សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨

583
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៤ ខែសីហា រួមមាន​ដូចតទៅ ៖

*​ក្រសួង​សេដ្ឋកិច្ច​និង​ធនាគារជាតិ អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោះស្រាយ​ដោយ​ទន់ភ្លន់ និង​អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។ ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ សមាគម​មីក្រូ ហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ប្រកាស​ទទួលយក ហើយ​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​យន្តការ​សមស្រប ដើម្បី សម្រាល​បន្ទុក​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយផ្ទាល់​ពី​គ្រោះធម្មជាតិ នាពេលនេះ ៕

*​ស្ថានភាព​ជំនន់​ទឹកទន្លេ​មេគង្គ​រក​ថ្ងៃ​ធូរស្រាល​មិនទាន់​ឃើញ​

​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​បាន​ធូរស្រាល​បន្តិច​តែ​ធ្ងន់ធ្ងរ​នៅ​តំបន់​អាង​ទន្លេមេគង្គ ដែល​នាំ​ឲ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញ​សេចក្តីជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​ដោយ​សង្កត់ធ្ងន់​ទៅលើ ជំនន់​ទឹកទន្លេ​មេគង្គ​ដ៏​រ៉ាំរ៉ៃ​ជិត​មួយខែ​កន្លងទៅនេះ ៕

*​បន្ទាយមានជ័យ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ជាង​៤​ពាន់​ហិកតា​, ខូច​ជាង​២​ពាន់​ហិកតា​

​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​គ្រោះមហន្តរាយ​៧​ខែ​ដើមឆ្នាំ​២០១៨ នៅ​ខេត្តបន្ទាយមានជ័យ​រឿង​ធំជាងគេ គឺ​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​ជាង​៤​ពាន់​ហិកតា​, ខូច​ជាង​២​ពាន់​ហិកតា ចុះជួយ​ច្រូត​សង្គ្រោះបាន​ជាង​២០០​ហិកតា​។ នេះ​បើតាម លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ថ្លែង​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រោះមហន្តរាយ​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨ និង​ទិសដៅ​បន្ត​របស់​ខេត្តបន្ទាយមានជ័យ នៅ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​២២​សីហា ៕

*​គ្រោះទឹកជំនន់​ទន្លេមេគង្គ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​ប្រាំបី​ម៉ឺន​គ្រួសារ ,​ស្លាប់ ២១​នាក់​

​គ្រោះទឹកជំនន់​ទន្លេមេគង្គ បាន​បង្ក​ការខូចខាត និង​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ជាង​ប្រាំបី​ម៉ឺន​គ្រួសារ និង​មាន​អ្នកស្លាប់ ២១​នាក់ គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។ ក្រៅពី​ទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ជួបប្រទះ​គ្រោះរាំងស្ងួត បណ្តាល​ឲ្យ​ប៉ះពាល់​ស្រូវ​ជាច្រើន​ហិកតា​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ៕

*​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​៩​ខ្នង​ខូចខាត​ស្ទើរតែ​ស្រុង​នៅ​ស្រុក​សំបូរ​

​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង បាន​ដួលរលំ​នឹង​ប៉ើង​ដំបូលផ្ទះ បណ្តាល​ឲ្យ​ខូចខាត ស្ទើរតែ​ស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់​បំផ្លាញ​។ ហេតុការណ៍​គ្រោះធម្មជាតិ​នេះ កើតឡើង​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​នេះ ៕

*​ការសាងសង់​ស្ថានីយ៍​បូម​ទឹកលូ​៥ គ្រោង​បញ្ចប់​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​

​សំណង់​អគារ​ស្ថានីយ៍​បូមទឹក​លូ​៥​មកដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ស្ថាបនា ដោយ​មកដល់ពេលនេះ ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​លូ​៥​នេះ សម្រេចបាន ៥០​ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​ការងារ​របស់ខ្លួន​នៅ​ដើមខែ​វិច្ឆិកា​២០១៨​ខាងមុខនេះ​។ ស្ថានីយ៍​បូមទឹក​លូ​៥​នេះ​គឺជា​ស្ថានីយ៍​បូមទឹក​ថ្មី​មួយ​ក្នុង​ចំ​ណោ​យ​ស្ថានីយ៍​ជាច្រើន​ទៀត ៕

*​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លាលែង​ពី​តំណែង​

​លោក ហ៊ាង គឹម​ស្រឿ​ន បានដាក់​ពាក្យសុំ​លាលែង​ពី​សមាជិកភាព​អនុប្រធាន​គណបក្ស និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។ ការលាលែង​នេះ គឺ​ដោយសារតែ​ការមិនចុះសម្រុង​នឹង​គ្នា​រវាង​ថ្នាកដឹកនាំ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៕