សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨

892
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៤ ខែសីហា រួមមាន​ដូចតទៅ ៖

*គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​ទទួលបាន​បណ្តឹងតវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ នៅវេលា​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។ ការប្រកាស​លទ្ធផល​ផ្លូវការ គឺ​បន្ទាប់ពី​គ្មាន​បណ្តឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​បណ្តោះអាសន្ន​៕

*​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ម៉ោង​៧:៣០​យប់​ថ្ងៃទី​១៥​សីហា​

​លោក​សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ប្រាប់​រស្មី​កម្ពុជា​ថា គ​.​ជ​.​ប​. នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ នៅវេលា​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា ស្អែក​នេះ​។​

​លោក​សោម សូលី​ដា បាន​បញ្ជាក់ថា “​ការប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត គឺ​ប្រកាស​នៅតាម​ទូរទស្សន៍ និង​វិទ្យុជាតិ​។​ការប្រកាស​នេះ គឺមាន​លទ្ធផល​ចំនួន​បី គឺ​ទី​១. លទ្ធផល​សន្លឹកឆ្នោត​ដែល​គណបក្ស​និ​មួយៗ​ទទួលបាន​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ​។ ទី​២. អាសនៈ​របស់​គណបក្ស​ដែល​ទទួលបាន​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ និង​ទី​៣. ឈ្មោះ​របស់​បេក្ខជន​ជាប់ឆ្នោត​នៅក្នុង​មណ្ឌលបោះឆ្នោត​ពាក់ព័ន្ធ​”​។ លោក​បញ្ជាក់ថា លទ្ធផល​ទាំងបី​នេះ នឹង​ប្រកាស​នៅ​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា​។​

​ការប្រកាស​លទ្ធផល​ផ្លូវការ​នេះ គឺ​បន្ទាប់ពី​គ្មាន​បណ្តឹងតវ៉ា​របស់​គណ​បក្សនយោបាយ​៕

*​សម្តេច​តេ​ជោ ហ៊ុន សែន : ​ប្រជាជន​កម្ពុ​ជាជាង​៨៣​ភាគរយ​បាន​ទៅ​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​ប្រទេស​ខ្លួន​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ សីហា​នេះ​បាន បង្ហោះ​នូវ​សារ​នយោបាយ​ខ្លី​ថា​ការបោះឆ្នោត​ឆ្នាំ ២០១៨ នេះ ប្រជាពលរដ្ឋ​ច្រើន​លើសលុប​រហូតដល់​ជាង ៨៣,០២ ភាគរយ​បាន​ទៅ​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​ប្រទេស ជាតិ​ខ្លួន​ពិសេស​ប្រទេសជាតិ​ដ៏​កម្សត់​មួយ​នេះ ឲ្យ​មាន​និរន្ត​ភាព​នៃ​ការអភិវឌ្ឍន​និង​សុខសន្តិភាព​យូរអង្វែង ៕

*​រដ្ឋមន្ត្រី​មហាផ្ទៃ : ជំរឿន​ទូទៅ​ប្រជាជន​ឆ្នាំ​២០១៩ ប្រើប្រាស់​ថវិកាជាតិ​ស្ទើរតែ​ទាំងស្រុង​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន បាន​បញ្ជាក់ថា ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ប្រើប្រាស់​ថវិកាជាតិ​ស្ទើរតែ​ទាំងស្រុង ដោយ​គ្មាន​ដៃគូ​អភិវឌ្ឍន៍​ណា​ជួយ​គាំទ្រ​ទេ លើកលែងតែ​អង្គការ UNFPA ដែល​បាន​ជួយ​លើ​ជំនាញ​បច្ចេកទេស និង​ថវិកា​ក្នុង​កម្រិត​មួយ​នៃ​លទ្ធផល​របសគាត់ (UNFPA)​។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មការ​ជាតិ​ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ៕

*​រដ្ឋមន្ត្រី​រំពឹងថា​មាន​ភ្ញៀវទេសចរ​ប្រមាណ​៣០​ម៉ឺន​នាក់​មកលេង​បុណ្យ​សមុទ្រ​ខេត្តកោះកុង​

​លោក ថោង ខុង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ក្តី​រំពឹងទុក​ជាមុន​ថា ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្តកោះកុង​នឹងមាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចាប់ពី​២៥​ម៉ឺន​ទៅ​៣០​ម៉ឺន​នាក់​។ ដើម្បី​ទាក់ទាញ​កំណើន អ្នកទេសចរ​រាជរដ្ឋាភិបាល​និង​ក្រសួងទេសចរណ៍​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ទីរជំនាញ​ខេត្តកោះកុង​បង្កើន​ការយកចិត្ត​ទុក​លើ​ការងារ​ជួសជុល​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឱ្យបាន​ទាន់ពេលវេលា ៕

*​លោក គឹម សុខ បាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​ការអនុវត្ត​ទោស ក្នុង​ពន្ធនាគារ​

​ទណ្ឌិត គឹម សុខ ត្រូវបាន​អនុរក្ស​ពន្ធនាគារ​នាំខ្លួន​មកកាន់​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា​ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​និង​ពិនិត្យ​លើ​ការអនុវត្ត​ទោស របស់លោក​ក្នុង​ពន្ធ​គារ ដើម្បី​សម្រេច​ថា​ត្រូវ​ដោះលែង ឬ​បន្ត​ឃុំខ្លួន​ទៀត​។​គួររំលឹកថា​លោក គឹម សុខ ដែល​សាធារណជន​មួយចំនួន​ហៅថា «​អ្នកវិភាគ​សង្គម​» កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមបណ្តឹង​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​។ ការផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់ពី លោក គឹម សុខ បាន​ញុះញង់ និង​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី ៕

*​ព្យុះ​ថ្មី​មួយទៀត ឈ្មោះ បេ​ប៉ី​ន​កា នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ទន្លេមេគង្គ ចាប់ពី​ថ្ងៃទី​១៧-១៨ ខែសីហា​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ពី​ព្យុះ​ថ្មី​មួយទៀត គឺ​ព្យុះ​ទី​១៦ មាន​ឈ្មោះថា បេ​ប៉ី​ន​កា ( BEBINCA ) ដែល​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​ទន្លេមេគង្គ នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ ៕

*​សំណុំរឿង​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម​ : ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត​

​បុរស​ជនជាតិ​ចិន​ម្នាក់ ដែលជា​ជនសង្ស័យ​ទី​២ ពាក់ព័ន្ធ​បញ្ញើ​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម ផ្ញើ​មកពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​ប្រៃសណីយ៍​កម្ពុជា បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៣​ខែសីហា ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត ។ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ YAO ZEYE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ដែលជា​ជន​ទី​២ ជាប់​ពាក់​ពន្ធ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ជា​ប្រភេទ​គ្រាប់​ប្រមាណ​ជាង​៩៨​គីឡូក្រាម ៕