សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨

665
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែសីហា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាលៈ​កម្ពុជា​ពិតជា​ត្រូវការ​សុខសន្តិភាព​យូរអង្វែង​ដើម្បី​មាន​ពេល​អភិវឌ្ឍន៍​ប្រទេស​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​បាន​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ជាថ្មី​ទៀ​ដែល​បានបង្ហាញ​ជំនឿ​ទុកចិត្ត មកលើ​សម្តេច និង គណបក្ស​ប្រជា ជនកម្ពុជា ។ សម្តេច​បាន​បន្តថា​សម្តេច​ពិតជា​មិន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ខកបំណង​ឡើយ ។​ជាមួយ នេះ​សម្តេច​ក៏បាន​យល់​យ៉ាងច្បាស់​ថា​កម្ពុជា​ត្រូវការ​សុខសន្តិភាព​យូរអង្វែង ដើម្បី​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន ៕

*​គ​.​ជ​.​ប ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

​ជា​លទ្ធផល​បណ្ដោះអាសន្ន បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាងគេ គឺ​៤,៨៨៩,១១៣​សំឡេង ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត ៦,៩៥៦,៩០០​នាក់ ដែល​ស្មើនឹង ៨៣,០២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​។ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៧៤,៥១០​សំឡេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣០៩,៣៦៤​សំឡេង ៕

*​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​២៦០០​គ្រួសារ នៅ​ស្រុក​ក្រូចឆ្មារ បានទទួល​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ ២០១៨ បានធ្វើ​ដំណើរ​តាម​អូប័រ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​២៦៧១ គ្រួសារ ដែល​រស់នៅ ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ​។ កម្ម​វី​ធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ទួល​សុវត្ថិភាព​ចំការ​គ ភូមិ​ទី​៥ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ដ​ត្បូងឃ្មុំ ៕

*​គម្រោង​វិនិយោគ​ដែលមាន​តម្លៃ​ជាង​១០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​

​គ​ម្រោ​ថ​ស្នើ​វិនិយោគ​ធំៗ​នៃ​ក្រុមហ៊ុន​ចំនួន​បួន​ត្រូវបាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនេះ ៕

*​ចាប់​គ្រឿងញៀន​ទម្ងន់​៩៨​គីឡូក្រាម​០៤៣.៥៥​ដឹក​តាម​ប្រៃសណីយ៍​ឃាត់​ចិន​ម្នាក់​

​កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​សន្តិសុខ ផ្ទៃក្នុង សហការ​ជាមួយ​កម្លាំងចំរុះ​ប្រចាំការ​នៅ​ប្រៃសណីយ៍​កម្ពុជា ដឹកនាំ​សម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​តាម​ប្រៃសណីយ៍​។​

​គ្រឿងញៀន​នេះ​ផ្ញើ​ចេញពី​ប្រទេស​អាឡឺម៉ង់​មក​កម្ពុជា​(​ដោយ​លាក់​បង្កប់​ជាមួយ​ចំណី​សត្វ​)​។​នៅ​ចំណុច​ប្រៃសណីយ៍​កម្ពុជា ផ្លូវ​លេខ​១០២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ៖ ឃាត់ខ្លួន​ជនជាតិ​ចិន ១​នាក់ ឈ្មោះ YAO ZEYE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង រឹបអូស​វត្ថុតាង គ្រឿងញៀន​ប្រភេទ​ថ្នាំ​គ្រាប់ (Logo LV) អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សរុប 98kg 043.55g. ៕