សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨

554
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្តែង​ការគួរសម​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្នុ​យ​នី​ស្ត​ចិន ដឹកនាំ​ដោយ​លោក សុង ថាវ (SONG TOA)​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្នុ​យ​នី​ស្ត​ចិន ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងនាម​ព្រឹទ្ធសភា​និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សម្តែង នូវ​សេចក្តី​រីករាយ និង​ស្វា​គម​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេលនេះ ជាពិសេស​ចំ​ពេលដែល​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ បាន​នឹង​កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ នៃ​ទ​នាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ក​ម្ព​ជា​-​ចិន​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ពិតជា​បាន​នាំមក​នូវ​ការពង្រឹង​ពង្រីក​នូវ​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ៕

*​សម្តេច​តេ​ជោ​ជួប​កម្មករ​ជាង​មួយ​ម៉ឺន​នាក់​ព្រឹក​នេះ​

​នៅ​ព្រឹក ថ្ងៃទី ២៩ សីហា ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កូនក្មួយ​កម្មករ កម្មការិនី​ចំនួន ១៤.៧៩៩​នាក់ មកពី​រោងចក្រ សហគ្រាស​៦ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ៕

*​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​

​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អំពី​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ហើយ​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំ​ពិ​បញ្ហា​តំបន់ និង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស ៕

*​អ្នកនយោបាយ អ្នកវិភាគ សកម្មជន​ដីធ្លី និង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​សរុប​ចំនួន​១៩​នាក់ ត្រូវបាន​ដោះលែង​

​អ្នកនយោបាយ សកម្មជន​ដីធ្លី អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី រួមទាំង​សកម្មជន​ដីធ្លី ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរី​ភាពជា​បន្តបន្ទាប់ ដោយ​គិតពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ គឺមាន​ចំនួន​១៩​នាក់​ហើយ​។ ការដោះលែង​នេះ គឺ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ព្រះរាជទាន​លើកលែងទោស ៕

*​ស៊ី​ឌី​ស៊ី​សម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​លើ​គម្រោង​វិនិយោគ​តម្លៃ​ជាង​៥០០​លាន​ដុល្លារ​

​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៨​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​(CDC)​បានប្រកាស​ឲ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៥០០​លាន​ដុល្លារ​អាម៉េរិក ៕

*​តុលាការ​កំពុង​សាកសួរ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ម៉ាក​ហ្គូ​ល​ខាប់​ដែល​សមត្ថកិច្ច​អះអាងថា​ជា​ប៊ីចេង​ក្លែងក្លាយ​
​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង នៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៨​ដើម្បី​ឲ្យ​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​។​ ​ស្ត្រី​ម្ចាស់​ទីតាំង​រូបនេះ​ឈ្មោះ​សុខ វួ​ច​លីន អាយុ​៤១​ឆ្នាំ ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​ក្នុង​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ដែល​សមត្ថកិច្ច​ចោទថា​ក្លែងក្លាយ​ ៕