សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨

789
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៥ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​ព្រះមហា​ក្ស​ត្ស​បង្ហាញ​ជំនឿ​ថា ៖ រាជរដ្ឋាភិបាល​ថ្មី​នឹង​បំពេញ​តាម​គោលនយោបាយ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

​នៅក្នុង​ព្រះរាជ​សុន្ទរកថា​ថ្លែង​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​៥ ខែ កញ្ញា នេះ ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហាញ​ជំនឿ​យ៉ាង មុត មាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នឹង​បំពេញភារកិច្ច​តាម គោល នយោបាយ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែលមាន​វិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប​និង​ការអភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​​ជាតិ​ជំរុញ​ការ អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌​សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ ៕

*រដ្ឋសភា​នីតិកាល​ទី​៦​បើក​សម័យប្រជុំ​ដំបូង​នៅ​ព្រឹក​នេះ​

​រដ្ឋសភា​នីតិកាល​ទី​៦​ដែល​ប្រសូត​ចេញពី​កាល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៩​ ខែកក្កដា​កន្លងទៅនេះ​នឹង​ប្រារព្ធ​បើក​សម័យប្រជុំ​ដំបូង​របស់ខ្លួន​នៅ​​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​ ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​ នា​វិមាន​រដ្ឋសភា​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

*​គម្រោង​វិនិយោគ​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​ទទួលបាន​ការសម្រេច​

​គម្រោង​វិនិយោគ​ដែលមាន​តម្លៃ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​៥៤៥​កន្លែង​បានទទួល​ការសម្រេច​យល់ព្រម​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​កាលពី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ និង​កម្ទេចចោល​សំណល់​ក្នុងស្រុក (​រថយន្ត បរិក្ខារ​អគ្គិសនី បរិក្ខារ​អេឡិចត្រូនិក សំណល់​ឧស្សាហកម្ម និង​លោហៈធាតុ​ផ្សេងៗ​) របស់​ក្រុមហ៊ុន “MI NER VA INVESTMENT CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​នេះ ៕

*​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​របស់​កម្ពុ​ជាទ​ទួលបាន​ពានរង្វាន់​កំពូល​របស់​អាម៉េរិក​

​សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ​នៅ​ប្រទេស​កម្ពុជា បានទទួល​ពានរង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាម៉េរិក ដែលមាន​ឈ្មោះថា ប៉ាតង់​សម្រាប់​មនុស្សជាតិ (Patents for Humanity) សម្រាប់​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ឈ្មោះ អ៊ី​ឡាយ​។ អ៊ី​ឡាយ គឺជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ដែល​ជួយ​ដល់​កសិករ​កាត់បន្ថយ​គ្រាប់ពូជ ជួយ​បង្កើន​ទិន្នផល និង​កាត់បន្ថយ​កម្លាំង​ពលកម្ម​។​

​នេះ​ជា​ពានរង្វាន់​កិត្តិយស​កំពូល​របស់​កា​រិ​យា​ល័យ​ប៉ាតង់​(​ប្រកាសនីយបត្រ​តក្កក​ម្ម​) និង​ស្លាក​សញ្ញា​របស់​សហរដ្ឋ​អាមេរិក ហើយ​ដែល​ពានរង្វាន់​នេះ​នឹងត្រូវ​ផ្តល់ជូន​អ្នក​កែច្នៃ​ណា​ដែល​បាន​ប្រើប្រាស់ បច្ចេកវិទ្យា​ប្រកប ដោយ​ភាព​ច្នៃប្រឌិត​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​មនុស្សជាតិ​។ កសិកម្ម​ឈ្លាសវៃ រួម​ជាមួយនឹង​បេក្ខភាព​ចំនួន​ប្រាំបី​ផ្សេងទៀត (​ដែល​ត្រូវបាន​ជ្រើស​ចេញពី​ស្ថាប័ន​ធំៗ ចំនួន​៦៩ មកពី​ជុំវិញ​ពិភពលោក​) នឹងត្រូវ​ទៅ​ទទួល​រង្វាន់​នេះ​នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ៕

*​មន្ត្រី​ក្រសួង​សន្តិសុខ​ចិន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ជជែក​ពី​ការពង្រឹង​សន្តិសុខ​

​លោក ហូ ប៊ី​ន​ជិន (Hu Binchen) អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ក្រសួង​សន្តិសុខ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួប​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ៕

*​ជំរុញ​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ច្រមុះជ្រូក​ក្បាលថ្នល់​,​ឈានដល់​ការបើក​ការដ្ឋាន​ស្ពាន​អាកាស​ទី​៧

​នៅពេល​ខាងមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី មួយកន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាល​ថ្នល់​ជាមួយនិង​ផ្លូវ​៦០​ម៉ែត្រ ដែលជា​ចំណុចប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះមុនីវង្ស​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់​រវាង​អាណាចក្រ​ខណ្ឌមានជ័យ​និង​ខណ្ឌចំការមន ក្បែរ​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់ ៕

*​មណ្ឌល​គី​រី​មាន​ឡាន​ក្រឡាប់ : កម្មករ​មាន​ស្លាប់ មាន​របួស​១៧​នាក់​

​មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​១២​នាក់​រងរបួស​ធ្ងន់​ស្រាល ។​ដោយឡែក​បីនាក់​ផ្សេងទៀត​ជា​តៃកុង​និង​ព្រូ​បាន​រត់គេចខ្លួន​ក្រោយ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធន់​ធំ​មួយគ្រឿង​នៅ​ចំណុច​អូរ​ងើយ​ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង​ឃុំ​សែន​មនោ​រម្យ​ស្រុក​អូររាំង​កាលពី​វេលា​ម៉ោង​១២​និង​៣០​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨ ៕