សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨

985
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​ : សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បំពាក់​មេដាយ ជូន​ដល់​កង​យោធា​មួក​ខៀវ​

​រសៀល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នា​វិមាន​មិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​កង​យោធា មួក​ខៀវ​កម្ពុជា ដែល​បានបញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) រួមមានៈ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១២៣ និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ដែល​បានបញ្ចប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង ៕

*​ក្រសួងសុខាភិបាល ហាម​ផលិតផល FORCE ហើយ​ថា​នឹង​ចាត់ការ​តាមច្បាប់​

​ដើម្បី ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត ( ដូចជា​គាំងបេះ ដូង​ជាដើម ) របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បានប្រកាស​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​បំប៉ន​ផ្លូវភេទ​បុរស​ដែល​ដាក់លក់​តាម​អន​ឡាញ ជាពិសេស​ផលិតផល​ឈ្មោះ FORCE ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល​បានចាត់ទុក​ការលក់​ផលិតផល​នេះ ថា​ជា​អំពើ​គ្មាន​ច្បាប់​ព្រោះ​ផលិតផល​នេះ​គ្មាន​ចុះបញ្ជី​កា និង គ្មាន​ការ​អនុ​ញ្ញា​ត្ត​ពី​ក្រសួងសុខាភិបាល​ឡើយ ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ៕

*​ក្រសួងការបរទេស​ក​ម្ពុ​ជា ប្រតិកម្ម​ជាមួយ​អ្នករាយការណ៍​ពិសេសអ.ស.ប

ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ក្តី អស់សង្ឃឹម​ចំពោះ​សម្តី​របស់​អ្នក​រាយ ការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី រ៉ូ​ណា​ស្មី​ត​ដែល​គាំទ្រ​អ្នក​ដែល​រារាំង​កម្ពុជា​មិន​អោយទៅ​បោះ ឆ្នោត​។ សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា​ដែល​បានចេញ​ផ្សាយ​កាលពី ថ្ងៃទី​២៣ ខែកក្កដា បានសរសេរថា សម្តី​របស់លោក​ស្រី​រ៉ូ​ណា​ស្មី​ត គឺ​ហាក់ដូចជា​គាំទ្រ​នូវ​យុទ្ធនា​ការសហការ​មួយ​របស់ លោក សមរង្ស៊ី និង​ក្រុម​សមាជិក​របស់​អតីត​បក្ស​ដែល​រង​ការរំលាយ ដែល​ស្វែងរក​ការធ្វើ​វិ​ច្ឆេ​ទ្ធ​កម្ម​ប្រឆាំង​ការបោះ ឆ្នោត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ៕

*​អ្នកនាំពាក្យ : សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សុខភាព​ល្អប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ អស់​រយៈពេល​ជាង ១​ខែ បន្ទាប់​ព្រីះ​អង្គ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា​កន្លងទៅ ៕

*៥​ឆ្នាំ​ចុងក្រោយ បណ្តាញ​ផ្លូវថ្នល់​កម្ពុជា បាន​ត្រូវ​ពង្រីក​ពី​ជាង​១​ម៉ឺន​២​ពាន់​គីឡូម៉ែត្រ​ដល់​ជាង​១​ម៉ឺន​៦​ពាន់​គីឡូម៉ែត្រ​

​យោងតាម របាយការណ៍​ស្តីពី​សមិទ្ធិផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​រវាង ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៧ បានឱ្យដឹងថា​៖​បណ្តាញ​ផ្លូវថ្នល់​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ពង្រីក​ពី ១២,២៣៩ គីឡូម៉ែត្រ​ដល់​ប្រហែល ១៦,២៩២ គីឡូម៉ែត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ៕

*​ផ្លូវជាតិ​លេខ​៣​ក្នុង​ខេត្តកំពត​ខូចខាត​ពេល​ទឹកជំនន់​នឹង​ជួសជុល​រួចរាល់​អំឡុង​មួយ​សប្តាហ៍​

កំណាត់​ផ្លូវជាតិ​លេខ​៣​ក្នុង​ខេត្តកំពត​ប្រវែង​១៥​គីឡូម៉ែត្រ​ដែល​រង ការខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​អំឡុងពេល និង​ក្រោយ​ទឹកជំនន់​នឹង​ជួសជុល​រួចរាល់​ដោយ​ប្រើ​វេលា​មួយ​សប្តាហ៍​ដើម្បី សម្រួលការ​ធ្វើដំណើរ​ឱ្យ​ល្អប្រសើរ​ឡើងវិញ ៕