សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨

615
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៧ ខែសីហា រួមមាន​ដូចតទៅ ៖

*​ក្រសួង​ការងារ​បាន​លុបចោល​សេចក្តីព្រាងច្បាប់​ស្តីពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ​វិញ​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បានប្រកាសថា ក្រសួង​បានសម្រេច​លុបចោល​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ ដើម្បី​ទុក​ឱកាស​ឱ្យ​ក្រុមប្រឹក្សា​អា ជ្ញា​កណ្តាល​ជា​អ្នកដោះស្រាយ​បញ្ហា វិញ​។​

​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ពិសេស​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព និង​និរន្ដ​ភាព​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញា​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ​លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា​ការដែល​ក្រសួង​បញ្ឈប់​ធ្វើ​ច្បាប់​ស្តីពី​នីតិវិធី​ជម្រះក្តី និង​វិវាទ​ការងារ​នេះ ដោយសារតែ​សេចក្តីព្រាងច្បាប់​នេះ​មាន​ចំណុច​មួយចំនួន​ពាក់ព័ន្ធ និង​តួនាទី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ដើម្បី​ផ្តល់ឱកាស​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុងការ​ដោះស្រាយ​វិវាទ​ការ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ទុកចិត្ត ៕

*​ឆ្នាំ​២០៣០​កម្ពុជា និង​ត្រូវការ​មនុស្ស​ប្រមាណ​២​លាន​នាក់ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​

​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា តាមរយៈ​នៃ​ការរីកចម្រើន​របស់​វិស័យ​ទេសចរណ៍ កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​២០៣០ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​១៥​លាន​នាក់ ហើយ​ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ កម្ពុជា​ត្រូវការ​ធនធាន មនុស្ស​លើ​ជំនាញ​ទេសចរណ៍​ប្រមាណ​២​លាន​នាក់ ខណៈ​បច្ចុប្បន្ននេះ កម្ពុជា​បានធ្វើ​ការបណ្តុះ​បណ្តា​ធនធាន មនុស្ស​ក្នុង​មួយឆ្នាំ​ប្រមាណ​១៥ ម៉ឺន​នាក់ នៅតាម​សាលា​វិជ្ជាជីវៈ និង​តាម​សាលា​ចំណេះដឹង​ទូទៅ ៕

* វត្តមាន​លោក​រដ្ឋមន្ត្រី​កសិកម្ម​និង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​តំបន់​រងគ្រោះ​

​មន្ត្រី​ក្រុមការងារ​បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែសីហា ឆ្នាំ​២០១៨​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយ​លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​អភិបាលរង​ខេត្ត និង​សហការី​បាន​អញ្ជើញ​ទៅពិនិត្យ ដំណាំ​ស្រូវ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ​គ្រោះរាំងស្ងួត​នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ៕

*​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​ប្រគល់​ភារកិច្ច​ជូន​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ បានប្រគល់​ភារកិច្ច​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ នាយ​ស្តីទី​សេនាធិការ​ចម្រុះ ដើម្បី​ដឹកនាំ បញ្ជា និង​ដោះស្រាយ​រាល់​ការងារ​ប្រចាំថ្ងៃ​របស់​អគ្គបញ្ជាការ​ដ្ឋា​ន​។ នេះ​បើតាម​លិខិត​ប្រគល់​ភារកិច្ច​ចុះហត្ថលេខា​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ៕

*​អតីតមន្ត្រី​បក្សប្រឆាំង​និង​សកម្មជន​ចំនួន​១១​នាក់​សុំ​ការសន្តោស​ពីស​ម្តេច​តេ​ជោ​

​អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ចំនួន​១០​នាក់ (​សរុប​ចំនួន​១១​នាក់​) បានធ្វើ​លិខិត​សុំ​ការសន្តោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ព្រះរាជទាន​លើកលែងទោស​ដល់​ពួកខ្លួន​។ លិខិត​សុំ​អន្តរាគមន៍​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ៕

*​បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​ប្រមាណ​១៧​តោន​នៅ​ឫស្សីកែវ​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន ក្នុងផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ៕