សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨

824
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បើក​យុទ្ធនា​ការរក​សំឡេងឆ្នោត​

​ប្រមុខ គណបក្ស​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​៧ ខែកក្កដា បានចេញ​ដឹកនាំ​បើក​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដោយផ្ទាល់​ក្រោម​ការចូលរួម​ពី​សមាជិក សមាជិកា ជាច្រើន​ម៉ឺន​នាក់​។​ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​នៅ​កោះ​ពេជ្រ​។​

​នៅក្នុង​ឱកាស​នេះ សម្ដេច​ប្រមុខ​គណបក្ស បាន​ថ្លែង​នូវ​សារ​ដ៏​មាន​សារសំខាន់​ទាក់ទង​ទៅនឹង​ផែនការ​ជា​អាទិភាព​ដែល​រាជរដ្ឋាភិបាល​នឹង​អនុវត្ត​នៅ​ពេ​ឡ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​លើក​នេះ​៕

*​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា​មាន​អ្នក​ចូល​ប្រមាណ​មួយ​ពាន់​នាក់​

​គណបក្ស ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា ចេញពីផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅ​ជ្រោយចង្វា ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​នៅ​ជើងឯក ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វា​។ អ្នកចូលរួម​ហែ​មាន​ប្រមាណ​ជា ១០០០​នាក់ ៕

*​លោក ខឹម វាសនា ប្រមុខ LDP ដឹកនាំ​ក្បួន​ឃោសនា​ដោយមាន​អ្នកចូលរួម​ជាង​មួយ​ម៉ឺន​នាក់​

​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចាប់ផ្ដើម​ឃោសនា នៅ​ថ្ងៃទី​៧ ខែកក្កដា ដែរ ដោយ​ជួបជុំ​ហែ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ​) ដោយមាន​អ្នកចូលរួម ១៥.០០០​នាក់ នឹង​ប្រើ​រថយន្ត​តូចធំ ចំនួន​៣០០​គ្រឿង ម៉ូតូ​កង់​បី ចំនួន ៥០០​គ្រឿង និង​ម៉ូតូ ៤០០០​គ្រឿង​។ ការហែក្បួន​ឃោសនា​នេះ គឺ​ដឹកនាំ​ដោយ​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៕

*​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​ពុំមាន​វត្តមាន​ដឹកនាំ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​

​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​ហែ​ក្បួន​ឃោសនា​ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វារ​មាន​អ្នកចូលរួម​ជាង​១.០០០​នាក់ ប្រើ​រថយន្ត​តូច ៤០​គ្រឿង រថយន្ត​ប្រភេទ​ដឹកទំនិញ ៨០​គ្រឿង ម៉ូតូ​កង់​បី ៣០០​គ្រឿង និង​ម៉ូតូ​៥០០​គ្រឿង ៕

*​ប្រធាន​រៀបចំ​ការបោះឆ្នោត​ភ្នំពេញៈ ដំណើរការ​ឃោសនា​រក​សំឡេង​ថ្ងៃ​ដំបូង​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ​

​ដំណើរការ ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៨​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ល្អ​ដោយ គណបក្សនយោបាយ​បាន​គោរព​ក្រមសីលធម៌​បាន​ត្រឹមត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​លុន ឆេង​កៃ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រាជ​ធានី​ភ្នំពេញ (​ប៉ិច​,PEC)​ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៧​ខែកក្កដា​មុននេះ​បន្តិច ៕

#