សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨

650
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​មួយ​ម៉ឺន​នាក់​

​នៅ​ព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស​នៅ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​សម្លេងគាំទ្រ​ដ៏​លើសលុប នៅក្នុង​ការបោះឆ្នោត សាកល​នីតិកាល​ទី​៦ នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​បោះឆ្នោត​ថា​បានបង្ហាញ​ឲ្យ​ឃើញ​ពី ការចូល​របស់​ប្រជាជន​នៅក្នុង​ការគាំទ្រ​លទ្ធិ ប្រជាធិបតេយ្យ និង ការគាំទ្រ​ឲ្យ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​បន្តទៀត ៕

*​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត សួរសុខទុក្ខ​និង​ចែក​អំណោយ​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់ ១.៤៤២​គ្រួសារ​នៅ​ខេត្ដ​ត្បូងឃ្មុំ​

​សម្ដេច កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម កម្ពុជា នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់ ចំនួន​១៤៤២​គ្រួសារ ដែល​រស់នៅ ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ ។ កម្មវិធី​នេះ ប្រារព្ធ​ធ្វើឡើង​នៅ ទួល​សុវត្ថិភាព ឧកញ៉ា អាន ម៉ារ​ឌី ដែល​ស្ថិតនៅ​ក្នុងភូមិ ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ ៕

*​អាជ្ញាធរ​ព្រមាន​អំពី​ផែនការ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” បើ​គ្មាន​ច្បាប់​

​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ និង​អភិបាល​រាជធានី​ភ្នំពេញ​ចាត់វិធានការ ច្បាប់​ទៅលើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​គណបក្ស​ខ្មែរ​ក្រោក បើ​គ្មាន​ច្បាប់​អនុញ្ញាត​។ ការព្រមាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​អំពី​ផែនការ​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ ទូទាំងប្រទេស “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ៕

*​ជំនន់​ទឹកភ្លៀង​ពីបឹង​ទន្លេសាប ប៉ះពាល់​ខេត្ត​ចំនួន​២ បង្ក​ឲ្យ​លិចលង់​ផលដំណាំ​ស្រូវ​រាប់ពាន់​ហិកតា​

​ខេត្ត ចំនួន​២ គឺ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ បាន​រង​ការ​ជន់​លិច ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ពី​បឹង​ទន្លេសាប បង្ក​ឱ្យ​លិចលង់​ដំណាំ​ស្រូវ របស់​ប្រជាកសិករ រាប់ពាន់​ហិកតា ក្នុងនោះ​មានស្រុក​ចំនួន​៣ នៃ​ខេត្តបាត់ដំបង និង​មួយ​ស្រុក នៃ​ខេត្តបន្ទាយមានជ័យ ៕

*​អង្ករ​កម្ពុជា​រក្សា​តម្លៃ​នៅ​ដដែល ទោះបីជា​ខេត្ត​មួយចំនួន​រងគ្រោះ​ទឹកជំនន់​ក្តី​

​ក្រុមអាជីវករ លក់​អង្ករ​នៅ​ក្រុងភ្នំពេញ​បានលើកឡើង​ដូចគ្នា ស្ថានភាព​ការលក់​នៅតែ​ដំណើរការ​ជាធម្មតា ដោយឡែក​តម្លៃ​ឯណោះ​វិញ​ក៏​នៅតែ​រក្សា​តម្លៃ​ដដែល​ដូចគ្នា បើទោះបីជា​បច្ចុប្បន្ន​នៅ​ខេត្ត​មួយចំនួន​បាន​កំពុង​រងគ្រោះ​ដោយសារ ទឹកជំនន់ ៕

*​រដ្ឋមន្ត្រី​អះអាងថា​ទឹកជំនន់​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​ទេ​

​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​បាន​អះអាងថា ទឹកជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​នោះទេ ផ្ទុយទៅវិញ​ការដាំដុះ​ដំណាំ​កសិកម្ម និង​ក​សិ ឧស្សាហកម្ម​ភាពប្រសើរ​ជាង​ឆ្នាំមុន​។ លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២ សីហា​នេះ​ថា ផ្ទៃដី​កសិកម្ម​ទំហំ​១៨.០០០​ហិកតា​បាន​រង​ផលប៉ះពាល់ ប៉ុន្តែ​ខូចខាត​តែ​ជាង​៣.០០០​ហិកតា​ប៉ុណ្ណោះ​។ ក្នុងនោះ​ខេត្តក្រចេះ​ខូចខាត​ដំណាំ​ស្រូវ​ទំហំ​៨៥៨​ហិកតា ខេត្តស្ទឹងត្រែង​បាន​ប៉ះពាល់​ជាង​១០០​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​បាន​រង​ផលប៉ះពាល់​៤៨៨​ហិកតា​។ លោក​បន្តថា ក្រៅពីនេះ​ដំណាំ​រួមផ្សំ​មួយចំនួន​ក៏បាន​រង​ផលប៉ះពាល់​ផងដែរ ប៉ុន្តែ​ស្ថានភាព​ជាទូទៅ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ ៕

* កំណើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​តម្រូវការ​លំនៅដ្ឋាន​កើនឡើង​ប្រមាណ​មួយ​លាន​ខ្នង​

​មន្ត្រីជាន់ខ្ពស់ ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ​១​លាន​ខ្នង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ និង​រីកចំរើន​នៃ​សេដ្ឋកិច្ចសង្គម ៕

*​គ​.​ជ​.​ប : ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​រស្មី​ខេមរា គឺ​ពុំមាន​មូលដ្ឋាន​គ្រប់គ្រាន់​យក​ពិចារណា​នោះទេ​

​លោក សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ការប្រកាស​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​គណបក្ស​រស្មី​ខេមរា គឺ​ពុំមាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​យក​ពិចារណា​នោះទេ​។ ការបញ្ជាក់​នេះ បានធ្វើ​ឡើង​ប​បន្ទាប់ពី​គណបក្ស​រស្មី​ខេមរា បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ៕

#