សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៨

902
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៨ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​នឹង​យាង​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​នៅ​ដើម​សប្តាហ៍​ក្រោយ​

​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ព្រះមហា ក្ស​ត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​នឹង​យាង​ចាក​ចេញពី​មាតុភូមិ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា​ដើម្បី​ពិនិត្យ ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេរ​តាប​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។ ក្នុងពេល​អវត្តមានរ​បស់​ព្រះអង្គ​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួល​ធ្វើ​កិច្ច​ការជំនួស​ព្រះអង្គ​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី ៕

 

*​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីសម្រេច​កំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​ដល់​ឧបនាយករដ្ឋមន្ត្រី​និង​ទេសរដ្ឋមន្ត្រី​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​កំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​រួមមាន​៖​ឧបនាយក រដ្ឋមន្ត្រី​ចំនួន ១០ រូប និង ទេសរដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ក​ពិសេស​ចំនួន​១៣​រូប ។ សេចក្តីសម្រេច​ក៏បាន​កំណត់​ចំនួន​ទីប្រឹក្សា​របស់​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ៗ​មាន​ទីប្រឹក្សា ៤ រូប ២ រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង ២ រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជំនួយការ ៥ រូប ក្នុងនោះ​១​រូប​ឋានៈ​ស្មើ អគ្គនាយក ២ រូប​មាន​ឋានៈ​ស្មើ អគ្គនាយករង និង ២ រូប​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​។ ចំណែក​ទេសរដ្ឋមន្ត្រី​ម្នាក់ៗ​មាន​ជំនួយការ ៥ រូប ក្នុងនោះ ២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក ១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង ២ រូប​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ៕

*​មេទ័ព​កំពូល​ចំនួន​បី​រូប​ចូលកាន់​តំណែង​ជា​ផ្លូវការ​

​មេទ័ព​កំពូល​ចំនួន​បី​រូប​របស់​កម្ពុជា​គឺ​អគ្គមេបញ្ជាការ​នាយសេនាធិកា​រ​ចម្រុះ​និង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​កាលពី​រសៀល​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨​គឺ​មួយថ្ងៃ​បន្ទាប់ពី​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ។​

​ពិធី​បំពាក់​ឋានន្តរសក្តិ និង​តែងតាំង​មុខតំណែង អគ្គមេបញ្ជាការ នាយសេនាធិការ​ចម្រុះ និង មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​កងយោធពល​ខេមរភូមិន្ទ ធ្វើឡើង​នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ៕

*​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ឆ្នាំ​២០១៨​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​៩​ខែកញ្ញា​

​ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីជូនដំណឹង​ពី​ការ ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ហៅ​បាក់​ឌុប​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៨​ថ្ងៃស្អែក​នេះ​។​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹងថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ថ្ងៃទី​២០- ២១​ខែ សីហា​ឆ្នាំ​២០១៨​កន្លងមក​នឹងត្រូវ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។​ដោយឡែក​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត ៕