សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨

575
ចែករម្លែក

​ដោយ : វិបុល​/ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​: ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព និង​សព្វាវុធ​ជាប់​ជានិច្ច គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ស្តីទី​សេនាធិការ​ចម្រុះ មេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក បាន​ថ្លែង​បញ្ជាក់ថា ការត្រៀម​លក្ខណៈ​ហ្វឹកហ្វឺន​បំពេញ​សមត្ថភាព និង​សព្វាវុធ​ជាប់​ជានិច្ច គឺជា​ភារកិច្ច​ដ៏​សំខាន់​របស់​កងកម្លាំង​ប្រដាប់អាវុធ​មិន​ចាំតែ​ពេល​មាន​សង្គ្រាម ឬ​ប្រឆាំងនឹង​សត្រូវ​ប្រដាប់អាវុធ​នោះទេ​។ ដូច្នេះ​សូម​អង្គភាព​នីមួយៗ​យកចិត្តទុកដាក់​លើ​ការងារ​នេះ ក្នុងការ​បម្រើ​និង​សង្គ្រោះ ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ ការ​ថ្លែង​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​សង្គ្រោះបន្ទាន់ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក មន្ត្រីនគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ នៅ​កងពលតូច​លេខ​៧០ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ ៕

*​អគ្គនាយកដ្ឋាន​រដ្ឋបាល : មិនមាន​ការបង្កើត​ខេ​ត្ត​ថ្មី​ចំនួន​៧​បន្ថែមទៀត​ទេ​

​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​បដិសេធ​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​កំពុងតែ​សិក្សា​លទ្ធភាព ដើម្បី​បង្កើត​ខេត្ត​ថ្មី​ចំនួន​៧ បន្ថែមទៀត គឺជា​ព័​ត៍​មាន​មិន​ពិត ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​រាជរដ្ឋាភិបាល ៕

*​លោក នូ សុ​ផេ​ន សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រឿង​ជម្លោះ​នៃ​សិល្បៈ​បុរាណ​

​មកទល់​ម៉ោង​នេះ គេ​នៅតែ​កត់សម្គាល់ថា​ករណី​ល្ខោនខោល​បានក្លាយ​ជា​ប្រធានបទ​ឡើង​កំដៅ យ៉ាង​កក្រើក​តែម្ដង នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដោយមាន​ទាំង​អ្នកគាំទ្រ​ឲ្យ​មានការ​អភិរក្ស​និង​មាន​ទាំង​អ្នក​ជេរប្រទេច​លើ​ក្រុម​ដែល​គាំទ្រ​ល្ខោនខោល​ថៃ រហូត​ក្លាយជា​ការបោះ​សម្ដី​ផ្លែផ្កា​ឌឺដង​គ្នា​ដូច​ផ្ទុះ​សង្គ្រាមពាក្យសម្ដី​។ ជាមួយ​ការឡើង​កំដៅ​នេះ លោក នូ​សុ​ផេ​ន​ដែល​ត្រូវគេ​ស្គាល់​ថា បានរួម​ចំណែក​បំផុស​ល្ខោនខោល​នៅក្នុង​កម្មវិធី​របស់​ទូ​រទស្ស​ន៍​អប្សរា​នាពេល​កន្លងមក បាន​អះអាងថា​ស្ថានភាព​នេះ​បន្ត​កើតឡើង​បើ​ក្រសួង​ធំ​ពីរ​មិន​ធ្វើ​បទ​អន្តរាគមន៍ ដែល​បណ្ដាល​ឲ្យ​ទម្រង់​វប្បធម៌​ខ្វះ​ការយកចិត្ត​ដាក់ ហើយ​រហូត​ទាល់តែ​ប្រទេសជិតខាង​ត្រៀម​យកទៅ​បញ្ចូល​ក្នុង​អង្គការ​យូ​នី​ស្កូ ធ្វើជា​កម្ម​សិទ្ធ​ផ្ដាច់មុខ​ដូច​ករណី​ល្ខោនខោល ទើប​ផុសផុល​បែបនេះ ៕

*​ក្រុមហ៊ុន​ចិន​គ្រោង​ដាក់ទុន​វិនិយោគ​ប្រមាណ​១,២០០​លាន​ដុល្លារ ដើម្បី​សាងសង់​ក្រុង​ទេសចរណ៍​នៅ​ខេត្តកោះកុង​

​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេឡុ​ប​មេន​គ្រុប ខូ​អិ​ល​ធី​ឌី ខេ​ម​បូ​ឌា (UNION Development Group Co., Ltd. Cambodia) គ្រោង​នឹង​ចំណាយ​ទុន​ប្រមាណ​១,២០០​លាន​ដុល្លារ ដើម្បី​បើក​ការដ្ឋាន​សាងសង់​ក្រុង​វិស្សមកាល​ទេសចរណ៍​លើ​ទំហំ​ផ្ទៃដី​១,២០០​ហិកតា ស្ថិតនៅ​ស្រុក​គិរីសាគរ​និង​ស្រុក​បទុម​សាគរ ខេត្តកោះកុង ៕

*​ក្រុមហ៊ុន​មួយ​គ្រោង​នាំ​ស្វាយកែវ​រមៀត​ចំនួន​៥០០​តោន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​

​ក្រុមហ៊ុន កុន​ហ្វី​រ៉ែ​ល​(Confirel)​ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​ក្នុងស្រុក គ្រោង​នាំចេញ​ស្វាយកែវ​រមៀត​ប្រមាណ​៥០០​តោន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅ​ចុងឆ្នាំ​នេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​ឧកញ៉ា ហៃ លី​អ៊ាង អគ្គ​នាយ​ក្រុមហ៊ុន Confirel និង​សហគ្រាស​ផលិត​ឱសថ PPM បាន​ឲ្យ​ដឹង​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​នេះ​ថា ការនាំ​ស្វាយ​របស់​ក្រុមហ៊ុន​របស់លោក​នឹង​យកទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​បារាំង ដែល​បាន​ចុះកិច្ចសន្យា​ជាមួយគ្នា ក្នុង​ការទទួល​ស្វាយ​ពី​ប្រទេស​កម្ពុជា បន្ទាប់មក​ក្រុមហ៊ុន​នេះ នឹង​នាំយក​ស្វាយ​ទាំងនេះ ទៅ​ចែកចាយ​បន្ត​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​នៅក្នុង​តំបន់​អឺរ៉ុប​ទាំងមូល ៕

*​គម្រោង​វិនិយោគ​តម្លៃ​១១​លាន​ដុល្លារ​ទទួល​ការសម្រេច​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែលមាន​ទឹក​ប្រាប់​វិនិយោគ​១១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងា​ជាង​១.០០០​កន្លែង​។​ដោយឡែក​ក្នុង​ខែសីហា​កន្លងទៅ បានសម្រេច​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ជាង​៦០០​លាន​ដុល្លារ​៕

*​ដាច់​រ៉​ត​យោង​នៅ​សំណង់​សណ្ឋាគារ​មួយៈ​ស្លាប់​មនុស្ស​បួន​នាក់​,​របួសធ្ងន់​ម្នាក់​

​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​ដោយសារ​ដាច់​ខ្សែ​រ៉​ត​ធ្លាក់​មកក្រោម នៅ​ការដ្ឋាន​សំណង់​សណ្ឋាគារ ឌី​យ៉ា​ម៉​ង់ ក្រោ​ន​(Diamond Crown) និង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ខៀវ​កាញារីទ្ធ បានបញ្ជាក់​នៅក្នុង​គណ​នី​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅមុននេះ​បន្តិច ៕​