សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨

1262
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញៈ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៩ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​ព្រះមហាក្សត្រ យាង​ជា​ព្រះរាជអធិបតីភាព ក្នុង​ព្រះ​រាជពិធី​រុក្ខទិវា​

​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បាន​សព្វ​រាជហឫទ័យ ស្ដេចយាង​ជា​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រះរាជ​ពី​ធី​រុក្ខទិវា ដែល​ប្រារព្ធ​ធ្វើឡើង នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត កំពត​នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ៕

*​មន្ដ្រី​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្តាសាយ H1N1

​គេហទំព័រ​របស់​នាយ​ក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ដល់​សាធារណជន​ថា នាពេល​ថ្មីៗ​នេះ ប្រទេសជិតខាង​យើង​មានការ​ប្រកាស​ពី​ការរីក​រាលដាល​ជំងឺ​ផ្តាសាយធំ H1N1 ដែល​បណ្តាល​ឲ្យ​ឈឺ និង ស្លាប់​ជាច្រើន​ករណី ។ ប្រសិនបើ​បានឃើញ​រោគសញ្ញា​គ្រុនក្តៅ​ច្រើន ឬ ផ្តាសាយ​ច្រើន ក្នុងភូមិ ក្នុង​សាលា ឬ​កន្លែងធ្វើការ សូម​ទាក់ទង​លេខ 115 ដោយ​គ្មាន​គិតថ្លៃ​សេវា​ពី​គ្រប់​ប្រ​ព័​ន្ទ ដើម្បី ចាត់វិធានការ​ឆ្លើយតប​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា ៕

*​ត្រឹម​ដើមខែ​នេះ​ស្រូវ​រដូវវស្សា​ធ្វើបាន​ជាង​៦០​ភាគរយ​ហើយ​

​គិត ត្រឹម​ខែកក្កដា​នេះ កសិករ​កម្ពុជា បានធ្វើ​ស្រូវ​រដូវវស្សា​សម្រេចបាន​១,៦៦៤,៣១៦ ហិកតា ដែល​ស្មើនឹង​៦៦.២០​ភាគរយ នៃ​ផែនការ ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ក​សិ​កម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៕

*​ស្ថាន​តំណាង​កម្ពុជា​អន្ដរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​១៦​នាក់​

​ពលរដ្ឋ ខ្មែរ ១៦​នាក់​ទៀតហើយ ត្រូវបាន​ស្ថាន​តំណាង​អន្តរាគមន៍​ជួយ​ឲ្យ​បាន​ត្រឡប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បរទេស​ចិន និង​ខ្លះទៀត​មិន​ទ្រាំទ្រ​ជាមួយ​ការងារ​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ៕

*​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បណ្តុះបណ្តាល​អ្នកសង្កេតកា​រណ៍​ជាង​មួយ​ពាន់​នាក់​

​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក សង្កេតការណ៍​សង្គម​ស៊ីវិល​ជាតិ ជាង​១០០០​នាក់ មកពី​អង្គការ សមាគម​ចំនួន​៩៤ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​ពិធី​ប្រារព្ធ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា នេះ ៕

*​បើករថយន្ត​ក្រឡាប់​ខ្លួនឯង​ស្លាប់​ម្នាក់​រងរបួស​៨​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​

​គ្រោះថ្នាក់ ចរាចរណ៍​ដោយ​រថយន្ត​មួយគ្រឿង​បែក​កង់​កំពុង​បើកបរ​បណ្តាលឱ្យ​ក្រឡាប់​ដោយ ខ្លួនឯង​បង្ក​ដល់​មនុស្ស​ស្លាប់​ម្នាក់​រងរបួស​៨​នាក់​។ ហេតុការណ៍​បានកើត ឡើង​នៅ​ចំណុច​ផ្លូវ​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ស្រុក​ជាំ​ក្សាន្ត​ក្នុងភូមិ ស្រអែម កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ៕

*​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​ខ្យល់​បក់បោក​ដួលរលំ​និង​របើក​ដំបូល​នៅ​ស្រុក​សៀម​បូក​

ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ជាច្រើន​ខ្នង​ត្រូវបាន​ខ្យល់​កន្ត្រាក់ បក់បោក​បណ្តាលឱ្យ​ដួលរលំ​និង​របើក​ដំបូល​។​ករណីនេះ​បានកើត​ឡើង​នៅតាម​ផ្លូវ ចូលទៅ​ភ្នំ​ក្រហម​ភូមិ​ក្រុម​អភិវឌ្ឍន៍​ពីរ​ឃុំ​អូរឫស្សី​កណ្តាល​ស្រុក​សៀម បូក​ខេត្តស្ទឹងត្រែង​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៨​ខែ​កក្ត​ដា ឆ្នាំ​២០១៨ ៕

*​ចេញពី​ក្លិប​ជិះ​ម៉ូតូ​ទៅបុក​ជាមួយ​រថយន្ត​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​

​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចេញពី​រាំលេង​នៅ​ក្លិប​ទៅបុក ជាមួយ​រថយន្ត​កូរ៉េ​២​តោន​កន្លះ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច មុខ ធនាគារ វ​ឌ្ឈ​នៈ​២​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨៕

*​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​ជិះ​កង់​មក​ផ្លោះ​របង​ផ្ទះ​ប៉ង​លួច​ដែក​គេ​ត្រូវ​សន្តិសុខ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​បាន​ជិះ​កង់​មក​ផ្លោះ​របង​ចូល​ប៉ង​លួច​ដែក​គេ​ត្រូវ​សន្តិសុខ​ឃើញ​ទាន់​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ម្នាក់ទៀត​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្ទះ​ទើប​សាងសង់​ផ្លូវ​បេតុង​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌ​ឬ​ស្សី​កែវ ៕