សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨

719
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១០ ខែសីហា​រួមមាន​ដូចតទៅ ៖

*​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​សំដែង​នូវ​ការអបអរសាទ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា

​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​គណបក្ស​ប្រជាជន កម្ពុជា​ដែល​ទទួលបាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់​បំផុត ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។

​ការអបអរសាទរ​នេះ​បាន​ធ្វើឡើង​តាមរយះ​លិខិត​របស់លោក​តូ​ស៊ី​រ៉ូ នី​កៃ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និង​ជា​សមាជិក សភាតំណាងរាស្ត្រ​ជប៉ុន​ដែល​ត្រូវបាន​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahi Imamura) សមា ជិ​ក​សភា​ជប៉ុន​នាំយក​សារលិខិត​ជូន​ដោយផ្ទាល់ ដៃ ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រ​តះ​រាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង ជំនួប​ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ១០​ខែ សីហា​នេះ នៅ​ភូមិគ្រឹះ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ៕

*​ការប្រឡង​ទុតិយភូមិ ឆ្នាំនេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ សីហា

​តាម​ការគ្រោងទុក​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំនេះ​នៅ​ទូទាំងប្រទេស​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ សីហា សម្រាប់​នៅ​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​រហូតដល់​ជាង​២​ម៉ី​ន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការអង្កេត​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩ សីហា​នេះ ៕

*​ប្រាសាទអង្គរវត្ត​ត្រូវបាន Tripadvisor ប្រគល់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ​១ លើ​លោក​ឆ្នាំ​២០១៨

​ប្រាសាទអង្គរវត្ត ត្រូវបាន Tripadvisor បានប្រគល់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ​១ លើ​លោក​ឆ្នាំ​២០១៨ ដោយបាន​ប្រារព្វ​ធ្វើឡើង​នៅមុខ​ប្រាសាទអង្គរវត្ត នា​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី SARAH MATHeWS ប្រធាន​ផ្នែក​ទីផ្សារ​របស់ Trip Advisor ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជូន​ដល់​ក្រសួងទេសចរណ៍ អាជ្ញាធរ​អប្សរា និង​អជ្ញាធរ​ខេត្តសៀមរាប ៕

*​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ភូមិ​អ្នកស្រុក​២​ភូមិ ក្នុងស្រុក​រវៀង​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ ភូមិ​បង្ក​ន និង​ភូមិ​ស្រែ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង​ខេត្តព្រះវិហារ​កំពុង​ប្រឈម​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​បាន​ធ្លាក់​ជាប់ៗ​គ្នា​ដោយសារ​ទឹកអូរ​បាន​ហក់​ឡើង​ខ្លាំង នៅ​ថ្ងៃទី​៩​ខែសីហា ឆ្នាំ​២០១៨​។​លោក សាយ ដេ​ត អធិការនគរបាល​ស្រុក​រវៀង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ រស់នៅ​ភូមិ​បង្ក​ន​និង​ភូមិ​ស្រែ​ឃុំ​រៀបរយ​ស្រុក​រវៀង​បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ដោយសារ​ទឹកអូរ​ហក់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​លិច​ក្រោមផ្ទះ និង​ផ្លូវ​នានា​ក្នុងភូមិ ដែល​ករណី​ទឹកជំនន់​យ៉ាងគំហុក​នេះ​កើតឡើង គឺ​បណ្តាលមកពីរ​ទឹក​ជន់​នៅ​អូរ​ឡង់​និង​អូរ​លួច​ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​រក​ទីទួល​សុវត្ថិភាព​ហើយ ៕