សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨

724
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៦ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្ដេច​តេ​ជោ អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី ១៨ នៅ​ឥណ្ឌូនេស៊ី​ចូលជួប​សំណេះសំណាល​
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ សីហា​នេះ​បានអនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​ពី​ធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ ប្រតិភូ​កីឡា​កម្ពុជា​រួមមាន​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ដែល​ត្រៀម​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃនេះ មាន​ជាង ៧០ នាក់ ការប្រកួត​កីឡា​អាស៊ី​លើក​ទី ១៨ នៅ​ឥណ្ឌូនេស៊ី មាន ១៣ ប្រភេទ​កីឡា​ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង កីឡា និង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រិតសម្រាំង​សម្រាប់​ចូលរួម​ប្រកួត ចាប់ពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខ ៕

*​សេចក្តីថ្លែងការណ៍​«​អ្នកសារព័ត៌មាន​» មាន «​សេរីភាព​ពេញលេញ​» ក្នុងការ​ផ្សព្វផ្សាយ​អំពី​ដំណើរការ​បោះឆ្នោត​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) សូម​ធ្វើការ​វាយតម្លៃ និង សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន «​កំពុង​បំពេញ​តួនាទី​ដ៏​ត្រឹមត្រូវ​» ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​និង​ការទទួលខុសត្រូវ ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត​សកល​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ទាំង​នៅ​ដំណាក់កាល​ការឃោសនា​រក​សំឡេងឆ្នោត​, នៅ​ចំ​ថ្ងៃ​បោះឆ្នោត​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨, ដំណាក់កាល​កំពុង​រាប់​សន្លឹកឆ្នោត​, និង​ដំណាក់កាល​ក្រោយ​ថ្ងៃ​បោះឆ្នោត ៕

*​ក្រោយ​បោះឆ្នោត​ប្រទេស​កម្ពុ​ជាមាន​ស្ថិរភាព សន្តិភាព​ធម្មតា​និង​ជា​ដី​មាស​សម្រាប់​ការវិនិយោគទុន​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖​ក្រោយ​បោះឆ្នោត ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព​ធ្ម​តា កម្ពុជា​ជា​កោះសន្តិភាព​និង​ជា​ដី​មាស​សម្រាប់​ការវិនិយោគ ដូច្នេះ​លោក​សូមឱ្យ​អ្នកវិនិយោគ​ទាំងអស់​ចូលរួម​វិនិយោគ​បន្ថែមទៀត ។​លោក​បន្តថា​៖​ជាងនេះទៅទៀត សម្រាប់​កម្ពុជា អ្នកវិនិយោគ​ទាំងអស់ ក៏ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ផងដែរ ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ២០១៨​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី បើកសម្ពោធ​គម្រោង​លក់​អភិវឌ្ឍ​ន៏​លំនៅដ្ឋាន ក្រុមហ៊ុន​អចលនៈទ្រព្យ​លីង​ណាន ហ្គា​ដិ​ន​របស់​ប្រទេស​ចិន​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ៕

*​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​បង្ហាញ​ពី​ការបង្ក្រាប​និង​រឹបអូស​វត្ថុតាង​ជិត​៩០​តោន​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) ធ្វើ​សន្និសីទកាសែត​ស្តីពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ចំនួន ៤​ករណី កន្លងមក ដែល​គណៈកម្មាធិការ​បា​ន​រឹបអូស​ជា​វត្ថុតាង​ចំនួន ៨៨​តោន នៅ​រសៀល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រ​សួ​មហាផ្ទៃ ៕

* ក្រសួងកសិកម្ម​និង​អង្គការ​អា​ហ្វេ​ត​បន្ថែម​ប្រាក់​ជាង​១៥​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​កសិករ​រងគ្រោះ​

​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​មូលនិធិ​អន្តរជាតិ​លើកដំបូង​សម្រាប់​អភិវឌ្ឍ​កសិកម្ម​អាយ​ហ្វេ​ត​(IFAD)​បាន​សហការគ្នា​បង្កើន​ថវិកា​ប្រមាណ​ជាង​១៥​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។​

​ថវិកា​នេះ​សម្រាប់​អនុវត្ត​នៅ​ខេត្ត​គោលដៅ​ចំនួន​១១​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​និង​បង្កើន​ភាព​ធន់​រប​ស់ក​សិ​ករ​តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ៕

* តារាចម្រៀង ឡេង ណា​វ៉ា​ត់​ត្រា បោះទុន​ជំនួញ​ដីធ្លី​ជាមួយ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត​

​ពិតជា​មិនធម្មតា​មែន តារាចម្រៀង ឡេង​ណា វ៉ា​ត់​ត្រា មាន​ងារ​ជា​ឧកញ៉ា បាន​បោះទុន​រាប់លាន​ដុល្លារ លើ​វិស័យ អចលនទ្រព្យ ជាមួយ​តារាចម្រៀង​លំដាប់​ប្រទេស ខេមរៈ សិរីមន្ត ក្នុង​ទឹក ប្រាក់​១០​លាន​ដុល្លារ លើ​ជំនួញ​ដីធ្លី នៅតាម​បណ្តោយ​ផ្លូវជាតិ​៣ ឃុំ​ព្រះ​និ​ពា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៕

* យុវតី​ម្នាក់​បាន​រត់គេច​ពី​ក្រញាំ​ឧក្រិដ្ឋជន​ចាប់​បង្ខាំង​ទុក​រយៈពេល​៣​ថ្ងៃ​

​យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ បាន​ចាប់​បញ្ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង​មិន​ចាំទី​តាំង​។ បើតាម​ការរៀបរាប់​ពី​ឪពុក​បង្កើត​យុវតី​រងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា​កូនស្រី​របស់គាត់​មានឈ្មោះ ស៊ុម ណាវិន អាយុ​១៨​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យា​ល​យ័​ទួល​អំពិល ស្នាក់នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕