សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨

568
ចែករម្លែក

 

​ដោយ : វិបុល / ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែកក្កដា រួមមាន​ដូចតទៅ :

* ដំណើរការ​ឃោសនាបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា នេះ​ថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ រយៈពេល​២១​ថ្ងៃ គិតពី​ថ្ងៃទី​៧-២១ ខែកក្កដា បាន​ប្រព្រឹត្ត​ដោយ​រលូន មាន​ភាពល្អប្រសើរ មានការ​គោរព​គ្នា​ទៅវិញទៅមក​។​

​ជាមួយគ្នានេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ​.​ជ​.​ប​.) បានចេញ​សេចក្តីអំពាវនាវ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​ស និង​ថ្ងៃ​បោះឆ្នោត​។ យោង​មាត្រា ៧២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សកម្មភាព​ឃោសនាបោះឆ្នោត ត្រូវ​បញ្ឈប់ ២៤ ម៉ោង មុន​ថ្ងៃ​បោះឆ្នោត ៕

* សម្តេច​តេ​ជោ​សែន​៖​អាទិភាព​នយោបាយ​ក្នុង​និង​ក្រៅប្រទេស​របស់​កម្ពុជា​គឺ សន្តិភាព​និង​ការអភិវឌ្ឍ ក្រោម​ក្របខណ្ឌ​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ និង បូរណភាព​ទឹកដី​

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​បញ្ជាក់​ជូនទៅ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស​និង​សហគមន៍​អន្តរជាតិ​ថា បើ​គ្មាន​សន្តិ ភាព​និង​ការអភិវឌ្ឍ​ទេ​យើង​គ្មាន​ឱកាស​បែបនេះ​ទេ ។ ត្រង់នេះ​សម្តេច​ចង់​គូសបញ្ជាក់ថា អាទិភាព​នយោបាយ​ក្នុងប្រទេស និង ក្រៅប្រទេស​របស់ កម្ពុជា​គឺ​សន្តិភាព​និង​ការអភិវឌ្ឍ ក្រោម​ក្របខណ្ឌ​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យភាព និង បូរណភាព​ទឹកដី ។ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​បែបនេះ បន្ទាប់ពី​ដឹកនាំ​ដង្ហែ​ក្បួន​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សមាជិក​ប្រមាណ​២៥​ម៉ឺន​នាក់ ៕

*​រដ្ឋសភា​កម្ពុជា​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​នឹង​សភាតំណាងរាស្ត្រ​អាម៉េរិក ដែល​បាន​អនុ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០១៨

​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ដែល​សភាតំណាងរាស្ត្រ អាម៉េរិក​បានអនុម័ត​”​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨”​កាលពី ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​។​រដ្ឋសភា​កម្ពុជា​បាន​ហៅ​ការអនុម័ត​ច្បាប់ របស់​សភា​អាម៉េរិក​នេះ​ថាស​បញ្ជាក់​ពី​”​ទង្វើ​នៃ​ការបំពាន​”​ដោយ​ស្តង់ដា​” អ្នកធំ​មិនចេះ​ខុស​”​ហើយ​ទង្វើ​នេះ​ស្មើនឹង​ការប្រកាស​នូវ​អរិយ​ភាព ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេសមួយ ដែល​មិនអាច​សះជា​បាន ៕

*​សម្តេចក្រុមព្រះ​នឹង​យាង​មក​កម្ពុជា ដើម្បី​ចូលរួម​បោះឆ្នោត​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​យាង​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ ៕

*​ប្រមុខ​ការពារជាតិ​-​មន្ត្រីជាន់ខ្ពស់​ប្រតិកម្ម​តប​ចំពោះ​ការស្នើ​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​

​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បានធ្វើការ​ឆ្លើយតប​ចំពោះ​រដ្ឋសភា​អាមេរិក ដែល​បានអនុម័ត​ច្បាប់​មួយ​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់ទណ្ឌកម្ម​លើ ថ្នាក់ដឹកនាំ​កំពូលរ​កម្ពុជា និង​មន្ដ្រីជាន់ខ្ពស់​កម្ពុជា ចំនួន​១៦​រូប ដោយ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​មិន​ឲ្យ​ចេញចូល​ទឹកដី​អាមេរិក ៕

*​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​បន្ត​ហក់​ឡើង​ក្រោយ​បាក់​ទំនប់​វ៉ា​រី​អគ្គិសនី​ពី​ប្រទេស​ឡាវ​

​យោងតាម តារាង​ស្ថានីយ៍​ជល​សាស្ត្រ​ខេត្តក្រចេះ​ស្ថានភាព​កម្រិត កម្ពស់ ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ គិត​ត្រឹម​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នេះ ទឹកទន្លេ​មេគង្គ​មាន​កំពស់ ២០,៣៥ ម៉ែត្រ បើ​ប្រៀបធៀប​ទៅនឹង​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ មាន​កំពស់​ទឹក​មាន​ត្រឹមតែ ១៩,៨៥​ម៉ែត្រ ឃើញថា​កម្រិត​កម្ពស់​ទឹកទន្លេ​កើនឡើង​បន្តបន្ទាប់ ៕

*​រោងចក្រ​ផលិត​ការ​បូ​ប​ត្រូវ​ចោរ​គាស់​ទូរ​ដែក​យកលុយ​អស់​រាប់ម៉ឺន​ដុល្លារ​

​រោងចក្រ ផលិត​ការ​បូ​ប និង​បន្តោង​សោ​គ្រុប​ប្រភេទ ត្រូវ​ក្រុមចោរ​គាស់​ទូរ​ដែក​យក​អស់​រាប់ម៉ឺន​ដុ​លា្ល​រ ស្ថិតក្នុង​សួន​វ៉ា​យ​សេ​វេន ក្នុងភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​យប់​រំលោង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨ ៕