សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨

824
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៥ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្ដេច​តេ​ជោ បន្ដ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​បន្ដ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ នៅក្នុង​ឱកាស​នេះ សម្ដេច បានលើកឡើង​ពី​សារសំខាន់ៗ​ចំនួន​២ ទាក់ទង​នឹង​កិច្ចការ​នយោបាយ​នៅ​កម្ពុជា​ដែល​សម្ដេច​នឹង​អនុវត្ត​នៅ អាណត្តិ​ខាងមុខ គឺ​ទី​១. រាជរដ្ឋាភិបាល​ថ្មី​គ្រោង​នឹង​បង្កើត វេទិកា​ពិគ្រោះ​យោបល់​មួយ​រា​វង​រាជរដ្ឋាភិបាល​និង គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នាពេល​កន្លងមក នេះ និង​ទី​២. សម្ដេច​បញ្ជាក់ថា នឹង​ពិនិត្យមើល​សមត្ថភាព​ម​ន្ត្រី​គណបក្សនយោបាយ​ដទៃ​ដែល​មិន​ជាប់ឆ្នោត ឲ្យ​មក​ធ្វើជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​ស្ថាប័ន ឬ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាម​ក្រសួង​នានា​ប្រសិនបើ ពួកគេ​ពេគ​ចិត្ត​និង​ធ្វើការ​បំរើ​ជាតិ ៕

*​សម្តេច​ប្រធានព្រឹទ្ធសភា​អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​ឡាវ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ (Prasith SAYASITH) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា​។​

​នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី​១៥​ខែ សីហា ឆ្នា​២០១៨​នោះ លោក​ប្រា​សិទ្ធ សា​យ៉ា​សិទ្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាត​ឲ្យ​លោក​ចូល​ជូ​ប​ធ្វើ​សវនាការ និង​ជម្រាបលា ៕

*​ក្រសួងសុខាភិបាល​ហាមឃាត់​ចរាចរ​សេរ៉ូម​ម៉ាក Glutaone 600

​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ជា​សាធារណៈ​ថា សេរ៉ូម ម៉ាក Glutaone 600 គឺជា​សេរ៉ូម​ខុសច្បាប់ ហើយ​ហាមឃាត់​នូវ​ការធ្វើ​ចរាចរ​សេរ៉ូម​នេះ ហើយ​ត្រូវតែ​ប្រមូល​កម្ទេច​ជាបន្ទាន់​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដ​សុខភាព​អ្នកប្រើប្រាស់ ។​

​តាមរយៈ​សេ​ចក្រី​ប្រកាស​នោះ ក្រសួងសុខាភិបាល បាន​លើកឡើងថា ដើម្បី​ចៀសវាង ការខាតបង់​ប្រាក់ កាស និង​ប៉ះពាល់​ដល់​សុខភាព ដូចជា​បណ្ដាល​ឲ្យ​មហារីក​ស្បែក​ជាដើម ឬ ឈានដល់​ការបាត់បង់​អាយុជីវិត​ជាដើម​នោះ ក្រសួងសុខាភិបាល ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការប្រើប្រាស់​សេរ៉ូម Glutaone 600 ជាបន្ទាន់​។ ម្ចាស់​គណនី​ទាំង​៤ ដែល​បាន​ផ្សព្វផ្សាយ​លក់​នូវ​សេរ៉ូម​ខាងលើនេះ ត្រូវ​បញ្ឈប់​នូវ​ការ​នាំចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​សេរ៉ូម Glutaone 600 ខុសច្បាប់​នេះ ហើយ​ប្រមូល​កម្ទេចចោល​ជាបន្ទាន់ ។ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ តាមច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ៕

*​ក្រសួង​ធនធានទឹក : ទឹក​ទន្លេសេសាន ខេត្តរតនគិរី ហក់​ឡើង​យ៉ាងគំហុក​

​នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញ​ព័ត៌មាន​ទាន់​ហេតុការណ៍​មួយ គឺ បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា បានធ្វើឱ្យ​ទឹក​ទន្លេសេសាន ខេត្តរតនគិរី ហក់​ឡើង​យ៉ាងគំហុក លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ។ តំបន់​មួយចំនួន​តាម​ដង​ទន្លេ កំពុង​ត្រូវបាន​ជន់​លិច​ចូល​ជា​បណ្ដើរៗ​ហើយ ៕

*​ខេត្តព្រៃវែង​ស្រូវ​ជាង​២​ម៉ឺន​ហិកតា​បាន​លិចលង់ និង​ពលរដ្ឋ​ជាង​៣​ពាន់​គ្រួសារ​កំពុង​ខ្វះ​ស្បៀង​

​សម្រាប់​ខេត្តព្រៃវែង កំពស់​ទឹក​ឡើង​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​ទេ ប៉ុន្តែ​ស្រូវ​កសិករ​ជាង​២​ម៉ឺន​ហិកតា និង​ផ្ទះ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ជាច្រើន​បាន​លិចលង់​។​

​គិតដល់​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៨ កំពស់​ទឹក​នៅ​ព្រែក​តា​តាំ មុខ​សាលាខេត្ត ឡើងដល់​៦​ម៉ែត្រ ៧២​សង់ទីម៉ែត្រ កើនឡើង ៤​សង់ទីម៉ែត្រ លើស​ថ្ងៃទី​១៤​។ គួរ​បញ្ជាក់ថា កម្រិត​ប្រកាសអាសន្ន ៧​ម៉ែត្រ ៥០​សង់ទីម៉ែត្រ ៕

*​រថយន្ត​ធំ​៣​គ្រឿង​បុក​គ្នា​លើផ្លូវ​បេតុង បែក​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​អូ​ត្រេះ ស្លាប់​មនុស្ស​ម្នាក់​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​៣​គ្រឿង​បុក​គ្នា នៅ​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ លើផ្លូវ​ចុះទៅ​វត្ត​អូរត្រេះ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត​ធុន​ធំ​ចំនួន ០៣​គ្រឿង​បុក​គ្នា ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ក្រឡាប់​នៅលើ​ផ្លូវ និង​រថយន្ត​ដឹក​អង្គរ ជាមួយ​រថយន្ត​បូម​លូ​ក្រឡាប់ ធ្លាក់​ទៅខាង​ក្រោម​ផ្លូវ​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ៕