សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨

1217
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៨ ខែកក្កដា រួមមាន​ដូចតទៅ :

*​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សុំ​ឲ្យ​អ្នកសង្កេតការណ៍​អន្តរជាតិ​ទាំងអស់​និយាយ​នៅ​អ្វី​ដែលជា​ការពិត​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក​សង្កេត ការណ៍​អន្តរជាតិ​មកពី​ប្រទេស​ជ្សេ​ងៗ និង អង្គការ​អន្តរជាតិ​ចំនួន ៥ ថា អ្វីដែល​កម្ពុជា​ចង់បាន​នោះ​គឺ​និយាយ​នូវ​អ្វីដែល​ជាការ​ពិត​ដែល​ខ្លួន បានឃើញ នៅក្នុង​អំឡុងពេល​បោះឆ្នោត​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​តថភាព​នៃ​ដំណើរការ បោះឆ្នោត​នៅ​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា​នេះ បានអនុញ្ញាត​ឲ្យ​ប្រតិភូ អ្នកសង្កេតការណ៍​បោះឆ្នោត​ចំនួន​៥ ក្រុម និង ក្រុម​អ្នកសង្កេតការ​អន្តរជាតិ​ចំនួន​ជាង ២០០ នាក់​ចូលជួប​សម្តែង​ការគួរសម និង ស្វែងយល់​ពី​ការបោះឆ្នោត​នៅ​កម្ពុ​ជានា​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី ២៨ ខែ កក្កដា​នេះ ៕

*​សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​ក្រុម​អ្នកសង្កេតការន៍​អន្តរជាតិ​

​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ បានទទួល​ជួប​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន ៣៧​រូប សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុង​នាមខ្លួន​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​ស្វាគ​មយ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​បំពេញបេសកកម្ម​សង្កេត​ការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ស្អែក​នេះ​។ ជាមួយគ្នានេះ សម្តេច​វិបុល​សេនា​ភក្តី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

*​គ​.​ជ​.​ប​.​ណែនាំ​បន្ថែម​ស្តីពី​ការផ្តល់​សុពលភាព​លើ​គំនូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​. ) ស៊ិ​ក ប៊ុន​ហុក នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​នេះ​បានចេញ​នូវ​សេចក្តីណែនាំ​បន្ថែម​ស្តីពី ការផ្តល់​សុពលភាព​លើ​គំនូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​។​សេចក្តីណែនាំ​នេះ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ការបោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​ប្រព្រឹត្ត ទៅដោយ​រលូន ៕

* ប្រជាពលរដ្ឋ​សម្រុក​ចេញទៅ​បណ្ដា​ស្រុកកំណើត​ដើម្បី​ចូលរួម​បោះឆ្នោត​

​ក្រោយ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត របស់​គណបក្សនយោបាយ​នានា​ទាំង​២០ ដែលមាន​តំណាង​បេក្ខជន​ត្រូវ​ឈរឈ្មោះ​បោះឆ្នោត និតិ​កាល​ទី​៦ នៃ​រដ្ឋសភា ត្រូវបាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ​បោះឆ្នោត មាន​ទាំង​សិស្ស និស្សិត បុគ្គលិក​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ជា​កម្មករ កម្មការិនី យ៉ាងច្រើន​កុះករ​នូវ​ទូទាំងប្រទេស រហូតមកដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ ៕

*​ឆមាស​ទី​១​ឆ្នាំ​២០១៨​ស៊ី​ឌី​ស៊ី អនុម័ត​គម្រោង​វិនិយោគ​១០៦ ជាមួយ​ទុនវិនិយោគ​៣.៥០០​លាន​ដុល្លារ

​នៅក្នុង ឆមាស​ទី​១ ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(​ស៊ី​ឌី​ស៊ីៈ CDC)​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១០៦​គម្រោង ដែល​ក្នុងនោះ​មាន​គម្រោង​ថ្មី​ចំនួន ៩៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៩​។ ទុនវិនិយោគ​សរុប​នៃ​គម្រោង​ដែល​ត្រូវបាន​អនុម័ត​ទាំងនេះ​មាន​ចំនួន​ប្រមាណ ៣.៥០០​លាន​ដុល្លារ​អាមេរិក ដែល​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត ១០​ម៉ឺន​កន្លែង ៕

* ជំនន់​ទឹកទន្លេ​សេកុង​នៅ​ទ្រឹង​តែ​ទឹកទន្លេ​មេគង្គ​បន្ត​ជន់​ឡើង​សន្សឹមៗ​

​ជំនន់ ទឹកទន្លេ​សកុង​មកពី​ការបាក់​ទំនប់​នៅក្នុង​ប្រទេស​ឡាវ​ចាប់ផ្តើម​នៅ​ទ្រឹង បន្ទាប់ពី​បាន​ឡើងដល់​កម្រិត​កម្ពស់​១២,៤៦​ម៉ែត្រ​។​តែ​ទឹកទន្លេ​មេគង្គ​នៅ គ្រប់​ស្ថានីយ៍​ជល​សាស្ត្រ​បន្ត​ជន់​ឡើង​សន្សឹមៗ​តែ​ឡើង​មិន​ដល់​កម្រិត ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ទឹកជំនន់​នោះទេ​ពី​ពេលនេះ​( ថ្ងៃទី​២៧​ខែកក្កដា​)​ដល់​ដំណាច់​ខែកក្កដា ៕

*​ឃាត់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ការិយាល័យ​ត្រពាំង​ក្រសាំង​

​ស្ដ្រី​ម្នាក់​ជា​អនុប្រធាន​ការិយាល័យ បាន​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក់​ដៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​។​ ​សមត្ថកិច្ច​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាបឋមសិក្សា​ត្រពាំង​ក្រសាំង ស្ថិតនៅ​ភូមិ​ត្រពាំង​អណ្តូង មាន​ករណី​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក​ដៃ​សំរាប់​បោះឆ្នោត ទៅ​ដប​តូច​១ ដោយ​ស្ត្រី ជា សុធា​រី មុខងារ​ជា​អនុប្រធាន​ការិយាល័យ​លេខ​១៤០១ ៕