ដោយ : វិបុល/ ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី១០ ខែកញ្ញា រួមមានដូចតទៅ ៖
*ព្រះមហាក្សត្រនិងសម្តេចម៉ែយាងពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៅព្រឹកនេះ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហា ក្សត្រីព្រះវររាជមាតាជាតិខ្មែរ នឹងយាងចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេស ចិននៅព្រឹកថ្ងៃទី ១០ ខែ កញ្ញាដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេរតាបតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន ។
ក្នុងពេលអវត្តមានរបស់ព្រះអង្គសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលធ្វើកិច្ចការជំនួសព្រះអង្គក្នុងនាមជាប្រមុខរដ្ឋស្តីទី ៕
*នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង
ដូចអ្វីដែលបានគ្រោងទុងនៅព្រឹកថ្ងៃចន្ទទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញានៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ានលើកទី១៥នេះប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ។ទន្ទឹមនឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ៕
*ឧត្តមសេនីយ៍ឯក ស ថេត ឡើងជាស្នងការនគរបាលរាជធានីភ្នំពេញ ជំនួស លោកជួន សុវណ្ណ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា ប្អូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡើងកាន់តំណែងស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលទៅកាន់ភារកិច្ចថ្មី គឺអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕
*សមាគមអ្នកលក់ឱសថកម្ពុជាថានឹងមានវិធានការចំពោះផលិតផលបោកប្រាស់អតិថិជន
ជាថ្មីម្តងទៀតប្រធានសមាគមឱសថកម្ពុជា បានធ្វើការព្រមានដល់ក្រុមហ៊ុនអ្នកលក់ឱសថក៏ដូចជាផលិតផលគ្រប់ប្រភេទ ដែលកំពុងដំណើរការសព្វថ្ងៃបើមានការបោកប្រាស់ឬលក់ផលិតផលប្រើមិនមានប្រសិទ្ធភាព ដល់អតិថិជននោះនឹងចាត់វិធានការផ្លូវច្បាប់ ៕
* ទេសចរអន្តរជាតិមកកម្ពុជាបាន៣,៥លាននាក់រយៈពេល៧ខែឆ្នាំ២០១៨
មន្ត្រីទេសចរប្រាប់ឲ្យដឹងកាលពីថ្ងៃថា៧ ខែកញ្ញា ឆ្នាំ២០១៨ថា កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៣លានកន្លះកើនបាន១១ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧រយៈពេលដូចគ្នា។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានផែនការស្ថិតិបានឲ្យដឹងថា បើនិយាយពីទីផ្សារទេសចរណ៍ធំៗទាំង១០ ដែលមកកម្សាន្តនៅកម្ពុជាមានការកើនឡើង គឺមានតែចិនបានជាង១លាននាក់កើន៧០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា។ បារាំងកើនបាន១ភាគរយ និងម៉ាឡេស៊ីក៏កើនឡើងដែរ។ ក្រៅពីនេះគឺសុទ្ធតែមានការថយចុះខុសប្លែកពីបណ្តាឆ្នាំមុនៗ ៕
* លោកកឹមសុខាត្រូវបានដោះលែងឱ្យនៅក្រៅឃុំ
លោកកឹមសុខាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ហើយបានចេញពីពន្ធនាគារដល់ផ្ទះកាលពីទាបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។លោកគី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា បានចេញដីកាបង្គាប់ទៅប្រធានមណ្ឌលអប់រំកែប្រែទី៣ ឲ្យដោះលែងលោកកឹម សុខា អាយុ៦៤ឆ្នាំ ៕