីភាព​នឹង​គ្នា​និង​ជា​ដៃគូ​ដែល រួម សុខ រួម​ទុក​ជាមួយគ្នា​។ នៅ​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង ការទូត​រវាង កម្ពុជា​និង ចិន នៅ​ថ្ងៃទី​២៦​ដល់​៣០​ខែមិថុនា​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់ ខេត្ត​ជៀង​ស៊ូ ដែល រៀបចំ​ដោយ​ការិយាល័យ​កិច្ចការបរទេស​នៃ​សាលា​ប្រជាជន​ខេត្ត​ជៀង​ស៊ូ​ប្រទេស ចិន​មន្ទីរពេទ្យ​ប្រជាជន​ខេត្ត​ជៀង​ស៊ូ មន្ទីរពេទ្យ​សាខា​ទី​ពីរ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ណាន​ជី​ង និង​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ណាន​ជី​ង រួមគ្នា​ទាំងអស់​មាន​គ្រូពេទ្យ​ចំនួន​៣៥​នាក់ ដែល​បង្កើតបានជា​ក្រុម​វេជ្ជសាស្ត្រ​ជំនួយ​ក្រៅប្រទេស​របស់​ខេត្ត​ជៀង​ស៊ូ បាន​មកដល់​ប្រទេស​កម្ពុជា ដើម្បី ធ្វើការ​ពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​រយៈពេល​មួ​យស​ប្តា​ហ៏​លើ​ទីតាំង ចំនួន​បី​គឺ រាជធានី ភ្នំ ពេញ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​៕

*​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ និង​ទូត​កម្ពុជា​ឯកភាពគ្នា​លើកកម្ពស់​ស្ថានភាព​ការងារ​និង​ការរស់នៅ​នៃ​ពលករ ខ្មែរ​

​ឯកអគ្គរាជទូត​កម្ពុ​ជា និង​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​សាធារណរដ្ឋ​កូរ៉េ HRD-Korea បាន​ឯកភាពគ្នា បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ស្ថានភាព​ការងារ របស់​សហគមន៍​ខ្មែរ ជាពិសេស​ពលករ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ កម្ពុជា កូរ៉េ ឯកភាពគ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ក្នុងឱកាស​ដែល​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ និង​ទីប្រឹក្សា​ការងារ ជួបពិភាក្សា​ការងារ​ជាមួយ​លោក KIM DONG MAN ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​សាធារណរដ្ឋ​កូរ៉េ HRD-Korea ថ្មី ដែល​ទើប​ទទួល​មុខតំណែង ក្នុង​គោលបំណង​ពង្រឹង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ទទួលបាន​ជោគជ័យ ជាពិសេស​នៅក្នុង​អាណត្តិ​របស់លោក​ប្រធាន ៕

*​ផល​នេសាទ​នៅ​ឃុំ​ព្រែក​ខ្សាច់​ថយចុះ ខណៈ​ជួប​គ្រោះធម្មជាតិ​បន្តបន្ទាប់​

​ប្រជា សហគមន៍​នេសាទ រស់នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង នៅ​ថ្ងៃទី​៦ កក្កដា នេះ បាន​ត្អូញត្អែរ​ស្រដៀងៗ​គ្នា​ថា ការចេញ​ទូក​ទៅ​នេសាទ​សមុទ្រ​មាន​មិន​ច្រើន​ដូច​រដូវប្រាំង​ឡើយ ខណៈ​ជួប​អាកាសធាតុ​មិនល្អ​មាន​ភ្លៀង​ព្យុះ​ជា​បន្តបន្ទាប់​។ ពោល​រកស៊ី​រដូវប្រាំង ទុក​រដូវវស្សា ៕

*​ការ​ព្យាករ : ពេលព្រឹក​ថ្ងៃ​៧ កក្កដា នៅ​ភ្នំពេញ អត់​មាន​ភ្លៀង​

​សម្រាប់ រាជធានី​ភ្នំពេញ នៅពេល​ព្រឹក នា​ថ្ងៃទី​៧ ខែកក្កដា​ស្អែក​នេះ តាម​ការ​ព្យាករ​អាកាសធាតុ ចុងក្រោយ គឺ​ពុំមាន​ភ្លៀង​ធ្លាក់​ទេ តែ​ចាប់ពី​ពេល​ថ្ងៃត្រង់ ទៅដល់​ល្ងាច អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម ដូច​បណ្តា​ខេត្ត​មួយចំនួនទៀត​ដែរ​។​ថ្ងៃទី​៧​កក្កដា​គឺ​ចា​ថ្ងៃ​បើក យុទ្ធនាកា​ឃោស​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​របស់ គណបក្សនយោបាយ ៕

*​រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​សំ​រោងទង​

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពី​នាក់ ស្លាប់​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣ ត្រង់ចំណុច​ភូមិ​បុស្ស​តា នៃ​ឃុំ​ការ​ហែង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​៥​ខែកក្កដា ៕

#