សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨

880
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៧ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​គណៈរដ្ឋមន្ត្រី​នីតិកាល​ទី ៦ បើក​កិច្ចប្រជុំ​លើកដំបូង​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​លើកដំបូង នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​បាន​ចាប់ ផ្តើម​នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​តាមរយៈ​កិច្ចប្រជុំ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បានធ្វើការ​ពន្យល់​អំពី​មូលហេតុ នៃ​ការមិន​មានការ​ផ្លាស់ប្តូ​រ​រដ្ឋមន្ត្រី​ណា​ម្នាក់​នៅក្នុង​អាណត្តិ​ទី​៦​នេះ ។ សម្តេច​បាន​បរិយាយ​ថា បើ​ការធ្វើកំណែទម្រង់​ណាមួយ​ត្រឹមតែ​ការប្តូរ​មនុស្ស វា​មិន​ខុសពី​ការសម្លាប់​ខ្លួន​នោះទេ ព្រោះ​ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​ការកែទម្រង់​មិនមែន​សំដៅ​ទៅលើ​ការដោះដូរ​មនុស្ស​ទេ ប៉ុន្តែ​សំខាន់បំផុត​ខ្លឹមសារ​ការងារ និង ប្រសិទ្ធភាព​ការងារ​វិញ​ទេ ៕

*​រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រាំ​ពីរលាន​ដុល្លារ ដើម្បី​បើកប្រាក់​ឧ​ត្ថ​ម្ភ​ជូន​មន្ត្រីរាជការ​គ្រប់រូប​ចាប់ពី​ថ្នាក់ភូមិ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំនេះ​

​នៅពេល​ចាប់ផ្តើម​បើក​សម័យប្រជុំ​លើកដំបូង​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ខែតុលា ខាងមុខនេះ រាជរដ្ឋាភិបាល នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ចាប់តាំងពី​ថ្នាក់ភូមិ ដោយ​ទទួលបាន​ប្រាំ​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រហែល​ប្រាំ​ពីរលាន​ដុល្លារ​អាម៉េរិក​ ៕

*​តែងតាំង​តំណែង​អគ្គមេបញ្ជាការ​-​នាយសេនាធិការ​ចម្រុះ​-​មេបញ្ជាការ​កងទ័ពជើងគោក​

​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​អគ្គមេបញ្ជាការ នាយសេនាធិការ​ចម្រុះ និង​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​។​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្រសួងការពារជាតិ​នឹង​ប្រកាស​តែងតាំង​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ជា​នាយសេនាធិការ​ចម្រុះ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ជា​មេបញ្ជាការ​កងទ័ពជើងគោក ៕

*​តួលេខ​ផលប៉ះពាល់​និង​ជនរងគ្រោះ​ពី​ទឹកជំនន់​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទ​ន្ល​បាសាក់​

​គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ទឹកជំនន់​ទន្លេមេគង្គ និង​ទន្លេបាសាក់ បាន​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ការប៉ះពាល់​បាន​កើន​ឡើងដល់​ប្រាំបួន​ខេត្ត​រាជធានី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ សរុប​កើន​ដល់​ជាង ១០ ម៉ឺន​គ្រួសារ ,​អ្នកស្លាប់​កើន​ដល់ ៣៧ នាក់ ព្រមទាំង​លិច​ស្រូវ​សន្ទូង​ពង្រោះ សរុប​ជាង​បួន​ម៉ឺន​ហិកតា​។ ក្នុងនោះ ក៏មាន​ផ្លូវលំ​លិច​ទឹក​ជាង ១.២០០ គីឡូម៉ែត្រ ៕

*​កម្មករ​រោងចក្រ​ជាង​៥០០​នាក់​ទាមទារ​រក​ដំណោះស្រាយ​

​អតីត​កម្មករ​រោងចក្រ ជី​ម លី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ​ជាង​៥០០​នាក់ ក្នុងចំណោម​កម្មករ​ស​រុ​ប​ចំនួន​២៥០០​នាក់ ប្រមូល​ផ្តុំគ្នា នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លើ​ដង​ផ្លូវជាតិ​លេខ​៤ មុខ​អគ្គបញ្ជាការ​កងទ័ពជើងគោក ដើម្បី​ដង្ហែរ​ក្បួន​ទៅ​រដ្ឋសភា ទាមទារ​ឲ្យ​ជួយ​រក​ដំណោះ​ប​ស្រាយ ក្រោយពី​រោងចក្រ ត្រូវបាន​ចប់​កុងត្រា​ជួល​ទីតាំង នឹងត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដោយ​មិនបាន​ទូទាត់​លុយ អត្ថប្រយោជន៍​ផ្សេងៗ លុយ​បំណាច់​ឆ្នាំ ៕

*​សត្វ​ស្លាប​ស្ទើរ​គ្រប់​ប្រភេទ ត្រូវបាន​វិនាស​បន្តិច​ម្តងៗ​

​សត្វ​ស្លាប​នៅ​កម្ពុ​ជាមាន​រាប់រយ​មុខ ហើយ​សុទ្ធតែជា​មុខសញ្ញា នៃ​ការគំរាមកំហែង​ពី​មនុស្ស ចាប់​សម្លាប់​ធ្វើជា​ម្ហូប​ប្រចាំថ្ងៃ និង​របរ​លក់ដូរ​បំរើ​ទីផ្សារ​។ រាប់ទាំង​សត្វ​លលក សារិកាកែវ ។​ល​។ ដែល​បាត់បង់​រាល់ថ្ងៃ​។ ក៏ប៉ុន្តែ​សត្វ​ស្លាប​មួយចំនួនទៀត​បាន​ស្ថិត​តាមឃ្លាំមើល និង​ការពារ​ពី​អង្គការ​នានា ដើម្បី​ជួយ​កុំ​ឲ្យ​វិនាស​ផុត​ពូជ​នៅ​កម្ពុជា ហើយ​ដែល​ត្រូវ​អន្តរជាតិ​មើលឃើញថា អាច​អស់​ពូជ​នៅលើ​ពិភពលោក​ទៀតផង​ ៕