សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨

778
ចែករម្លែក

​ដោយ : វិបុល​/ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២០ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​គ្រោង​ចំណាយ​១១០​លាន​ដុល្លារ ពង្រីក​ផ្លូវជាតិ​លេខ​៤ ដើម្បី​បង្ការនិង​ទប់ស្កាត់​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​

​ក្នុងពេល​ចុះ​ពិនិត្យ កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​ព្រឹក​ថ្ងៃទី​២០ ខែ កក្កដា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ត្រង់​គីឡូម៉ែត្រ​លេខ​១១៦ គឺ​លិច​ស្ទើរតែ​រៀងរាល់ឆ្នាំ ដូចនេះ​ក្រុមការងារ​កំពុង​សិក្សា​លើកកម្ពស់​ទ្រូងផ្លូវ ក៏ដូចជា​ធ្វើ​ស្ពាន​ត្រង់​ចន្លោះ​ណាមួយ ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ធនាគារពិភពលោក​បាន​ផ្តល់​កម្ចី​ប្រមាណ​១១០ លាន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​ផ្លូវជាតិ​លេខ​៤​នេះ ដោយមាន​ការពង្រីក​ទ​ទឹង​ផ្លូវ​ពី ៧​ម៉ែត្រ ទៅ​១១​ម៉ែត្រ​។ បន្ថែម​ពីលើ​នោះ ក៏​នឹងសិក្សា​ពី​ការរំដោះ​​​​​​ជំនន់​ទឹក​លិច​ផងដែរ ។​

​គួរ​បញ្ជាក់ដែរថា នា​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨ រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ ជូនដំណឹង​ដល់​សាធារណជន ដែល​ធ្វើចរាចរ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០-៩១ ស្ថិតនៅ​ចំណុច​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជា​បណ្តោះអាសន្ន ដោយសារតែ​ទឹកជំនន់​ភ្លៀង​ហូរ​កាត់​ផ្លូវ​ជា​៦០០​ម៉ែត្រ ដែល​មិនអាច​ធ្វើចរាចរ​បាន ៕

*​អាជ្ញាធរ​ក្រុងភ្នំពេញ ត្រៀម​មធ្យោបាយ​គ្រប់គ្រាន់សម្រាប់​ជួយ​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​

​លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម មធ្យោបាយ​គ្រប់គ្រាន់ សម្រាប់​ជួយ​ពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​បែបនេះ​ក្នុងពេល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​តំបន់​មួយចំនួន នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងខណៈដែល​ជំនន់​ទឹកភ្លៀង​កំពុងតែ​កើនឡើង ដែល​ធ្វើ​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ទទួលរង​នូវ​ការលិចលង់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​ជាមួយនឹង​ដងស្ទឹង​ព្រែក​ត្នោត ៕

*​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត : រាជរដ្ឋាភិបាល​ដោះស្រាយ​ការលំបាក​និង​បញ្ហា​គ្រោះមហន្តរាយ​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្របខណ្ឌ​ក្នុង យោធពលខេមរភូមិន្ទ បំពាក់​ឋានន្តរស័ក្តិ និង​គ្រឿង​ឥស្សរិយ​ស ជូន​ដល់​មន្ត្រី បុគ្គលិក​ស៊ីម៉ាក ដែល​បាន​ចូលនិវត្តន៍ បាត់​បត់​សមត្ថភាព​ការងារ និង​ពិការ ជាង​២០០​នាក់ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា នេះ ៕

*​បុរស​ជនជាតិ​ចិន​ម្នាក់​បាត់​ខ្លួន​ក្នុង​សមុទ្រ​ដោយ​ព្យុះ​រលក​សមុទ្រ​បោក​ពន្លិច​នៅ​ឆ្នេរ​សុខាអូតែល​

​កម្មករសំណង់​ម្នាក់​ក្នុងចំណោម​បក្ខ​ពួកគេ​៤​នាក់ បាន​បាត់​ខ្លួន​នៅក្នុង​ទឹកសមុទ្រ ខណៈពេល​ចុះ​ហែល​ទឹក​លេង​។ សមត្ថកិច្ច​ប្រាប់ថា មាន​ជនជាតិ​ចិន​ជា​កម្មក​សំណង់​ម្នាក់ បាន​បាត់​ខ្លួន​ពេល​ចុះ​លេង​ទឹកជា​មួយ មិត្ត​ភក្ដិចំនួន​0៤​​នាក់​ផ្សេងទៀត នៅ​សមុទ្រ​ឆ្នេរ​កន្ទុយ​នាគ​មុខ​ឆ្នេរ​សុខាអូតែល ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាល​ពី​ព្រលប់​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨ ដែល​គេ​សន្និដ្ឋានថា​ជនរងគ្រោះ​ត្រូវ​រលក​សមុទ្រ បោក​ពន្លិច ៕